អាកាសយានដ្ឋានអន្តរជាតិតេជោទទួលស្វាគមន៍ យន្តហោះ Cathay Pacific បណ្តោះអាសន្នក្នុងកំឡុងពេលឥទ្ធិពលព្យុះរ៉ាហ្គាសា
- 2025-09-30 07:48:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាកាសយានដ្ឋានអន្តរជាតិតេជោទទួលស្វាគមន៍ យន្តហោះ Cathay Pacific បណ្តោះអាសន្នក្នុងកំឡុងពេលឥទ្ធិពលព្យុះរ៉ាហ្គាសា
ចន្លោះមិនឃើញ
នាខែកញ្ញា ឆ្នាំ ២០២៥ នេះ ដោយសារព្យុះទីហ្វុង រ៉ាហ្គាសា បានបង្អាក់ប្រតិបត្តិការនៅទូទាំងអាស៊ីបូព៌ា ក្រុមហ៊ុនអាកាសចរណ៍របស់ហុងកុង Cathay Pacific បានផ្លាស់ប្តូរទីតាំងយន្តហោះចំនួន ១៣ គ្រឿងរបស់ខ្លួនមកចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
រវាងថ្ងៃទី ២៣ និង ២៥ ខែកញ្ញា ក្រុមហ៊ុនអាកាសចរណ៍នេះបានបង្វែរយន្តហោះ Boeing 777-300s ជាច្រើនរបស់ខ្លួន Airbus A330s និង Airbus A321neos ទៅកាន់អាកាសយានដ្ឋានថ្មីដែលបានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី ៩ ខែកញ្ញា។ ទោះបីជាបានទទួលចតយន្តហោះទាំងនេះ អាកាសយានដ្ឋានអន្តរជាតិតេជោនៅតែបន្តរក្សាប្រតិបត្តិការធម្មតា។ ការទទួលស្វាគមន៍នេះបានគូសបញ្ជាក់ពីការត្រៀមខ្លួន និងសមត្ថភាពរបស់អាកាសយានដ្ឋានថ្មីក្នុងការគាំទ្រយន្តហោះអន្តរជាតិក្នុងអំឡុងពេលមានការរំខានក្នុងតំបន់។
«ការសម្រេចចិត្តរបស់ក្រុមហ៊ុន Cathay Pacific ក្នុងការផ្ញើយន្តហោះជាងដប់គ្រឿងមកចតនៅភ្នំពេញ បង្ហាញពីទំនុកចិត្តរវាងកោះហុងកុង និងកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិតេជោត្រូវបានរៀបចំយ៉ាងពេញលេញក្នុងការផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្ត ទាំងក្នុងប្រតិបត្តិការប្រចាំថ្ងៃ និងក្នុងគ្រាមានវិបត្តិ ដូចជាស្ថានភាពអាកាសធាតុបច្ចុប្បន្នដែលបានប៉ះពាល់ដល់ហុងកុង និងអាស៊ីបូព៌ា។» នេះបើតាមការលើកឡើងរបស់លោក ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និង ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក(CAIC)។
ព្រឹត្តិការណ៏នេះក៏បានបញ្ជាក់ពីទំនាក់ទំនងដែលកំពុងរីកចម្រើនរបស់ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ជាមួយហុងកុងផងដែរ។ នៅខែ កក្កដា ឆ្នាំ ២០២៥ កាណាឌីយ៉ាគ្រុប (Canadia Group) បាននឹងកំពុងពង្រីកវត្តមានអន្តរជាតិរបស់ខ្លួនជាមួយនិងការបើកការិយាល័យតំណាងនៅហុងកុងសម្រាប់ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងសម្រាប់ធនាគារកាណាឌីយ៉ា (Canadia Bank) ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយតំបន់ «Greater Bay Area»។ នៅឆ្នាំ ២០២៤ ហុងកុងបាននាំចេញទំនិញមកកម្ពុជាប្រមាណ ៧០៦ លានដុល្លារអាមេរិក ខណៈការនាំចូលពីកម្ពុជាមានប្រមាណ ២៨០ លានដុល្លារអាមេរិក។ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានកើនឡើង ៥,៥ ភាគរយក្នុងឆ្នាំដដែល ដែលឆ្លុះបញ្ចាំងពីសន្ទុះសេដ្ឋកិច្ចដែលមានស្ថិរភាព។
អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាគម្រោងសាងសង់ដោយកម្ពុជា ដែលបង្កើតឡើងដោយដៃគូអន្តរជាតិ និងរចនាដោយក្រុមហ៊ុនស្ថាបត្យកម្មអង់គ្លេស Foster + Partners ដែលត្រូវបានគេស្គាល់ផងដែរសម្រាប់ការរចនាអាកាសយានដ្ឋានអន្តរជាតិហុងកុង។ ស្ថាបត្យកម្មប្រភេទ 4F នេះត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងយន្តហោះដឹកអ្នកដំណើរ និងដឹកទំនិញដ៏ធំបំផុតរបស់ពិភពលោក។ ការរចនាអាកាសយានដ្ឋាននេះរួមបញ្ចូលគ្នានូវមរតកខ្មែរជាមួយនឹងទម្រង់សហសម័យ និងស្មារតីស្ងប់ស្ងាត់ដែលបំផុសគំនិតដោយប្រពៃណីវប្បធម៌របស់កម្ពុជា។
នៅក្នុងដំណាក់កាលដំបូងរបស់ខ្លួន អាកាសយានដ្ឋាននេះត្រូវបានគេរំពឹងថានឹងបម្រើអ្នកដំណើររហូតដល់ ១៥ លាននាក់ក្នុងមួយឆ្នាំ ហើយឆាប់ៗនេះនឹងស្វាគមន៍ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិបន្ថែមរួមមាន «Etihad Airways» និង «Turkish Airlines» ។ ជើងហោះហើរត្រង់ថ្មីរវាងភ្នំពេញ និងអាប៊ូដាប៊ី ដោយ Etihad ចាប់ផ្តើមពីថ្ងៃទី ៣ ខែតុលា និងរវាងទីក្រុងភ្នំពេញ និងអ៊ីស្តាន់ប៊ុល ដោយក្រុមហ៊ុនអាកាសចរណ៍ទួរគី ចាប់ពីថ្ងៃទី ១០ ខែធ្នូ ត្រូវបានប្រកាសរួចហើយ។