កម្ពុជា គាំទ្រពេញទំហឹង ចំពោះការតែងតាំង លោក ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព

  • 2025-08-04 04:20:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា គាំទ្រយ៉ាងពេញទំហឹង ចំពោះការតែងតាំង ប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព បន្ទាប់ពីលោកបានជួយកម្ពុជាឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីបញ្ចប់ជម្លោះតាមព្រំដែនជាមួយប្រទេសថៃ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដល់លោក ត្រាំ ចំពោះការនាំមកនូវសន្តិភាពក្នុងតំបន់ ខណៈលោកថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃសុក្រ ទី ១ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ឯកឧត្តម សង្កត់ធ្ងន់ថា លោកប្រធានាធិបតីអាមេរិកសមនឹងទទួលការតែងតាំងសម្រាប់ពានរង្វាន់ណូបែលសន្តិភាព ដែលជាពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពបំផុត ដែលផ្តល់ជូនបុគ្គល ឬអង្គការដែលបានធ្វើការងារច្រើនបំផុតដើម្បី “ជំរុញមិត្តភាពរវាងប្រជាជាតិ”។ “យើងខ្ញុំសូមទទួលស្គាល់ការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់លោកក្នុងការនាំមកនូវសន្តិភាព” ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍។

លោក ត្រាំ បានជំរុញឱ្យមានបទឈប់បាញ់កាលពីសប្តាហ៍មុន នៅពេលលោកបាននិយាយជាមួយមេដឹកនាំកម្ពុជា និងថៃ ហើយបានព្រមានថា សហរដ្ឋអាមេរិកនឹងមិនត្រឡប់ទៅ “តុចរចាពាណិជ្ជកម្ម” ជាមួយប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរនេះទេ រហូតដល់ការប្រយុទ្ធបានបញ្ចប់។ កិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានចរចានៅក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃចន្ទ ទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ ដែលបានបញ្ចប់ជម្លោះដ៏ធ្ងន់ធ្ងរបំផុតរវាងប្រទេសទាំងពីរក្នុងរយៈពេលជាងមួយទសវត្សរ៍។

បន្ទាប់ពីការប្រកាសព័ត៌មានអំពីបទឈប់បាញ់ លោកស្រី ការ៉ូលីន លីវីត អ្នកនាំពាក្យសេតវិមាន បានសរសេរនៅលើ X ថា ការចូលរួមផ្ទាល់របស់លោក ត្រាំ បាននាំទៅដល់កិច្ចព្រមព្រៀងនេះ។ “លោកប្រធានាធិបតី ត្រាំ បានធ្វើឱ្យរឿងនេះកើតឡើង។ ផ្តល់ឱ្យលោកនូវពានរង្វាន់ណូបែលសន្តិភាព!” លោកស្រីបាននិយាយ។

ជាថ្មីម្តងទៀត ឯកឧត្តម ស៊ុន ចាន់ថុល ដែលជាអ្នកចរចាពាណិជ្ជកម្មកំពូលរបស់កម្ពុជាផងដែរ បាននិយាយថា ប្រទេសកម្ពុជាក៏មានការដឹងគុណចំពោះលោក ត្រាំ ចំពោះការកាត់បន្ថយអត្រាពន្ធគយមកនៅត្រឹម ១៩%៕

អត្ថបទ ៖ ហម ឆរ៉ា