ម៉ាឡេស៊ី នឹងរៀបចំក្រុមអ្នកអង្កេតការណ៍ពិនិត្យ និងធានាការអនុវត្តបទឈប់បាញ់ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ
- 2025-07-30 03:12:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាឡេស៊ី នឹងរៀបចំក្រុមអ្នកអង្កេតការណ៍ពិនិត្យ និងធានាការអនុវត្តបទឈប់បាញ់ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ
ចន្លោះមិនឃើញ
ម៉ាឡេស៊ី ត្រៀមរួចជាស្រេចក្នុងការសម្របសម្រួល រៀបចំឱ្យមានក្រុមអ្នកអង្កេតការណ៍មួយ ដើម្បីចុះពិនិត្យ និងធានាការអនុវត្តបទឈប់បាញ់ ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានទទួលស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI HJ MOHD NIZAM BIN HJ JAFFAR អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាគ្នាពាក់ព័ន្ធនឹងទំនាស់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានឯកភាពគ្នានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ប្រទេសម៉ាឡេស៊ី នឹងពិគ្រោះជាមួយសមាជិកអាស៊ានផ្សេងទៀត ដើម្បីចូលរួមក្នុងកិច្ចអង្កេតការណ៍តាមឃ្លាំមើលដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងតំបន់ដើម្បីគាំទ្រ សន្តិភាពពិតប្រាកដ។ ក្រៅពីនេះទាំងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ី កម្ពុជា និងថៃ នឹងបង្កើតយន្តការសម្រាប់អនុវត្តផ្ទៀងផ្ទាត់ និងរាយការណ៍អំពីពីបទឈប់បាញ់។ យន្តការនេះគឺជាមូលដ្ឋានគ្រឹះ សន្តិភាព និរន្តរភាព និង ការទទួលខុសត្រូវ។
វត្តមានរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នាពេលនេះ បង្ហាញពីឆន្ទៈរបស់ប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយចាប់ផ្តើមអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព និងនិរន្តរភាព។ ក្រសួងការពារជាតិសង្ឃឹមថាក្រោមការសម្របសម្រួល ដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិននឹងធ្វើឱ្យសន្តិភាព វិលត្រឡប់មកដូចដើមវិញ៕