ការបំភ្លឺនាពេលរាត្រី៖ អគារ The Elysee ប្រែពណ៌ផ្កាឈូកជាសារក្រើនរំឮកអំពីជម្ងឺមហារីកសុដន់!

  • 2024-10-25 07:30:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីគាំទ្រដល់ខែនៃការយល់ដឹងអំពីជំងឺមហារីកសុដន់ អគារ "The Elysee" ដែលស្ថិតនៅក្នុងទីក្រុងភ្នំពេញ នឹងមានការបំភ្លឺភ្លើងពណ៌ផ្កាឈូកគ្របដណ្តប់ពាសពេញអគារទាំងមូលនៅពេលល្ងាចរយៈពេល 2ថ្ងៃជាប់គ្នា ដើម្បីជាសារក្រើនរំឮកអំពីហានិភ័យនៃជម្ងឺមហារីកសុដន់ ការការពារ និងការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា។ ព្រឹត្តិការណ៍នេះផងដែរ ក៏ត្រូវបានធ្វើឡើងដើម្បីលើកទឹកចិត្តទៅដល់អ្នកជម្ងឺមហារីកសុដន់ទាំងឡាយដែលកំពុងតស៊ូប្រឆាំងនឹងជម្ងឺដ៏សាហាវនេះ។

ព្រឹត្តិការណ៍បំភ្លឺភ្លើងពណ៌ផ្កាឈូកនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃសុក្រ ទី25 ខែតុលា និង ថ្ងៃសៅរ៍ ទី26 ខែតុលា ចាប់ពីវេលាម៉ោង 6:00នាទីល្ងាច ដល់ពាក់់កណ្តាលយប់។ អគារទាំងមូលនឹងគ្របដណ្តប់ទៅដោយពន្លឺភ្លើងពណ៌ផ្កាឈូកដែលជា និមិត្តសញ្ញានៃសាមគ្គីភាព និងការរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់ ព្រមទាំងជាការផ្តល់កម្លាំងចិត្តដល់អ្នកជម្ងឺរាប់លានអ្នកទូទាំងពិភពលោក។

ជម្ងឺមហារីកសុដន់នេះ អាចប៉ះពាល់ទៅដល់មនុស្សគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាន ប៉ុន្តែស្ត្រីដែលមានវ័យលើសពី 40 ឆ្នាំឡើងទៅមានអត្រាហានិភ័យខ្ពស់បំផុត ខណៈដែលហ្សែនជាកត្តាមួយ របៀបរស់នៅប្រចាំថ្ងៃ និងបរិស្ថានជុំវិញខ្លួនក៏ជាកត្តារួមចំណែកបង្ករអោយមានជម្ងឺនេះផងដែរ។

ការ​រក​ឃើញនៃជម្ងឺ​មហារីក​សុដន់​ទាន់​ពេល​គឺ​ពិតជាកត្តាសំខាន់​មិនគួរមើលរំលង ព្រោះ​វា​ជួយ​បង្កើន​ឱកាសខ្ពស់​ក្នុង​ការ​ព្យាបាល​ជម្ងឺនេះដោយ​ជោគជ័យ​។ ការតាមដានសុខភាព រាងកាយ និងធ្វើរោគវិនិច្ឆ័យជាប្រចាំ និងការយល់ដឹងអំពីរោគសញ្ញាព្រមានជាមុន ជាជំហ៊ានដ៏ជោគជ័យក្នុងការកម្ចាត់ជម្ងឺមហារីក។

ព្រឹត្តិការណ៍នេះមិនមែនត្រឹមតែជាទស្សនីយ៍ភាពធម្មតានោះទេ ប៉ុន្តែវាទាមទារអោយមានការសហការគ្នាផ្សព្វផ្សាយអោយបានទូលំទូលាយអំពីហានិភ័យដ៏កាចសាហាវនៃជម្ងឺមហារីក។ មិនថាអ្នកធ្លាប់ជួបប្រទះវាដោយខ្លួនឯង ឬគ្រាន់តែចង់បង្ហាញពីការគាំទ្រនោះទេ វត្តមានរបស់អ្នកអាចពិតជាអាចជួយផ្សព្វផ្សាយនូវសារដ៏សំខាន់មួយនេះ "រកឃើញសញ្ញាព្រមានកាន់តែឆាប់ អត្រាកម្ចាត់ជម្ងឺមហារីកកាន់តែខ្ពស់"។

ចូលរួមទាំងអស់គ្នានៅអគារ The Eylsee តាមកាលបរិច្ឆេទដែលបានរៀបរាប់ខាងលើ ដើម្បីក្លាយជាចំណែកមួយដ៏ធំ និងសំខាន់លើសពីការបំភ្លឺភ្លើងពណ៌ តែជាព្រឹត្តិការណ៍ពួតដៃសហការគ្នាលើកកម្ពស់លើការយល់ដឹងអំពីជំងឺមហារីកសុដន់ ផ្តល់កិត្តិយសដល់អ្នករស់រានមានជីវិត ផ្តល់កម្លាំងចិត្តដល់អ្នកដែលកំពុងតស៊ូប្រយុទ្ធនឹងជម្ងឺនេះ និងជំរុញសកម្មភាពឆ្ពោះទៅរកការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា ដែលធានាផ្តល់់លទ្ធផលគាប់ប្រសើរដល់មនុស្សគ្រប់រូប៕

អត្ថបទថ្មី