តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ បើកសម្ពោធជាផ្លូវការ និងជំរុញសន្ទុះសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៥
- 2025-01-13 14:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ បើកសម្ពោធជាផ្លូវការ និងជំរុញសន្ទុះសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៥
ចន្លោះមិនឃើញ
អាយ អេស អាយ គ្រុប (ISI GROUP) ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសសម្ពោធបើកដំណើរការជាផ្លូវការនៃតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដែលជាតំបន់អភិវឌ្ឍន៍ថ្មីក្រោមកិច្ចសហការរវាងដៃគូវិនិយោគសំខាន់ៗ អភិវឌ្ឍន៍លើផ្ទៃដីទំហំជាង ៨០០ ហិចតា នៅក្នុងក្រុង ព្រះសីហនុ។ ពិធី សម្ពោធនេះបានប្រព្រឹត្តទៅនៅអគារការិយាល័យ ISI TOWER ដែលជាទីស្នាក់ការកណ្តាលរបស់ ISI GROUP ស្ថិតនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។
(ពិធីសម្ពោធបើកដំណើរការជាផ្លូវការតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ រូបភាពពីឆ្វេងទៅស្តាំ លោក កាំង សេន អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន FUXIN លោក កាំង ឡេង អគ្គនាយកប្រតិបត្តិ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ឯកឧត្តម ជា វុទ្ធី លោក CHANG Wen-Chu អគ្គនាយករងនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ) នេះជាព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបមួយនៃការចាប់ផ្តើមប្រតិបត្តិការរបស់តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាង ២០០ នាក់ ក្រោមអធិបតីភាពរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក កាំង ឡេង អគ្គនាយកប្រតិបត្តិនៃ ISI GROUP ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលសំខាន់ៗ ក៏ដូចជាសហគមន៍ធុរកិច្ចជាតិ និងអន្តរជាតិផ្សេងៗទៀតផងដែរ។ តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ គឺជាតំបន់សេដ្ឋកិច្ចពិសេសដំបូងគេដែលមានទីតាំងតាមបណ្ដោយផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងមានរយៈចម្ងាយត្រឹមតែ ៣០ នាទីពីកំពង់ ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ និងរយៈចម្ងាយត្រឹមតែ ១ ម៉ោង ៣០ នាទីពីរាជធានីភ្នំពេញ។ ទីតាំងយុទ្ធសាស្ត្រនេះធានាបាននូវការតភ្ជាប់យ៉ាងល្អឥតខ្ចោះសម្រាប់សហគ្រាសដែលផ្តោតលើការនាំចេញ ធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ក្លាយជាច្រកចេញចូលដ៏សំខាន់មួយសម្រាប់ទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក។
នៅក្នុងសុន្ទរកថារបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្តែងការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាជាគ្រួសារមួយក្នុងការបង្កើតប្រទេសកម្ពុជាសហសម័យ ហើយការអភិវឌ្ឍន៍គម្រោងនេះ រួមជាចំនែកមួយយ៉ាងសំខាន់នៃសមិទ្ធផលដ៏ធំធេងនេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញការប្តេជ្ញាក្នុងការគាំទ្ររាល់គំនិតផ្តួចផ្តើមនៃការរួមចំណែកអភិវឌ្ឍន៍ជាពិសេសនៅក្រុងព្រះសីហនុ ដោយលោកជឿថាក្រុងព្រះសីហនុដើរតួជាក្បាលម៉ាស៊ីនសំខាន់នៃសេដ្ឋកិច្ចជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានបន្ថែមទៀតថា៖ «ខ្ញុំសង្ឃឹមថាតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងចាប់ផ្តើមបង្កើតនូវផលិតផល សម្រេចសម្រាប់នាំចេញទៅក្រៅប្រទេស» លោកក៏បានបង្ហើបពីការរំពឹងទុករបស់លោកសម្រាប់តំបន់សេដ្ឋកិច្ចនេះថានឹងអាចមានលទ្ធភាពបង្កើតចង្វាក់ផលិតកម្ម តាំងពីដើមរហូតដល់ ផលិតផលសម្រេច និង អាចនាំចេញទៅក្រៅប្រទេសផ្ទាល់តែម្តង ដោយកត្តាទាំងនេះបង្ហាញពីការអភិវឌ្ឍជាតិដ៏ពិតប្រកដមួយ។
លោក កាំង ឡេង បានលើកឡើងក្នុងសុន្ទរកថារបស់លោកថា៖ «បន្ទាប់ពីភាពជោគជ័យរបស់តំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង និងសួនឧស្សាហកម្មទំនើប ISI PARK ផ្លូវជាតិលេខ ២ ISI GROUP បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តលើកកម្ពស់វិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ជាមួយការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដោយបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់ និងការអនុវត្តកិច្ចសហការថ្មី។ គោលដៅរបស់យើង គឺការសាងសង់ និងដឹកនាំដោយភាពច្នៃប្រឌិតឈានមុខគេ និងការបង្កើតឧស្សាហកម្មចម្រុះដ៏រស់រវើកសម្រាប់ភាពរីកចម្រើនទៅដល់វិស័យផ្សេងៗ និងសហគមន៍ជុំវិញ»។
ឯកឧត្តម ជា វុទ្ធី បានសម្តែងការគាំទ្រលើគម្រោងថ្មីទាំងស្រុង ដោយការបង្ហាញពីក្តីសោមនស្សរីករាយរបស់លោកមកលើតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីការអភិវឌ្ឍខេត្តព្រះសីហនុ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល។ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់របស់ខេត្តព្រះសីហនុ ដែលជាតំបន់ប៉ូលសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល ហើយរាជរដ្ឋាភិបាលតែងចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជា។ ការជ្រោមជ្រែងពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានេះ មិនត្រឹមតែបានបង្កើតក្របខ័ណ្ឌចាំបាច់សម្រាប់សម្រួលដល់កិច្ចសហការថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបរិយាកាសទាក់ទាញដល់ការវិនិយោគក្នុងស្រុក និងអន្តរជាតិផងដែរ។
តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ អភិវឌ្ឍន៍លើផ្ទៃដីទំហំជាង ៨០០ ហិចតា ដោយដំណាក់កាលដំបូងបានកំពុងអភិវឌ្ឍន៍លើផ្ទៃដីជាង ២០០ ហិកតា និងផ្តល់សក្តានុពលលើសពីតំបន់ឧស្សាហកម្មធម្មតា។ តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ មានទីតាំងអំណោយផលបំផុតភ្ជាប់នឹងផ្លូវទឹកធម្មជាតិដ៏ស្រស់បំព្រង។ ISI GROUP បាន យកចិត្តទុកដាក់លើគម្រោងនេះជាខ្លាំង ដោយ បាន សហការជាមួយ វិទ្យាស្ថានជំនាញរចនាពីប្រទេសអូស្ត្រាលី ក្នុងរចនាប្លង់មេនេះ ដើម្បីបង្កើតជាសួនឧស្សាហកម្ម-អេកូឡូស៊ីដែលអាចរស់នៅបាន។ ការរចនា ដ៏ពិសេសនេះ រួមបញ្ចូលគ្នាទាំងផ្នែកឧស្សាហកម្ម និងទីតាំងសហគមន៍មានមុខងារសំខាន់ៗដូចជា៖ ការិយាល័យច្រកចេញចូលតែមួយ អន្តេវាសិកដ្ឋាននយោជិត ប្រព័ន្ធចម្រោះទឹកស្អាត កន្លែងប្រព្រឹត្តិកម្មកែប្រែទឹកកខ្វក់ ស្ថានីយ៍ថាមពលអគ្គិសនី សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងរចនាសម្ព័ន្ធផ្សេងៗទៀត ។
ក្នុងពិធីសម្ពោធបើកដំណើរការនៃតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ក៏បានទាក់ទាញអ្នកវិនិយោទុនអន្តរជាតិ ដែលបានបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំងលើទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ អំឡុងពេលចុះទស្សនៈកិច្ចនៅទីស្នាក់ការកណ្តាលរបស់ ISI GROUP និងតំបន់អភិវឌ្ឍន៍ជុំវិញ ដើម្បីយល់ដឹងកាន់តែស៊ីជម្រៅអំពីសក្តានុពលនៃការវិនិយោគក្នុងប្រទេសកម្ពុជា និងអត្ថប្រយោជន៍ដែលផ្តល់ដោយគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយនេះ។ ជាមួយបទពិសោធនៅលើទីផ្សារជាង ២៥ ឆ្នាំ ISI GROUP បានពង្រឹងខ្លួនជាអ្នកដឹកនាំដ៏ គួរឱ្យទុកចិត្តបំផុតខាងផ្នែកអភិវឌ្ឍន៍វិស័យសួនឧស្សាហកម្មចម្រុះ។ ដោយផ្អែកលើភាពជោគជ័យនៃសួនឧស្សាហកម្មចំនួនពីរ គឺតំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង ដែលឥឡូវនេះជាទីតាំងសហគមន៍ដ៏រីកចម្រើនមួយ រួមមានជាង ១០០ សហគ្រាសកំពុង ដំណើរការ ហើយបានបង្កើតប្រតិបត្តិការហិរញ្ញវត្ថុ ១ពាន់លានដុល្លារ និងការងារចំនួនជាង ១០,០០០ កន្លែង និងសួនឧស្សហកម្ម ISI PARK ផ្លូវជាតិលេខ ២ដែលតភ្ជាប់ទៅកាន់ផ្លូវក្រវ៉ាត់ក្រុងសំខាន់ៗ និង មានទីតាំងត្រឹមតែ ១៥ នាទីពីអាកាសយានដ្ឋានអន្តរជាតិតេជោ។ ISI GROUP ត្រៀមនឹងបន្តពង្រីកការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដោយពង្រឹង លើការរចនាហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទំនើបថ្មីៗ ស្របតាមស្តង់ដារអន្តរជាតិ។
ISI GROUP ប្តេជ្ញាក្នុងការកសាងតំបន់សេដ្ឋកិច្ចពិសេសនេះប្រកបដោយភាពច្នៃប្រឌិត ដោយធានាឱ្យមានតុល្យភាពនៃការអភិវឌ្ឍវិស័យឧស្សាហកម្ម និងជំរុញការវិនិយោគ ប្រកប ដោយនិរន្តរភាព ក្នុងគោលបំណងដើម្បីបង្កើនសេដ្ឋកិច្ចក្នុងស្រុកបន្ថែមទៀត។ ពិធីសម្ពោធបើកដំណើរការជាផ្លូវការនៃតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ជាសក្ខីភាព នៃកិច្ចខិតខំប្រឹងប្រែងរបស់ ISI GROUP ក្នុងដំណើរការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា៕