ក្រុមហ៊ុនរថយន្តអឺរ៉ុបដ៏ល្បីមួយ ដែលពីមុនថានឹង​ផលិតតែ EV នោះ ឥឡូវប្តូរចិត្តវិញហើយ

  • 2024-09-05 04:31:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនរថយន្ត Volvo របស់ប្រទេសស៊ុយអែត​ ដែល ៣ឆ្នាំមុនប្រកាសថា នឹងផលិតរថយន្តអគ្គិសនីសុទ្ធ នៅឆ្នាំ២០៣០ ឥឡូវនេះបាន​ផ្លាស់ប្តូរចិត្តវិញហើយ ពោលគឺ​នឹងផលិតរថយន្តអគ្គិសនីលាយនឹង​រថយន្ត Hybrid។

ការប្រកាស​ផ្លាស់ប្តូរគោលដៅនេះ ខណៈដែល Volvo បានមើលឃើញ​ថា​ ទីផ្សាររថយន្តអគ្គិសនីកំពុងមានការយឺតយ៉ាវ ហើយស្ថិតក្នុង​ភាព​មិនប្រាកដប្រជានាពេលអនាគត និងជាពិសេសក្រោយពេល​ការដំឡើង​ពន្ធគយ​លើ​ EV របស់ចិន។ Volvo បានកត់សម្គាល់ថា មូលហេតុដ៏ធំដែលរាំងស្ទះដល់ EV គឺកង្វះខាតនូវស្ថានីយបញ្ចូលថាមពល ដែលមិនទាន់អាចឆ្លើយតប​តាមតម្រូវការរបស់អ្នកប្រើប្រាស់បានឡើយ។

គួរដឹងដែរថា មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនធំៗជាច្រើន សុទ្ធតែបានបង្ហាញការស្ទាក់ស្ទើរចិត្តក្នុងការជំរុញ​ការផលិតរថយន្តអគ្គិសនីនាពេលអនាគត រួមមានដូចជា Toyota, Hyundai, GM, Ford និងVolvo នេះតែម្តង។

ក្រុមហ៊ុន Volvo រំពឹងថា​ នៅត្រឹមឆ្នាំ​២០៣០ យ៉ាងហោចណាស់ ៩០% នៃរថយន្តរបស់ខ្លួន នឹងជារថយន្តអគ្គិសនី និងរថយន្ត Plug-in Hybrid ហើយសល់ប៉ុន្មានភាគរយទៀត នឹងជា រថយន្ត Mild Hybrid៕

អត្ថបទ៖ សំភី