កម្ពុជា នឹងប្តឹងទៅ ICJ ចំពោះ ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និង មុំបី

  • 2025-06-05 06:39:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ, ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ – រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ខ្លួននឹងមិនដាក់បញ្ចូលបញ្ហាជម្លោះព្រំដែននៅតំបន់ចំនួនបួន ដែលរួមមាន តាមឿនធំ តាមឿនតូច តាក្របី និងតំបន់មុំបី (ត្រីកោណមរកត) ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (Joint Boundary Commission - JBC) ដែលនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា នៅទីក្រុងភ្នំពេញ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីកម្ពុជាបានប្តេជ្ញាដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ (ICJ) ដើម្បីដោះស្រាយជម្លោះទាំងនេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរាយការណ៍ដោយសារព័ត៌មាន Khmer Times កម្ពុជានៅតែគាំទ្រការចរចាជាមួយថៃតាមរយៈយន្តការនៃគណៈកម្មការព្រំដែនរួម (JBC)។ ទោះជាយ៉ាងណា ដោយសារតែបញ្ហាទាំងបួននេះត្រូវបានស្នើទៅ ICJ ដើម្បីស្វែងរកការសម្រេចចិត្តច្បាស់លាស់ កម្ពុជាបានសម្រេចមិនលើកយកបញ្ហាទាំងនេះមកពិភាក្សានៅក្នុងកិច្ចប្រជុំ JBC នាពេលខាងមុខនេះទេ។

នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ក្នុងកិច្ចប្រជុំរួមគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភាកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ថា កម្ពុជាសង្ឃឹមថាភាគីថៃនឹងយល់ព្រមរួមគ្នាដាក់បញ្ហាទាំងនេះទៅ ICJ ដើម្បីទប់ស្កាត់ការប៉ះទង្គិចប្រដាប់អាវុធនៅពេលអនាគត។ សម្តេចបានបន្តថា ទោះបីថៃមិនយល់ស្របក៏ដោយ កម្ពុជានឹងនៅតែបន្តដំណើរការដាក់ពាក្យបណ្តឹងទៅ ICJ ដើម្បីបញ្ចប់ជម្លោះនេះជាស្ថាពរ៕

អត្ថបទ ៖ Nich