សហព័ន្ធប៊ីយ៉ា៖ កម្ពុជាអាចនឹងមានសក្ដានុពលខ្លាំងវិញ្ញាសាថ្មី HEYBALL ខណៈថៃចាប់ផ្ដើមសាកល្បងបណ្ដើរៗត្រៀមបញ្ជូននៅស៊ីហ្គេម
- 2024-08-23 04:03:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធប៊ីយ៉ា៖ កម្ពុជាអាចនឹងមានសក្ដានុពលខ្លាំងវិញ្ញាសាថ្មី HEYBALL ខណៈថៃចាប់ផ្ដើមសាកល្បងបណ្ដើរៗត្រៀមបញ្ជូននៅស៊ីហ្គេម
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធប៊ីយ៉ាកម្ពុជា ថាវិញ្ញាសាថ្មីមួយទៀតគឺ HEYBALL នឹងត្រូវដាក់បញ្ចូលគ្រប់កម្រិតនៃការប្រកួតស្របពេលកម្ពុជាមានធនធានសំបូរបទពិសោធច្រើន ខណៈពេលនេះប្រទេសថៃចាប់អារម្មណ៍ផ្ដើមរៀបចំការប្រកួតបណ្ដើរៗត្រៀមបញ្ចូលក្នុងស៊ីហ្គេមទៀតផង។
លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធខាងលើបានឲ្យដឹងថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិនឹងបញ្ចូលវិញ្ញាសាថ្មី HEYBALL បន្ថែមពីលើវិញ្ញាសា Snooker Pool ការ៉ុម ប្រកួតនៅគ្រប់កម្រិតមិនថា អាស៊ី ពិភពលោក នៅពេលខាងមុខនេះ។
ចំណែកប្រទេសថៃរៀបចំការប្រកួតវិញ្ញាសា HEYBALL ជាបណ្ដើរៗផងដែរដើម្បីសាកល្បង និងត្រៀមបញ្ចូលវិញ្ញាសានេះក្នុងស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ខាងមុខនេះ។ ប្រទេសថៃបានអញ្ជើញកម្ពុជាឲ្យទៅចូលរួមការប្រកួត HEYBALL ផងដែរនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ។
អគ្គលេខាធិការខាងលើតបទៅនិងការអញ្ជើញសហព័ន្ធនឹងបញ្ជូនកីឡាករ ៣រូបទៅប្រកួតប្រជែងលើវិញ្ញាសាថ្មីនេះ។ វិញ្ញាសាថ្មីនេះសម្រាប់កម្ពុជានឹងអាចលេចធ្លោ ព្រោះកីឡាករកម្ពុជាប៉ុន្មានរូបដែលនឹងទៅថៃលើកនេះសុទ្ធតែមានបទពិសោធច្រើនពាក់ព័ន្ធនិងវិញ្ញាសា HEYBALL ស្របពេលក្នុងតំបន់ប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ។
បញ្ជាក់ដែរថា លោក លោក ម៉ារ៉ា សុជាតិ លោកស្រី អេង អ៊ីតា ប្រតិភូ ប្រតិភូរង និងកីឡាករ ៣រូបរួមមាន លោក ដួង ប៊ុនធឿន លោក ម៉ែន សុផានិត លោក នាង សុខមនោ នឹងត្រូវចូលរួមប្រកួតកម្មវិធី 2024 HEYBALL INTERNATIONAL OPEN THAILAND STOP នៅប្រទេសថៃ លើវិញ្ញាសា HEYBALL ចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ ១ ខែកញ្ញា ឆ្នាំ២០២៤។ សហព័ន្ធថ្លែងអំណរគុណហាង NT SPORTS ផងដែរដែលបានឧបត្ថម្ភអាវចូលរួមការប្រកួតនៅប្រទេសថៃនេះ៕