ឥណ្ឌា គ្រោងបញ្ជូនខ្លារខិន Royal Bengal ៦ក្បាល ទៅកម្ពុជា ហើយនឹងត្រូវប្រលែងនៅឧទ្យានជាតិមួយ
- 2025-04-28 02:31:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌា គ្រោងបញ្ជូនខ្លារខិន Royal Bengal ៦ក្បាល ទៅកម្ពុជា ហើយនឹងត្រូវប្រលែងនៅឧទ្យានជាតិមួយ
ចន្លោះមិនឃើញ
ប្រទេសឥណ្ឌាបានប្រកាសផែនការបញ្ជូនខ្លារខិន Royal Bengal ចំនួន៦ក្បាល (ឈ្មោល២ និងញី៤) ទៅកាន់ប្រទេសកម្ពុជា ដែលគ្រោងនឹងអនុវត្តបន្ទាប់ពីរដូវវស្សាឆ្នាំ២០២៥។ គម្រោងនេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីស្តារពូជខ្លារខិននៅកម្ពុជា ដែលត្រូវបានប្រកាសថាផុតពូជតាំងពីឆ្នាំ២០០៧។
យោងតាមសេចក្តីរាយការណ៍ពី The New Indian Express អាជ្ញាធរជាតិអភិរក្សខ្លា (NTCA) និងវិទ្យាស្ថានសត្វព្រៃឥណ្ឌា (WII) បានធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាអស់រយៈពេល៤ឆ្នាំ ដើម្បីរៀបចំឧទ្យានជាតិភ្នំក្រវ៉ាញ (Cardamom National Park) សម្រាប់ទទួលខ្លារខិន។ ឧទ្យាននេះស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ហើយត្រូវបានជ្រើសរើសដោយសារមានដង់ស៊ីតេសត្វព្រៃ ដែលជាចំណីខ្លារខិន គ្រប់គ្រាន់សម្រាប់ទ្រទ្រង់ការរស់នៅរបស់ខ្លា។
មុននឹងបញ្ជូនខ្លារខិនទៅកាន់កម្ពុជា ឥណ្ឌាចង់ធានាថាមានចំណីគ្រប់គ្រាន់ និងគ្មានហានិភ័យនៃការបរបាញ់ខុសច្បាប់។ ខ្លារខិននឹងត្រូវបំពាក់ឧបករណ៍តាមដាន ដើម្បីធានាសុវត្ថិភាពទាំងសត្វ និងសហគមន៍ជុំវិញ។ លើសពីនេះ ស្ថានីយ៍ឧទ្យានុរក្សចំនួន ១៦កន្លែងត្រូវបានបង្កើតឡើង ដោយមានប្រព័ន្ធការពារទំនើប និងក្រុមអ្នកតាមដានជាក់លាក់។ អង្គការ Global Conservation បានរាយការណ៍ថា ដង់ស៊ីតេសត្វព្រៃនៅឧទ្យានជាតិភ្នំក្រវ៉ាញ អាចទ្រទ្រង់ខ្លារខិនយ៉ាងហោចណាស់៤ក្បាល។
កម្ពុជា និងឥណ្ឌាបានចុះអនុស្សរណៈយោគយល់ (MoU) ក្នុងឆ្នាំ២០២៣ ដើម្បីជួយសម្រួលដល់ការនាំចូលខ្លារខិន។ មន្ត្រីជាន់ខ្ពស់មួយរូបមកពី NTCA បាននិយាយថា “យើងរីករាយដែលឃើញថា ខ្លារខិនរបស់យើងនឹងអាចរស់នៅ និងបន្តពូជនៅកម្ពុជាឡើងវិញ”។
ប្រសិនបើគម្រោងនេះដំណើរការដោយរលូន ក្រសួងបរិស្ថានកម្ពុជាមានផែនការនាំចូលខ្លារខិនបន្ថែមទៀតក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ការស្តារពូជខ្លារខិនមិនត្រឹមតែជួយលើកកម្ពស់ជីវចម្រុះប៉ុណ្ណោះទេ ថែមទាំងនឹងជួយជំរុញវិស័យទេសចរណ៍ និងសមតុល្យបរិស្ថាននៅកម្ពុជាផងដែរ៕