នេះជា «តម្ពក់រនាស់» មានតែក្មេងៗស្រុកស្រែជនបទជំនាន់៩០ជាងទេបានស្គាល់!
- 2024-11-18 03:43:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជា «តម្ពក់រនាស់» មានតែក្មេងៗស្រុកស្រែជនបទជំនាន់៩០ជាងទេបានស្គាល់!
ចន្លោះមិនឃើញ
តម្ពក់រនាស់ ធ្វើពីឫស្សីឬឈើ មានដងប្រវែងប្រហែលមួយម៉ែត្រ ហើយមានចុងរាងខុប ក្ងិក ឬខ្វេរទៅម្ខាង ។ នៅតាមជនបទនានា ពេលគេរាស់ដីស្រែឲ្យបែកម៉ត់ល្អ និងកៀរយកកម្ទេចកម្ទីស្មៅផ្សេងៗចេញឲ្យស្អាតផង គឺគេកាន់តម្ពក់នេះ ដើម្បីថ្ពក់លើករនាស់បត់នៅតាមមុមឬកែងនីមួយៗនៃស្រែ ដូច្នោះហើយទើបគេហៅឧបករណ៍នេះថា «តម្ពក់រនាស់»។
ជាមួយគ្នានោះ ក្រៅពីប្រើសម្រាប់ថ្ពក់លើករនាស់ គឺគេក៏ប្រើសម្រាប់គោះឬចាក់តិចៗទៅលើគោឲ្យវាដើរទៅមុខផងហើយគេក៏អាចប្រើការបានផ្សេងៗទៀតខ្លះដែរ ដូចជាក្មេងៗឃ្វាលគោកាលពីជំនាន់មុនៗ នៅតាមជនបទនានាបានយកតម្ពក់នេះ ជាល្បែងលេងកម្សាន្តផងដែរ ដោយខ្លះកាន់តម្ពក់រនាស់រៀងៗខ្លួនសម្រាប់ជន្ល ឬកៀស ឬមួយកៀងគោ ឲ្យដើរចូលហ្វូងឬត្រូវតាមជួរតាមគន្លង កុំឲ្យវាចេញបែកគ្នាប្រសេចប្រសាចខុសរបៀបរបបជាដើម។ ក្មេងឃ្វាលគោខ្លះទៀតប្រើតម្ពក់រនាស់ដើម្បីពុនកញ្ចប់បាយនិងដបទឹក (បើពីមុនគឺបាយសំណុំនិងទឹកបំពង់) សម្រាប់ទទួលទានពេលទៅឃ្វាលគោនៅទីឆ្ងាយៗពីភូមិ។
ក្មេងៗឃ្វាលគោនៅតាមវាលខ្លះដែលមានគ្នាច្រើន ក្រោយពីលែងសត្វគោឲ្យវាស៊ីស្មៅរៀងៗខ្លួនហើយ គេតែងនាំគ្នាលេងល្បែងកម្សាន្តផ្សេងៗកែអផ្សុក ក្នុងនោះមានល្បែងម្យ៉ាងគេហៅថា «វាយកូនគោល» ឬអ្នកស្រុកខ្លះទៀតហៅថា «វាយកូនប្រដំ» ដែលបច្ចុប្បន្នគេសង្កេតឃើញថាល្បែងនេះ ស្រដៀងនឹងប្រភេទកីឡាម្យ៉ាង ឈ្មោះថា «ហុកគី» ដែរ ។
ឧបករណ៍តម្ពក់រនាស់ ដែលហាក់ដូចជារបស់ម្យ៉ាងនៅជាប់នឹងជីវិតក្មេងគង្វាល ឬអ្នកស្រុកជនបទប្រកបការងារធ្វើស្រែ។ ឧបករណ៍នេះពុំមែនមាននៅត្រឹមតែក្នុងសម័យបច្ចុប្បន្នដូចបានរៀបរាប់មកពីខាងលើប៉ុណ្ណោះទេ គឺសូម្បីតែក្នុងរូបចម្លាក់នៅតាមប្រាសាទបុរាណខ្មែរ ក៏ឃើញមានបង្ហាញពីអ្នកឃ្វាលគោកាន់តម្ពក់រនាស់នៅនឹងដៃរៀងៗខ្លួនដូច្នេះដែរ ។ មានចម្លាក់បុរាណនៅច្រើនកន្លែងដែលគេបង្ហាញរូបអ្នកឃ្វាលគោកាន់តម្ពក់រនាស់នេះ ហើយបើយកតែចម្លាក់នៅអង្គរវត្តមួយមកពិនិត្យត្រួសៗ ក៏គង់នឹងឃើញមានមួយចំនួនដែរ ។
សរុបសេចក្តីមក តម្ពក់រនាស់ ពិតមែនតែជារបស់សាមញ្ញនៃអ្នកប្រកបការងារធ្វើស្រែ ហើយដែលយើងមើលមួយភ្លែតទៅ មិនគួរជាទីចាប់អារម្មណ៍អ្វីទេ។ ប៉ុន្តែបើតាមដានទៅ យើងឃើញថា វាជាប្រភេទឧបករណ៍ម្យ៉ាង ដែលមានមកក្នុងសង្គមខ្មែរយូរយារវែងឆ្ងាយ ហើយហាក់ដូចជាវត្ថុបញ្ជាក់អត្តសញ្ញាណនៃអ្នកឃ្វាលគោទៀតផង ៕
ប្រភពអត្ថបទ៖ សៀវភៅ យសោធរ