សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក និងក្រុមហ៊ុន អូស៊ីអាយស៊ី ចុះហត្ថលេខាលើលិខិតសម្តែងបំណង ក្នុងការផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ

  • 2026-06-22 11:46:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំពេញ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ – សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក (DFC) និងក្រុមហ៊ុនអូវើស៊ី ខេមបូឌាន អ៊ិនវេសមេន ខបភើរេសិន (OCIC) បានចុះហត្ថលេខាលើលិខិតសម្តែងបំណង (Letter of Intent) ដែលកំណត់អំពីការផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វារអន្តរជាតិថ្មីរបស់កម្ពុជា និងជាគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតមួយរបស់ប្រទេស។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងលោកស្រី Caroline Vik ប្រធានផ្នែកគោលនយោបាយ (Chief Policy Officer) នៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក (DFC)។

ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា៖ «ថ្ងៃនេះគឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ការផ្តល់ហិរញ្ញប្បទានដែលមានការស្នើឡើងដោយ DFC ឆ្លុះបញ្ចាំងពីទំនុកចិត្តលើអនាគតសេដ្ឋកិច្ចរបស់កម្ពុជា និងលើតួនាទីរបស់អាកាសយានដ្ឋានក្នុងនាមជាច្រកទ្វារសម្រាប់ពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ និងការតភ្ជាប់ក្នុងតំបន់។ ការផ្តល់ហិរញ្ញប្បទាននេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់អាកាសយានដ្ឋានអន្តរជាតិតេជោក្នុងការអនុវត្តតាមស្តង់ដារអន្តរជាតិ និងតម្លៃរយៈពេលវែងដែលគម្រោងនឹងផ្តល់ជូនដល់ការអភិវឌ្ឍរបស់ប្រទេសផងដែរ»។

«អ្នកគឺជាដៃគូដែលយើងកំពុងស្វែងរកនៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។ យើងសង្ឃឹមថានេះជាគម្រោងដំបូងគេក្នុងចំណោមគម្រោងជាច្រើនដែលយើងធ្វើជាមួយគ្នា»។ លោកស្រី Caroline Vik ប្រធានផ្នែកគោលនយោបាយនៃ DFC បានមានប្រសាសន៍។

លើសពីការផ្តល់ហិរញ្ញប្បទានដែលមានការស្នើឡើង កិច្ចព្រមព្រៀងលិខិតសម្តែងបំណងនេះបានបញ្ជាក់អំពីការស្របគ្នានៃគម្រោងជាមួយស្តង់ដារនៃអភិបាលកិច្ច តម្លាភាព បរិស្ថាន និងសង្គម ដែលត្រូវបានរំពឹងទុកដោយស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិឈានមុខ។ កិច្ចព្រមព្រៀងនេះក៏ត្រូវបានរំពឹងថានឹងជួយពង្រឹងទំនុកចិត្តរបស់វិនិយោគិនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងបន្ថែមភាពទាក់ទាញរបស់ប្រទេស ក្នុងនាមជាគោលដៅសម្រាប់ការវិនិយោគរយៈពេលវែង។

អាកាសយានដ្ឋានអន្តរជាតិតេជោក៏មានការទទួលស្គាល់ជាអន្តរជាតិសម្រាប់ការរចនា និងចក្ខុវិស័យប្រតិបត្តិការរបស់ខ្លួនផងដែរ។ ថ្មីៗនេះ អាកាសយានដ្ឋាននេះត្រូវបានទទួលស្គាល់ដោយ «Skytrax» ដែលជាស្ថាប័នវាយតម្លៃអាកាសយានដ្ឋានឈានមុខមួយក្នុងវិស័យអាកាសចរណ៍ និងត្រូវបានដាក់ឈ្មោះជាអាកាសយានដ្ឋានដែលមានសម្រស់ស្អាតបំផុតមួយនៅលើពិភពលោក ដោយ «Prix Versailles»។ ការទទួលស្គាល់ទាំងនេះបានបង្ហាញពីការកើនឡើងនៃភាពលេចធ្លោរបស់អាកាសយានដ្ឋាននេះ ក្នុងនាមជាមជ្ឈមណ្ឌលអាកាសចរណ៍សំខាន់ក្នុងតំបន់ និងជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលត្រូវបានរចនាឡើងដើម្បីគាំទ្រការតភ្ជាប់ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជារយៈពេលវែងជាច្រើនទសវត្សរ៍ទៅមុខ។

ការផ្តល់ហិរញ្ញប្បទានពី DFC ក៏បានបន្ថែមលើការចូលរួមកាន់តែរីកចម្រើនរបស់ក្រុមហ៊ុន OCIC ជាមួយស្ថាប័ន និងក្រុមហ៊ុនអាមេរិក រួមមាន ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងក្រុមហ៊ុនឈានមុខរបស់សហរដ្ឋអាមេរិកដូចជា General Electric, OTIS, Caterpillar, CISCO និង Ford ក្នុងវិស័យដឹកជញ្ជូន វិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះក៏ឆ្លុះបញ្ចាំងពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសក្នុងវិស័យដូចជា អាកាសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម ពាណិជ្ជកម្ម និងការវិនិយោគ។ នៅពេលដែលកម្ពុជាកំពុងពង្រីកការតភ្ជាប់របស់ខ្លួនទៅកាន់ទីផ្សារតំបន់ និងសកលលោក ភាពជាដៃគូដូចនេះនឹងដើរតួនាទីសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ទាក់ទាញការវិនិយោគអន្តរជាតិ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។