​កូរ៉េ​ខាង​ជើង​គ្រោងដាក់ប្រទេសមួយជាសត្រូវចម្បងក្នុងរដ្ឋធម្មនុញ្ញ​

  • 2024-09-16 12:11:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សភា​កូរ៉េ​ខាង​ជើង​នឹង​គ្រោង​ជួបប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី៧ ខែ​តុលា ដើម្បី​ពិភាក្សា​លើ​កិច្ចការពាក់ព័ន្ធ​នឹង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ប្រទេស​នេះ​នៅ​ក្នុង​ថ្ងៃ​ច័ន្ទ​នេះ។

សភា​ជាន់​ខ្ពស់​ប្រជាជន​កូរ៉េ​ខាង​ជើង​ជួបប្រជុំ​ចុង​ក្រោយ​កាល​ពី​ខែ​មករា​កន្លង​ទៅ។ នៅ​ក្នុង​កិច្ចប្រជុំ​សភា​នោះ​ដែរ លោក​ គីម ជុងអ៊ុន ដែល​ជា​មេដឹកនាំ​ជាន់ខ្ពស់​របស់​កូរ៉េ​ខាង​ជើង​បាន​អំពាវនាវ​ឱ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​ដាក់​បញ្ជាក់​ច្បាស់ៗ​ថា កូរ៉េ​ខាង​ត្បូង​​ជា «សត្រូវ​ចម្បង»។

បន្ថែម​ពី​នេះ​ទៅ​ទៀត នៅ​ក្នុង​កិច្ចប្រជុំ​សភា​កាល​ពី​ដើម​ឆ្នាំ​២០២៤នេះ លោក គីម ជុងអ៊ុន បាន​បន្ត​ថា ការ​រួបរួម​គ្នា​រវាង​កូរ៉េ​ទាំង​ពីរ​នឹង​មិន​អាច​ទៅ​រួច​ឡើយ។

ក្រៅ​ពី​រឿង​កែ​ប្រែ​ពាក្យ​ពេចន៍​បន្តិចបន្តួច​នៅ​រដ្ឋធម្មនុញ្ញ សភា​កូរ៉េ​ខាង​ជើង​នឹង​ពិភាក្សា​លើ​ច្បាប់​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ធុនស្រាល និងការត្រួតពិនិត្យ​គុណភាព​ផលិតកម្ម។

សូមជម្រាបផងដែរ សភា​កូរ៉េ​ខាង​ជើង​កម្រ​ជួប​គ្នា​ញឹកញាប់​ណាស់ ដោយ​កិច្ចប្រជុំ​ភាគ​ច្រើន​គឺ​អនុម័ត​លើ​សេចក្ដីសម្រេច​ចិត្ត​នានា​របស់​គណបក្សពលករ​កូរ៉េ​ ដែល​ជា​គណបក្ស​កាន់​អំណាចនៅ​កូរ៉េ​ខាង​ជើង៕

ប្រភព៖ Reuters   អត្ថបទ៖ សេរី មង្គល