ផ្លូវ Walk Street ចតុមុខ ដាក់ចេញច្បាប់ ហាមឃាត់ការជក់បារីគ្រប់ប្រភេទ!

  • 2025-08-15 05:10:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសហាមឃាត់រាល់ទម្រង់នៃការជក់បារី និងការផ្សព្វផ្សាយផលិតផលថ្នាំជក់នៅតាមផ្លូវថ្មើរជើង ចតុមុខ ឬហៅថា Walk Street ដើម្បីលើកកម្ពស់បរិស្ថានស្អាត បៃតង សម្រាប់អ្នកដើ់រកម្សាន្ត។

ផ្លូវនេះ ដែលស្ថិតនៅតាមបណ្តោយមហាវិថីស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ ៩៤ ដល់ផ្លូវលេខ ២៤០ ក្នុងខណ្ឌដូនពេញ ត្រូវបានបើកឱ្យអ្នកថ្មើរជើងដើរលេងជារៀងរាល់ចុងសប្តាហ៍ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ១ រំលងអធ្រាត្រ។ គម្រោងនេះ ដែលបានចាប់ផ្តើមនៅខែកុម្ភៈ បានក្លាយជាគោលដៅកម្សាន្តពេលរាត្រីដ៏ពេញនិយម ទាក់ទាញទាំងអ្នកក្នុងស្រុក និងភ្ញៀវទេសចរ។

យោងតាមសេចក្តីណែនាំថ្មី ការជក់បារី ត្រូវបានហាមឃាត់នៅតាមតំបន់សាធារណៈ ផ្លូវ និងសួនច្បារទាំងអស់នៅក្នុងតំបន់ផ្លូវលំហែកាយ រួមទាំងមុខហាងអាហារ និងហាងទំនិញ ក្នុងអំឡុងពេលបើកដំណើរការ។ អាជីវកម្មត្រូវតែដាក់ស្លាកសញ្ញា "ហាមជក់បារី" ឱ្យបានគ្រប់គ្រាន់ និងច្បាស់លាស់ ហើយការផ្សព្វផ្សាយ ឬការបង្ហាញផលិតផលថ្នាំជក់ក៏ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងផងដែរ។

ការហាមឃាត់នេះក៏រីករាលដាលដល់ការប្រើប្រាស់ឧបករណ៍ជក់អេឡិចត្រូនិក ដូចជា បារីអេឡិចត្រូនិក វ៉េប (vape) និងស៊ីសា (shisha) នៅគ្រប់ទីកន្លែងក្នុងតំបន់ផ្លូវលំហែកាយ។ អាជ្ញាធរ រួមទាំងរដ្ឋបាលខណ្ឌដូនពេញ និងមន្ត្រីសង្កាត់ ត្រូវបានណែនាំឱ្យផ្សព្វផ្សាយការហាមឃាត់នេះជាសាធារណៈ និងធានាឱ្យមានការអនុវត្តត្រឹមត្រូវក្នុងចំណោមម្ចាស់ភោជនីយដ្ឋាន ពាណិជ្ជករ និងអ្នកទស្សនា។

គំនិតផ្តួចផ្តើមនេះស្របតាមបទប្បញ្ញត្តិច្បាប់ និងមានគោលបំណងកាត់បន្ថយផលប៉ះពាល់ផ្នែកសុខភាព សង្គម សេដ្ឋកិច្ច និងបរិស្ថាននៃផ្សែងបារី៕

អត្ថបទ ៖ ហម ឆរ៉ា