ឱ្យតែថ្ងៃបុណ្យទាន ខេត្តកំពតតែងតែស្ទះនៅម្តុំស្ពានព្រែកកំពង់បាយ! តែឥឡូវមានដំណឹងល្អហើយ

  • 2024-08-21 02:16:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរខេត្តកំពត​ គ្រោង​សាងសង់​ស្ពានព្រែកកំពង់បាយមួយទៀត ដើម្បី​សម្រួលការកកស្ទះចរាចរណ៍ ខណៈ​បច្ចុប្បន្ន​មានតែស្ពានមួយប៉ុណ្ណោះ ដែលតែងតែមានការកកស្ទះ​ខ្លាំងរាល់ពេលមានបុណ្យទានម្តងៗ។

ថ្លែងក្នុងកិច្ចប្រជុំមួយ​កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោយពីមានការអភិវឌ្ឍលើវិស័យទេសចរណ៍ ហើយរដ្ឋបាលខេត្តបានបង្កើតឡើងនូវសមិទ្ធផលទេសចណ៍ជាច្រើនមានដូចជា ឆ្នេរខ្សាច់កម្សាន្ត សួនកម្សាន្ត និងរូបត្រីសេះសមុទ្របាញ់ទឹក បានធ្វើឱ្យកំណើនភ្ញៀវទេសចរបានមកលេងកម្សាន្តច្រើននៅក្នុងខេត្ត។

បើតាមឯកឧត្តម ម៉ៅ ធនិន ដោយសារកំណើនភ្ញៀវទេសចរមកលេងច្រើន បានធ្វើឱ្យមានការកកស្ទះចរាចរណ៍នៅរៀងរាល់ថ្ងៃចុងសប្តាហ៍ ក៏ដូចជាថ្ងៃឈប់សម្រាកបុណ្យជាតិនានា ដោយសារខេត្តមានស្ពានឆ្លងព្រែកកំពង់បាយតែមួយ ហើយស្ពានចាស់ (ស្ពានឥន្ទធនូ) មានសភាពទ្រុឌទ្រោមមិនអាចឱ្យរថយន្តឆ្លងកាត់បាន ដូច្នេះយើងត្រូវការសាងសង់ស្ពានថ្មីមួយបន្ថែមទៀតដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរ។

ឯកឧត្តមអភិបាលខេត្តបានរំលេចថា ចំពោះស្ពានដែលសាងសង់ថ្មីនេះ គឺមិនត្រឹមតែបម្រើឱ្យការធ្វើចរាចរណ៍មួយមុខប៉ុណ្ណោះទេ គឺនឹងរៀបចំឱ្យមានផលប្រយោជន៍ពហុវិស័យ ហើយស្ពាននេះនឹងប្រើប្រាស់នូវរចនាបទរបស់ខ្មែរ ដើម្បីឱ្យមានភាពទាក់ទាញ ក្នុងន័យស្រូបទាញភ្ញៀវទេសចរបន្ថែមទៀត៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត

អត្ថបទ៖ សំភី

អត្ថបទពេញនិយម