មូលនិធិព្រីនស៍ បានរៀបចំកម្មវិធីសម្ភាសន៍ ជ្រើសរើសនិស្សិតពូកែ ដែលមានជីវភាពខ្វះខាត សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៤
- 2025-03-06 08:30:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលនិធិព្រីនស៍ បានរៀបចំកម្មវិធីសម្ភាសន៍ ជ្រើសរើសនិស្សិតពូកែ ដែលមានជីវភាពខ្វះខាត សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៤
ចន្លោះមិនឃើញ
រាជធានីភ្នំពេញ, ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ – មូលនិធិព្រីនស៍ដែលជាអង្គការសប្បុរសធម៌របស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានរៀបចំកម្មវិធីសម្ភាសន៍ជ្រើសរើសនិស្សិតសម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៤ ដែលជាជំនាន់ចុងក្រោយ និងជាជំហានមួយទៀតនៃការប្តេជ្ញាចិត្តរបស់មូលនិធិព្រីនស៍ផ្ទាល់ក្នុងការគាំទ្រយុវជនកម្ពុជាតាមរយៈវិស័យអប់រំ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក្នុងបំណងផ្តល់ជាជំនួយផ្នែកហិរញ្ញវត្ថុទៅដល់និស្សិតដែលខ្វះខាតអោយមានឱកាសបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅមហាវិទ្យាល័យក្នុងរាធានីភ្នំពេញ។
កម្មវិធីនេះបានរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលនឹងមានការប្រមូលផ្តុំបេក្ខជនមានសមត្ថភាពមកពីទូទាំងប្រទេសកម្ពុជាចូលរួមការសម្ភាសន៍ដែលទាក់ទងនឹងប្រធានបទដូចជា៖ ទស្សនៈផ្ទាល់ខ្លួន សមត្ថភាពដោះស្រាយបញ្ហា និងការវាយតម្លៃភាពជាអ្នកដឹកនាំ ដើម្បីធានាថាបេក្ខជននីមួយៗ ដែលបានជ្រើសរើសពិតជាមានសមត្ថភាព ស័ក្តិសមនឹងទទួលបានអាហារូបករណ៍បំផុត។ ក្រៅពីនេះ យើងក៏មានសេចក្តីសោមនស្សដែលនិស្សិតអាហារូបករណ៍ចេនហ្ស៊ី ជំនាន់ទី១ ទី២ និងទី៣ បានចូលរួមធ្វើជាយុវជនស្ម័គ្រចិត្តក្នុងការជួយសម្របសម្រួលកម្មវិធី បូករួមនឹងការចែករំលែកពីបទពិសោធផ្ទាល់ខ្លួនដល់បេក្ខជនប្រកួតប្រជែងផងដែរ។
នៅក្នុងឆ្នាំនេះ មានបេក្ខជនប្រមាណជាង ២៥០០នាក់ បានធ្វើការប្រកួតប្រជែងគ្នាក្នុងការដណ្តើមយកជ័យលាភីដើម្បីក្លាយជានិស្សិតអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៤ ដែលមូលនិធិព្រីននឹងជ្រើសរើសបេក្ខជនជ័យលាភីចំនួន ១០០នាក់ប៉ុណ្ណោះក្នុងការទទួលបានការផ្គត់ផ្គង់ថ្លៃសិក្សា៤ឆ្នាំពេញ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីបណ្តុះបណ្តាល និងការចុះកម្មសិក្សា ព្រមទាំងឱកាសការងារនៅក្នុង ក្រុមហ៊ុន ព្រីនស៍ គ្រុប។ ដំណើរការនៃការជ្រើសរើសនេះគឺ ដើម្បីធានាតម្លាភាព និងភាពពិតប្រាកដថា បេក្ខជនដែលបានជ្រើសរើសពិតជាមានសមត្ថភាព មានភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
លើសពីនេះទៅទៀត កម្មវិធីនេះបានទទួលការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា៖ “កម្មវិធីអាហារូបករណ៍នេះបង្ហាញយ៉ាងជាក់ច្បាស់អំពី ការគាំទ្រមកលើវិស័យឯកជនក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា”។ លោកក៏បានបន្តទៀតថា៖ “ការប្ដេជ្ញាចិត្តរបស់ អ្នកឧកញ៉ា ចេន ហ្ស៊ី ព្រមទាំងមូលនិធិព្រីនស៍ នៅក្នុងវិស័យអប់រំ ពិតជាគួរអោយកោតសរសើរ និងជាគំរូដ៏ប្រពៃដល់សាធារណជនដទៃទៀត ខ្ញុំសង្ឃឹមថានឹងមានកិច្ចសហការកាន់តែច្រើនទៀតទៅថ្ងៃអនាគតជាមួយមូលនិធិព្រីនស៍ នៅក្នុងវិស័យអប់រំនៅកម្ពុជាយើងនេះ”។
លោក Gabriel Tan ប្រធានមូលនិធិព្រីនស៍ បានមានប្រសាសន៍បន្ថែមថា “ខ្ញុំពិតជាមានមោទនភាពណាស់ចំពោះបេក្ខជនទាំងអស់។ ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា បានបង្ហាញអោយខ្ញុំឃើញ និងមានទំនុកចិត្តលើសមត្ថភាពរបស់ពួកគេក្នុងការរួមចំណែកយ៉ាងមានអត្ថន័យដល់អនាគតរបស់ប្រទេសកម្ពុជា”។ នៅពេលដែលវគ្កសម្ភាសន៍ចុងក្រោយត្រូវបានបញ្ចប់ យើងនឹងចាប់ផ្តើមដំណើរការជ្រើសរើសបេក្ខជនដែលស័ក្តិសមនឹងក្លាយជានិស្សិតអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៤។ ចំពោះបេក្ខជនជ័យលាភីនឹងត្រូវបានប្រកាសនៅពាក់កណ្តាលខែមីនាខាងមុខនេះ។
សម្រាប់ព័ត៌មានបន្ថែមអំពីអាហារូបករណ៍ ចេន ហ្ស៊ី និងតាមដានការខិតខំប្រឹងប្រែងរបស់មូលនិធិ ព្រីនស៍ក្នុងវិស័យអប់រំ និងការអភិវឌ្ឍន៍សហគមន៍ សូមចូលទៅកាន់ www.princefoundation.com.។
អំពីអាហារូបករណ៍ ចេន ហ្ស៊ី
កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី គឺជាកម្មវិធីអាហារូបករណ៍ប្រចាំឆ្នាំដែលដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា (ដើម្បីគាំទ្រដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ។
ចាប់តាំងពីការចាប់ផ្តើមរហូតមកដល់បច្ជុប្បន្ន អាហារូបករណ៍ ចេន ហ្ស៊ី បានផ្តល់ឱកាសសម្រាប់ដល់និស្សិតកម្ពុជាជាច្រើននាក់ ដោយគាំទ្រអោយពួកគេបន្តនូវក្តីស្រមៃក្នុងការបន្តការសិក្សា និងរួមចំណែកយ៉ាងមានអត្ថន័យដល់វឌ្ឍនភាពរបស់ប្រទេសកម្ពុជា។
អំពី មូលនិធិព្រីនស៍៖
អំពី មូលនិធិព្រីនស៍៖
មូលនិធិព្រីនស៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា។ ក្នុងនាមជា សមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មូលនិធិនេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ប្រជាជនស្របតាមចក្ខុវិស័យ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា»។
ដោយផ្តោតលើវិស័យអប់រំ ការអភិវឌ្ឍយុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ មូលនិធិព្រីនស៍ បានបន្តធ្វើការជាមួយដៃគូនានាដើម្បីផ្តល់នូវកម្មវិធីដែលមាននិរន្តរភាពនិងឱកាសជាច្រើនដល់យុវជនកម្ពុជា ការបង្កើតសហគមន៍ និងការចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជានិរន្តរភាព។
គម្រោងដ៏លេចធ្លោរបស់មូលនិធិ គឺជាគម្រោងកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងអាហារូបករណ៍ប្រចាំឆ្នាំដែលផ្តល់ជូនការបង់ថ្លៃសិក្សាពេញលេញ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីអភិវឌ្ឍន៍ខ្លួន ឱកាសកម្មសិក្សា និងឱកាសការងារជូនទៅដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ និងមជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍នាឡិកា ដែលជាសាលាបណ្ដុះបណ្ដាលតែមួយគត់ក្នុងការផ្ដល់ឱកាសសិក្សាអំពីសិល្បៈនៃការផលិតនាឡិកាស្តង់ដាប្រទេសស្វីស។ មូលនិធិព្រីនស៍ បានផ្តួចផ្តើមកម្មវិធីមនុស្សធម៌ជាង ២៨០ កម្មវិធី ដែលបានជួយទៅដលប្រជាជនប្រមាណជាង ១.៥លាន នាក់ ព្រមទាំងធ្វើការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបលើសពី ១៨ លានដុល្លារ។