កោះសាមសិប តំបន់ទេសចរណ៍ធម្មជាតិ ដ៏គួរឱ្យចាប់អារម្មណ៍​ សម្រាប់អ្នកចង់បោះតង់ គេងមើលផ្កាយ

  • 2024-12-24 02:10:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះសាមសិប ជាសមាគមន៍ទេសចរណ៍ ដែលមានចម្ងាយ ៩៥គីឡូម៉ែត្រ ពីខេត្តក្រចេះ។ សមាគមន៍ទេសចរណ៍នេះ បង្កើតឡើងដោយសារតែមើលឃើញពីសក្តានុពលរបស់ សហគមន៍ព្រៃឈើ និង សហគមន៍នេសាទខ្សាច់លាវ កោះខ្ញែរ និង ពន្ធដា។

សហគមន៍នេះ សំបូរទៅដោយព្រៃឈើជាច្រើនប្រភេទ ដូចជាព្រៃរបោះ និងពាក់កណ្តាលស្រោង ដែលជាជម្រកសត្វព្រៃដ៍សំខាន់ដូចជា សត្វខ្ទីង ប្រើស ជ្រូកព្រៃ ក្ងោក ត្មាតត្រយ៉ងចំកំកស និងសម្បូរទៅដោយសត្វស្លាបរាប់រយប្រភេទ និងត្រីដ៏សម្បូរបែប។ ចំណែកក្នុងដែនសហគមន៍នេសាទទាំងបីវិញ សំបូរដោយអន្លង់ទឹកជ្រៅ ទឹកជួរ សំបូរកោះ នឹងព្រៃលិចទឹកដែលជាជម្រកត្រីពងកូនដ៏សំខាន់។

ជារួមក្នុងក្នុងតំបន់នេះសំបូរ ទៅដោយធនធានធម្មជាតិដូចជា ព្រៃឈើ ទន្លេ ព្រែក អូរ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទដែលរស់នៅក្នុងទន្លេមេគង្គ។ ចំណែកឯធនធានវប្បធម៌វិញមានដូចជា ពិធីបុណ្យចូលឆ្នាំ ពិធីសែនព្រេន ឡើងអ្នកតា ភ្លេងបុរាណ មន្តអាគម និងអាពាហ៍ពិពាហ៍ជាដើម និងប្រពៃណីជនជានដើមភាគតិច។ ក្រៅពីនេះប្រជាជនក្នុងតំបន់នេះមានវប្បធម៌ដ៏ល្អ គឺការចេះជួយគ្នាទៅវិញទៅមក រួសរាយរាក់ទាក់ភ្ញៀវ។

ទេសចរអាចជិះទូកមើលសត្វស្លាបច្រើនប្រភេទ បោះតង់នៅលើកោះដែលរៀបចំដោយប្រធានសហគមន៍ មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេរ និងពិសារអាហារដែលរៀបចំដោយប្រជាសហគមន៍ និងមានផ្ទះស្នាក់សហគមន៍ផងដែរ៕

ប្រភព ៖ រដ្ឋបាលខេត្តក្រចេះ

អត្ថបទ ៖ គីម ណារ៉ាក់

អត្ថបទថ្មី