ត្រៀមកន្លែងថតរូបថ្មី! អាជ្ញាធរខេត្តកំពត ចាប់ផ្តើមសាងសង់ប្រាសាទលោកយាយម៉ៅលើកំពូលភ្នំទ្វារ ឡានម៉ូតូក៏អាចបើកឡើងដល់ដែរ
- 2024-04-19 02:20:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមកន្លែងថតរូបថ្មី! អាជ្ញាធរខេត្តកំពត ចាប់ផ្តើមសាងសង់ប្រាសាទលោកយាយម៉ៅលើកំពូលភ្នំទ្វារ ឡានម៉ូតូក៏អាចបើកឡើងដល់ដែរ
ចន្លោះមិនឃើញ
អាជ្ញាធរខេត្តកំពតបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ប្រាសាទលោកយាយម៉ៅ នៅលើកំពូលភ្នំទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត (ទល់មុខអាស្រមចាស់)។ ពិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ និងលោក ញូ៉វ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត។
ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ឱ្យដឹងថា នាពេលកន្លងមក ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលបានធ្វើដំណើរមកលេង ឬឆ្លងកាត់ខេត្តកំពត តែងតែឈប់ និងចូលទៅអាស្រមបារមីលោកយាយម៉ៅ ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុវត្ថិភាពតាមផ្លូវ ហើយដោយសារតែទីតាំងអាស្រមនៅខាងឆ្វេងដៃ តម្រូវឱ្យពលរដ្ឋ និងភ្ញៀវទេសចរ ត្រូវនាំគ្នាធ្វើដំណើរឆ្លងផ្លូវ ដែលអាចបង្កឱ្យមានការកកស្ទះ ឬមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ។ ដើម្បីបញ្ចៀសបញ្ហាដែលអាចកើតមានឡើងទាំងនេះ ទើបអាជ្ញាធរខេត្តមានគំនិតផ្តួចផ្តើមសាងសង់ប្រាសាទថ្មីជូនលោកយាយម៉ៅនៅលើកំពូលភ្នំទ្វារវិញ។
លោកអភិបាលបានឱ្យដឹងដែរថា នៅក្នុងគម្រោងនៃការសាងសង់ប្រាសាទថ្មីនេះ គឺមានស្ថាបនាផ្លូវឡើងសម្រាប់រថយន្ត និងផ្លូវជណ្តើរកាច់សម្រាប់ពលរដ្ឋ និងភ្ញៀវទេសចរអាចធ្វើដំណើរដោយថ្មើរជើងឡើងទៅលើប្រាសាទ ដែលមានទីតាំងចំពីមុខភ្នំ ដោយរៀបជាថ្នាក់ៗសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋលក់គ្រឿងសក្ការបូជា រៀបចំណតរថយន្តទាំងផ្នែកខាងក្រោម និងខាងលើភ្នំ រៀបចំសាងសង់បន្ទប់ទឹក និងបំពាក់ភ្លើងបំភ្លឺផ្លូវ ក៏ដូចជាភ្លើងលម្អប្រាសាទលោកយាយម៉ៅផងដែរ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ការសាងសង់ប្រាសាទលោកយាយម៉ៅនៅលើកំពូលភ្នំ ក្នុងគោលបំណងដើម្បីលើកកម្ពស់ដល់ជំនឿសាសនាផង និងដើម្បីទាក់ទាញភ្ញៀវទេសចរផង ព្រោះពីទីតាំងប្រាសាទលោកយាយម៉ៅនៅលើភ្នំទ្វារនេះ អាចឱ្យយើងមើលឃើញវាលស្រែចំការ ភូមិឋានពលរដ្ឋ និងជួរភ្នំនានានៅក្នុងខេត្តកំពត។ ដូច្នេះប្រាសាទលោកយាយម៉ៅ មិនត្រឹមតែជាទីកន្លែងសម្រាប់គោរពបូរជា និងបួងសួងសុំសេចក្តីសុខប៉ុណ្ណោះទេ គឺថែមទាំងអាចក្លាយទៅជាតំបន់ទេសចរណ៍សាសនាមួយរបស់ខេត្តផងដែរ។ សូមបញ្ជាក់ផងដែរថា ចំពោះថវិកាដែលសាងសង់ប្រាសាទលោកយាយម៉ៅនេះ គឺលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ជាអ្នកជួយឧត្ថម្ភទាំងស្រុង៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត