ហេតុអ្វីប្រទេសថៃ មិនមានប្រេនរថយន្តផ្ទាល់ខ្លួន?

  • 2024-08-06 03:39:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃ សម្បូរទៅដោយ​រោងចក្រ​ផលិត និងដំឡើងរថយន្ត​យ៉ាងច្រើន ហើយ​ក៏ជាទីផ្សាររថយន្ត​ដ៏ធំមួយនៅតំបន់អាស៊ានផងដែរ ប៉ុន្តែរោងចក្រទាំងនោះគឺសុទ្ធតែជារបស់​បរទេសទាំងអស់ ពោលគឺ​មិនមាន​ប្រេន​រថយន្តផ្ទាល់ខ្លួននោះទេ ដោយខុសពីកម្ពុជា មានប្រេនរថយន្ត GTV ទើបបង្កើតថ្មី និងវៀតណាម មាន​ប្រេន VinFast ហើយម៉ាឡេស៊ី មាន​ប្រេន Proton និង Perodua ជាដើម។

មូលហេតុដែល​ថៃ​មិនមានប្រេនរថយន្តផ្ទាល់ខ្លួន គឺអាចបណ្តាល​មកពីកត្តាមួយចំនួនដូចខាងក្រោមនេះ៖

  • ទំហំ​ទីផ្សារ​ក្នុងស្រុក៖ បើទោះបីជា​ទីផ្សារ​រថយន្តថៃ មានទំហំធំនៅក្នុងតំបន់ក៏ដោយ តែបើប្រៀបធៀប​ជាមួយទីផ្សារ​រថយន្តប្រទេសមួយចំនួនទៀត ដូចជា ចិន អាមេរិក ឬ ជប៉ុន គឺ​ទីផ្សារថៃ នៅតែតូច។ ហេតុនេះ ប្រសិន​បើ​មានការវិនិយោគបង្កើត​ប្រេនរថយន្តផ្ទាល់ខ្លួនក្នុងស្រុក គឺ​មានហានិភ័យ​ដែល​ពិបាកដល់ការលក់ចេញ និង​មិនអាចបង្កើត​ប្រាក់ចំណេញ​បានឡើយ។

  • ការគ្របដណ្តប់​របស់​ប្រេនបរទេស៖ ក្រុមហ៊ុនរថយន្តបរទេស​ធំៗជាច្រើន មានវត្តមាន​វិនិយោគ​ក្នុងប្រទេស​ថៃ ជាយូរមកហើយ និងរឹងមាំ​ទាំងការផលិត និងបណ្តាញចែកចាយ ជាពិសេស​គឺ​ក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនចិនដែល​កំពុងចូលមកថ្មីៗនេះទៀត មិនងាយ​ធ្វើឱ្យប្រេនរថយន្តថ្មី​ក្នុងស្រុក អាចប្រកួតប្រជែងបានឡើយ។

  • កង្វះខាតធនធានមនុស្ស៖ ក្នុងឧស្សាហកម្មរថយន្ត តម្រូវឱ្យមានជំនាញខ្ពស់ដូចជា វិស្វកម្ម, អ្នករចនា និងជំនាញផលិត។ ដូច្នេះ ប្រទេសថៃ ទំនង​ជាខ្វះធនធានទាំងនេះ។

  • បច្ចេកវិទ្យានៅមានកម្រិត៖ បច្ចេកវិទ្យា​ដែល​ប្រើប្រាស់​ក្នុងការផលិត និងអភិវឌ្ឍ​រថយន្ត គឺស្មុគស្មាញ និងប្រែប្រួលជានិច្ច។ ការអភិវឌ្ឍបច្ចេកវិទ្យាទាំងនេះ តម្រូវឱ្យមានការចំណាយវិនិយោគ និងពេលវេលាជាច្រើន ដែល​ជាឧបសគ្គ​ដ៏សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុនរថយន្តថ្មីៗ ខណៈក្រុមហ៊ុនល្បីៗក្នុងពិភពលោក មានបទពិសោធន៍ និង​អភិវឌ្ឍ​បច្ចេកវិទ្យារបស់ខ្លួនជាប់ជាប្រចាំ​អស់​រថយៈពេលជាច្រើនឆ្នាំមកហើយ៕

ប្រភព៖ Sanook   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី