ដឹងអត់! នៅខេត្តកំពត មាន​តំបន់ទេសចរណ៍មួយ ដែលភ្ញៀវ​អាច​ទស្សនា​ក្រុងកំពត ដងព្រែកទឹកឈូ និង​ថ្ងៃលិចគងភ្នំកំចាយ

  • 2024-03-07 09:07:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ភ្នំស" គឺជាតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌មួយដែលអាចប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានទៅកម្សាន្ត និងទៅគោរពបូជាតាមបែបសាសនា។ ភ្នំនេះអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកកម្សាន្តក្នុងខេត្តកំពតបន្ថែមទៀត និងឱ្យភ្ញៀវទេសចរទស្សនាទិដ្ឋភាពក្រុងកំពត ដងព្រែកទឹកឈូ និងមើលថ្ងៃលិចគងភ្នំកំចាយផងដែរ។ ក្រោយរៀបចំរួច តំបន់នេះនឹងផ្តល់ការងារមួយចំនួនដល់ប្រជាពលរដ្ឋ។

លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានឱ្យដឹងថា ភ្នំស គឺជាកន្លែងទេសចរវប្បធម៌មួយដែលមានទីតាំងស្ថិតក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ហើយក៏ជាទីតាំងសម្រាប់ធ្វើពិធីសាសនារបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ។ លោកអភិបាលស្រុកបានបន្តថា អាជ្ញាធរស្រុកនឹងរៀបចំកែប្រែតំបន់ភ្នំសឱ្យទៅជាតំបន់ទេសចរណ៍ថ្មីមួយទៀតក្នុងស្រុក ដែលអ្វីត្រូវរៀបចំនោះគឺហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូចជាការរៀបចំឱ្យមានសេវាកម្មផ្សេងៗ ដើម្បីឱ្យភ្ញៀវទេសចរអាចប្រណិបត្តិពិធីសាសនាផង ទស្សនាទិដ្ឋភាពក្រុងកំពត ដងព្រែកទឹកឈូ និងមើលថ្ងៃលិចគងភ្នំកំចាយដ៏ស្រស់ស្អាតផងដែរ។

លោកអភិបាលស្រុកបានបន្ថែមទៀតថា ក្រោយពីរៀបចំតំបន់ ភ្នំស ឱ្យទៅជាតំបន់ទេសចរណ៍ថ្មីមួយសម្រាប់ខេត្តកំពត ក៏ដូចជាស្រុកទឹកឈូ ហើយការបង្កើតឱ្យមានតំបន់ទេសចរណ៍ថ្មីនេះនឹងធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ។ ម្យ៉ាងទៀត ក្រោយកែប្រែតំបន់ ភ្នំស នេះឱ្យទៅជាកន្លែងកម្សាន្តគឺអាចបង្កើតការងារ និងផ្តល់ការងារជូនដល់ប្រជាពលរដ្ឋនៅតំបន់នោះដែរ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមការងារនៃរដ្ឋបាលស្រុកទឹកឈូ បានចុះពិនិត្យដល់ទីតាំងភ្នំស ដែលជំហានដំបូង លោកអភិបាលបានណែនាំឱ្យរៀបចំកាប់ឆ្ការព្រៃ រៀបជណ្តើរឥដ្ឋ ធ្វើផ្លូវឡើងទៅភ្នំ និងរៀបចំផ្លូវកង់ជិះតាមជើងភ្នំសម្រាប់មើលទេសភាព និងហាត់ប្រាណ ព្រមទាំងមើលទេសភាពវាលស្រែនារដូវវស្សា។ គួរបញ្ជាក់ផងដែរថា ភ្នំស នេះ គឺជាទីតាំងអំណោយផលពីធម្មជាតិ ព្រមទាំងជាទីកន្លែងសក្ការៈបូជា(លោកតាឃ្លាំងមឿង) សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរគោរពបូជាផងដែរ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត

អត្ថបទ៖ សំភី