មួយផ្នែកនៃ មហាវិថី ស៊ី ជីនពីង នឹងត្រូវបិទចរាចរណ៍ រហូតដល់ឆ្នាំ ២០២៨

  • 2025-08-19 06:08:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាវិថី ស៊ី ជីនពីង នឹងត្រូវបិទចរាចរណ៍មួយផ្នែកចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៨ ដើម្បីអនុញ្ញាតឱ្យមានការសាងសង់ស្ពានឆ្លងទន្លេមេគង្គ ដីឥដ្ឋ-ថ្មគោល នៅខេត្តកណ្តាល។

ផ្នែកនៃមហាវិថី ស៊ី ជីនពីង ដែលនឹងត្រូវបិទ គឺចាប់ពីចំណុចប្រសព្វផ្លូវលេខ ១១៦អា (គីឡូម៉ែត្រ ២+៨០០) ដល់ផ្លូវជាតិលេខ ១។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ការបិទផ្លូវនេះគឺដើម្បីជួយសម្រួលដល់គម្រោងសាងសង់ស្ពាន ដីឥដ្ឋ-ថ្មគោល ដែលមានទីតាំងនៅឃុំ ដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគោល ស្រុកល្វាឯម ខេត្តកណ្តាល។

ការបិទផ្លូវនេះនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៧ ព្រឹក ហើយនឹងបន្តរហូតដល់ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៨។ ដើម្បីធានាថាគម្រោងសាងសង់ដំណើរការយ៉ាងរលូន ក្រសួងនឹងបញ្ជៀសចរាចរណ៍ទៅផ្លូវផ្សេងទៀត៖ យានជំនិះធុនស្រាលនឹងត្រូវប្តូរទៅធ្វើដំណើរលើផ្លូវលេខ ១១៦អា និងយានជំនិះធ្ងន់ទៅផ្លូវលេខ ១២អា។ ផ្លូវជាតិលេខ ១ នឹងមិនរងផលប៉ះពាល់ដោយការបញ្ជៀសចរាចរណ៍នេះទេ។

គួររំលឹកថា មហាវិថី ស៊ី ជីនពីង ដែលជាផ្នែកខាងត្បូងនៃផ្លូវក្រវ៉ាត់ក្រុងទី៣ នៃរាជធានីភ្នំពេញ មានប្រវែងប្រមាណ ៤៨ គីឡូម៉ែត្រ។ ផ្លូវនេះត្រូវបានសាងសង់ឡើងនៅឱកាសខួបលើកទី ៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងកម្ពុជា នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤៕

អត្ថបទ ៖ ហម ឆរ៉ា

អត្ថបទថ្មី