“បណ្ដាសា” បទថ្មីរបស់ កេសរ ស្តាប់ភ្លាមទឹកភ្នែកស្រក់ច្រាវ ចំពោះស្រ្តីភាគច្រើនធ្លាប់ឆ្លងកាត់រឿងនេះ

  • 2024-10-28 03:52:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុអ្វីស្រីអីធ្វើចរិកដូចប្រុសអីចឹង! ស្លៀកពាក់បែបនេះ មនុស្សប្រុសលូកប៉ះអីចឹងសមហើយ…ធាត់អីចឹង តែងខ្លួនមិនមើលប្រាណ ប្តីវាយវាសមហើយ ចរិកមិនសមជាប្រពន្ធ។ ធ្វើម៉េចប្រពៃណីមនុស្សស្រីត្រូវអីចឹង! ពាក្យពេចន៍រទាំងអស់នេះ បានធ្វើឲ្យស្រ្តីដែលជាជនរងគ្រោះមិនទទួលបានយុត្តិធម៌ពីការធ្វើបាបហើយ ហើយថែមទាំងត្រូវមនុស្សជុំវិញខ្លួនសើចចំអកទៀត។ តើនេះជាបណ្តាសាស្រ្តីឬ?

បទ “បណ្តាសា” ដែលជាស្នាដៃនិពន្ធថ្មី និងច្រៀងចេញពីបេះដូងរបស់កេសរ បានសរសេរឡើង ដើម្បីឲ្យស្រ្តីទាំងអស់រឹងមាំឈប់បន្ទោសខ្លួនឯង ហ៊ានក្រោកឈរសម្រាប់ខ្លួនឯង តតាំងនឹងមនុស្សដែលសើចចំអក យកជនរងគ្រោះជាមនុស្សលេងសើច។

កេសរ បានប្រាប់ពីអារម្មណ៍របស់ខ្លួនចំពោះបទចម្រៀងថ្មីមួយបទនេះថា “តើត្រូវកើតជាមនុស្សស្រីត្រូវតែទ្រាំនៅពេល គេជិះជាន់ ឬយ៉ាងណា?” ហើយនេះជាវាសនារបស់យើងជាមនុស្សស្រីដែលជារឿងធម្មតាឲ្យគេជិះជាន់បែបនេះ? ដូច្នេះខ្ញុំគិតថាជនរងគ្រោះជាច្រើនព្រមទទួលយករឿងរ៉ាវទាំងនេះ ទាំងគ្មានសិទ្ធ និងកម្លាំងតតាំង។ ដូច្នេះខ្ញុំចង់ឲ្យបទចម្រៀងមួយបទនេះរបស់ខ្ញុំក្លាយជាបទតំណាងមួយសម្រាប់មនុស្សស្រី ឲ្យហ៊ានក្រោកឈរ តតាំងនូវសំណើច សង្គម ដែលជាបណ្តាសារបស់មនុស្សស្រី។

កេសរក៏បានសង្កត់ធ្ងន់ថា គ្រប់ពេលដែលមនុស្សស្រីមានបញ្ហា ត្រូវចាំថាគាត់មិននៅតែឯងនោះទេ។ តាមរយ:បទនេះ ជាសញ្ញាបញ្ចាក់ថាមនុស្សស្រីជាច្រើនគឺឆ្លងកាត់ដូចនាក់ នៅជាមួយនាក់ផ្តល់កម្លាំងចិត្តនាក់ និងដើរចេញពីបណ្តាសា ទាំងនេះ។

សម្រាប់វីដេអូបទចម្រៀងនេះក៏ផលិតយ៉ាងពិសេសផងដែរ ដោយបានអញ្ចើញស្រ្តីក្នុងវិស័យផ្សេងៗគ្នា ដោយប្រើជំនាញរបស់ខ្លួន បញ្ចេញមតិ ក្រោកឈរតតាំង និងបណ្តាសា ហើយការហ៊ាននិយាយនេះគឺជាការបង្ហាញពី ភាពខ្លាំងក្លារបស់មនុស្សស្រី និង លើកកំពស់ថាមពលស្រ្តី។ ចំនុចពិសេសនោះគឺ ការបណ្តែតបណ្តោយអោយ សកម្មភាពអវិវជ្ជមានបែបនេះកើតឡើងមាននៅលើស្រ្តី វាក្លាយទៅជាទម្លាប់អាក្រក់ដែលមនុស្សគិតថាធម្មតា ប៉ុន្តែ វាជាបណ្តាសា ពិតៗនៅក្នុងជិវិតស្រី្ត។

សូមបញ្ចាក់ថា នេះមិនមែនជាបទចម្រៀងដំបូងនោះទេ ដែលកេសរ បានសរសេរ និង ផលិតបទចម្រៀងទាក់ទង ទៅនឹងសិទ្ធរបស់ស្រ្តី និង ហ៊ានលើកឡើងពីបញ្ហាស្រ្តីយកមកនិយាយនៅក្នុងអត្ថន័យចម្រៀងរបស់នាង។ កន្លងមក តារាចម្រៀងស្រី រូបនេះ ក៏បានសរសេរចម្រៀងដែលនិយាយពីជីវិតពុះពាររបស់មនុស្សស្រីដូចជាបទ ស្រ្តី, លាមួយសែនមួលានដង ជាដើម។ សម្រាប់គម្រោងនាថ្ងៃអនាគត កេសរ ក៏បេ្តជ្ញានៅក្នុងចិត្តថា នឹងយកជំនាញសិល្ប: របស់ខ្លួនដើម្បីលើកកម្ពស់ និង លើកតម្លៃដល់ស្រ្តីហ៊ានទម្លុះរណាំងសង្គម ដើម្បី ហ៊ាននិយាយពីបញ្ហារបស់ខ្លួនឯង៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី