ស្រ្តីទី១ កម្ពុជា ទទួលពានរង្វាន់ បុគ្គលឆ្នើមក្នុងវិស័យថែទាំសុខភាពសង្គម នៅ សិង្ហបុរី
- 2025-08-15 07:10:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រ្តីទី១ កម្ពុជា ទទួលពានរង្វាន់ បុគ្គលឆ្នើមក្នុងវិស័យថែទាំសុខភាពសង្គម នៅ សិង្ហបុរី
ចន្លោះមិនឃើញ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានទទួលពានរង្វាន់ “Smile Asia Philanthropic Visionary Award” លើកទី ២ នៅក្នុងកម្មវិធី “Smile Asia Charity Gala 2025” ដែលបានធ្វើឡើងនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៥។ ពានរង្វាន់នេះត្រូវបានប្រគល់ជូនដោយផ្ទាល់ពីលោកជំទាវ Gan Siow Huang រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋសិង្ហបុរី។
ពានរង្វាន់ “Smile Asia Philanthropic Visionary Award” ត្រូវបានបង្កើតឡើងដើម្បីផ្តល់កិត្តិយសដល់បុគ្គលឆ្នើមដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យថែទាំសុខភាពសង្គម។ ពានរង្វាន់នេះធ្លាប់បានប្រគល់ជូនម្ចាស់ក្សត្រីនៃប្រទេសប៊ូតង់ជាលើកដំបូង ហើយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គឺជាភរិយាថ្នាក់ដឹកនាំមកពីកម្ពុជាដំបូងគេដែលទទួលបានកិត្តិយសនេះ។
ការប្រគល់ពានរង្វាន់លើកទី ២ នេះជូនលោកជំទាវបណ្ឌិតគឺជាការទទួលស្គាល់ចំពោះស្នាដៃ សមិទ្ធផល និងការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកជំទាវចំពោះអង្គការ Smile Cambodia។ ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក លោកជំទាវបានបង្ហាញនូវការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះសុខភាព និងសុខុមាលភាពរបស់កុមារនៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ជីវភាពសហគមន៍។
កម្មវិធី “Smile Asia Charity Gala 2025” បានប្រព្រឹត្តទៅនៅសិង្ហបុរី ដោយមានការចូលរួមពីឥស្សរជនជាច្រើន ដើម្បីគាំទ្របុព្វហេតុសប្បុរសធម៌ និងផ្សព្វផ្សាយការយល់ដឹងអំពីសារៈសំខាន់នៃការថែទាំសុខភាពសម្រាប់កុមារនៅទូទាំងតំបន់អាស៊ី។