ទាំងស្អាតទាំងពូកែ! ស្ត្រីខ្មែរមួយរូប ក្លាយជាបាហុនិការ នៅ Etihad Airways ហោះហើរលើផ្ទៃមេឃ អារ៉ាប់

  • 2025-03-17 06:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពីភាសាដ៏ស្ទាត់ ចំណេះដឹងជ្រៅជ្រះ រហូតដល់សម្រស់ដ៏ទាក់ទាញ ស្ត្រីខ្មែរមួយរូបបានឆក់ឱកាសក្លាយជា បាហុនិការខ្មែរដំបូងគេ នៃក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិ Etihad Airways របស់ប្រទេសអារ៉ាប់រួមអេមីរ៉ាត។ នេះមិនត្រឹមជាមោទនភាពសម្រាប់នាងផ្ទាល់ទេ ប៉ុន្តែជាសញ្ញាបញ្ជាក់ថា កូនខ្មែរក៏អាចហក់ឡើងទៅបម្រើការងារលើផ្ទៃមេឃ ក្នុងក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញមួយនេះបានដែរ។

នាងគឺ ថានី ណារីតា ស្ត្រីខ្មែរដែលបានបោះជំហានដ៏ធំ ក្លាយជាបាហុនិការដំបូងគេនៅ Etihad Airways។ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងបានថតរូបបង្ហាញខ្លួនក្នុងយុទ្ធនាការផ្សព្វផ្សាយរបស់ក្រុមហ៊ុន ដើម្បីបង្ហាញមុខមាត់កូនខ្មែរទៅកាន់ពិភពលោក។ អ្វីដែលកាន់តែរំភើបជាងនេះទៀត កញ្ញា ថានី ណារីតា បានបង្ហើបថា Etihad Airways នឹងចាប់ផ្តើមជើងហោះហើរមកកាន់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

ជាមួយនឹងភាពឆ្លាតវៃ និងភាពអំណត់ កញ្ញា ណារីតា តែងតែចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីការងារបាហុនិការតាមបណ្តាញសង្គម ដើម្បីជម្រុញទឹកចិត្តយុវជនខ្មែរឱ្យហ៊ានឈោងចាប់ក្តីសុបិនដ៏ធំរបស់ខ្លួន។ ការងារនេះមិនមែនគ្រាន់តែជាការបម្រើអ្នកដំណើរទេ វាជាការបើកឱកាសឱ្យ ណារីតា បានឃើញពិភពលោកដ៏ធំ និង ស្រស់ស្អាត។

សម្រាប់អ្នកដែលមិនទាន់ស្គាល់ Etihad Airways នេះគឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់អារ៉ាប់រួមអេមីរ៉ាត ដែលមានមូលដ្ឋាននៅទីក្រុង Abu Dhabi ជិតអាកាសយានដ្ឋានអន្តរជាតិ Zayed។ ក្រុមហ៊ុននេះបានចាប់ផ្តើមប្រតិបត្តិការតាំងពីឆ្នាំ២០០៣ ហើយជាក្រុមហ៊ុនធំទីពីរនៅ UAE បន្ទាប់ពី Emirates។ ការមកដល់របស់ Etihad នៅកម្ពុជា នឹងជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលនាំមកនូវភាពងាយស្រួល និងការតភ្ជាប់ថ្មីៗរវាងកម្ពុជា និងពិភពលោក។

ជាមួយនឹងរូបសម្បត្តិស្រស់ស្អាត និងទេពកោសល្យពិសេស កញ្ញា ថានី ណារីតា បានបង្ហាញថា ស្ត្រីខ្មែរមិនត្រឹមតែអាចឈរលើឆាកអន្តរជាតិបានទេ ថែមទាំងអាចហោះហើរយ៉ាងខ្ពស់ ដើម្បីបម្រើមនុស្សជាតិ និងលើកស្ទួយកិត្តិសព្ទខ្មែរទៅកាន់ឆាកអន្តរជាតិ៕

អត្ថបទ ៖ គីម ណារ៉ាក់