អង់គ្លេស ចង់ក្លាយប្រទេសមហាអំណាច ឈានមុខគេ លំដាប់ទី១ លើវិស័យបច្ចេកវិទ្យា AI
- 2025-01-13 04:15:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង់គ្លេស ចង់ក្លាយប្រទេសមហាអំណាច ឈានមុខគេ លំដាប់ទី១ លើវិស័យបច្ចេកវិទ្យា AI
ចន្លោះមិនឃើញ
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បានអះអាងថា លោកចង់ឃើញអង់គ្លេស ក្លាយជាប្រទេសឈានមុខគេលំដាប់ទី១ ក្នុងវិស័យបច្ចេកវិទ្យា បញ្ញា សប្បនិម្មិត (AI)។ ពាក់ព័ន្ធនឹងការដាក់គោលដៅក្លាយជាប្រទេសកំពូល ក្នុងវិស័យ AI លោកនាយករដ្ឋមន្រ្តី អង់គ្លេស បានសន្យាធានាថា នឹងបង្កើត តំបន់ពិសេស សម្រាប់មណ្ឌលរក្សាទិន្នន័យ ក៏ដូចជាជម្រូញលើកទឹកចិត្ត សិស្ស-និស្សិត ឱ្យងាកមកសិក្សាជំនាញពាក់ព័ន្ធ វិស័យបច្ចេកវិទ្យា។
លោក Keir Starmer បានលើកឡើងថា លោកចង់ដាក់ AI ជាវិស័យអទិភាព សម្រាប់ការរីកចម្រើននៃ សេដ្ឋកិច្ចរបស់អង់គ្លេស ខណៈដែលរដ្ឋាភិបាល រំពឹងថា នឹងអាចបង្កើនផលិតភាពការងារ បាន ១,៥ ភាគរយ ជារៀងរាល់ឆ្នាំ ហើយអាចសន្សំសំចៃថវិកា បាន ប្រមាណ ៥៧ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១០ឆ្នាំ ទៅមុខ។ ដើម្បីអាចសម្រេចទៅតាមផែនការ បាន រដ្ឋាភិបាលអង់គ្លេស នឹងផ្តល់ភាពងាយស្រួល ទៅដល់គ្រប់មជ្ឍដ្ឋាន ក្នុងការសាងសង់ មណ្ឌលរក្សាទិន្នន័យ (Data Centre) ដោយការស្នើសុំលិខិតអនុញ្ញាត នឹងមិនពិបាកនោះទេ ។ តំបន់សំខាន់ៗ ដែលជាមុខព្រួញ ក្នុងការសាងសង់ មានដូចជា Culham និង Oxfordshire ដែលជាទីតាំង រដ្ឋករថាមពល នុយក្លេអ៊ែរ របស់អង់គ្លេស។
“គម្រោងរបស់យើង នឹងធ្វើឱ្យ អង់គ្លេស ក្លាយជាប្រទេសឈានមុខគេ លំដាប់លេខ១ ក្នុងវិស័យ AI” នេះបើតាមការអះអាងរបស់ នាយករដ្ឋមន្រ្តី Starmer។ លោក បន្តទៀតថា “នេះមានន័យថា នឹងបង្កើនការងារ និង ការវិនិយោគ មកក្នុងប្រទេសអង់គ្លេស ហើយ ប្រជាជននឹងទទួលបានប្រាក់កាន់តែច្រើន ចូលក្នុងហោប៉ៅ របស់ពួកគេ”។
ប្រទេសនានា នៅលើពិភពលោក កំពុងប្រកួតប្រជែងគ្នា ដើម្បីប្រែក្លាយប្រទេសរបស់ពួកគេ ជាមជ្ឍមណ្ឌល AI ដោយបានបន្ធូរបន្ថយច្បាប់ រឹតត្បិតមួយចំនួនលើវិស័យ បច្ចេកវិទ្យា។ នាពេលបច្ចុប្បន្ន អង់គ្លេស ជាប្រទេស លំដាប់ទី ៣ នៅលើពិភពលោក ដែលមានទីផ្សារធំលើ វិស័យ AI ខណៈដែល សហរដ្ឋអាមេរិក និង ចិន ជាប្រទេសឈានមុខគេ៕