អ្នកវិទ្យាសាស្ត្រចិនសិក្សាលទ្ធភាពកាត់បន្ថយការមករដូវត្រឹម៤ដងក្នុងមួយឆ្នាំដើម្បីពន្យារអាយុបង្កកំណើត
- 2026-07-15 08:35:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវិទ្យាសាស្ត្រចិនសិក្សាលទ្ធភាពកាត់បន្ថយការមករដូវត្រឹម៤ដងក្នុងមួយឆ្នាំដើម្បីពន្យារអាយុបង្កកំណើត
ចន្លោះមិនឃើញ
ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសចិន កំពុងសិក្សាលើគំនិតច្នៃប្រឌិតថ្មីមួយ ដែលអាចជួយឱ្យស្ត្រីរក្សាបាននូវសមត្ថភាពបង្កកំណើតបានកាន់តែយូរជាងមុន តាមរយៈការកាត់បន្ថយចំនួនដងនៃការមករដូវប្រចាំឆ្នាំ។
លោកស្រីវេជ្ជបណ្ឌិត ហុងម៉ី វ៉ាង (Dr. Hongmei Wang) សាស្ត្រាចារ្យ និងជានាយិកានៃមន្ទីរពិសោធន៍ State Key Laboratory of Stem Cell and Reproductive Biology នៅក្នុងទីក្រុងប៉េកាំង បាននិងកំពុងដឹកនាំការស្រាវជ្រាវដើម្បីពិនិត្យមើលថា តើការកាត់បន្ថយវដ្តរដូវពីប្រហែល១២ ដងក្នុងមួយឆ្នាំ មកត្រឹមតែ៤ ដងក្នុងមួយឆ្នាំ (ឬ ៣ ខែម្តង) អាចជួយរក្សាទុកស៊ុតញីនៅក្នុងអូវែរបស់ស្ត្រីបានកាន់តែច្រើនដែរឬទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Elpais កាលពីខែមករា ឆ្នាំ២០២៦ កន្លងទៅ។ /6a574597195fd_1784104320.png)
គំនិតនៃការស្រាវជ្រាវនេះ គឺកើតចេញពីការប្រៀបធៀបរវាងជីវិតរបស់ស្ត្រីសម័យទំនើប និងស្ត្រីជំនាន់បុរាណ។ បើតាមលោកស្រីវេជ្ជបណ្ឌិត វ៉ាង បានឱ្យដឹងថា ស្ត្រីកាលពីសម័យបុរាណមានការមករដូវប្រហែលតែ១០០ ដងប៉ុណ្ណោះក្នុងមួយជីវិតរបស់ពួកគេ ពីព្រោះពួកគេជួបប្រទះការមានផ្ទៃពោះញឹកញាប់ និងការបំបៅដោះកូនដោយទឹកដោះក្នុងរយៈពេលវែង។ ផ្ទុយទៅវិញ ស្ត្រីសម័យបច្ចុប្បន្នមានការមករដូវរហូតដល់ទៅចន្លោះពី ៤០០ ទៅ ៥០០ដងក្នុងមួយជីវិត ដែលកត្តានេះអាចនាំឱ្យមានការបាត់បង់ និងខ្សោះអស់មេជីវិតញីលឿនជាងមុន។
តាមរយៈការកាត់បន្ថយការបញ្ចេញមេជីវិតញី អ្នកស្រាវជ្រាវជឿជាក់ថា វានឹងអាចរក្សាស៊ុតញីបានកាន់តែច្រើន ដែលអាចជួយពន្យារអាយុកាលនៃការមានកូនរបស់ស្ត្រីបានកាន់តែវែង។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីវេជ្ជបណ្ឌិត វ៉ាង ក៏បានបញ្ជាក់ច្បាស់ៗផងដែរថា វិធីសាស្ត្រនេះកំពុងប្រឈមនឹងឧបសគ្គនិងការសាកល្បងដ៏សំខាន់មួយ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន El País លោកស្រីបានមានប្រសាសន៍ថា៖ «នៅពេលយើងបញ្ឈប់ការបញ្ចេញមេជីវិតញី យើងអាចរក្សាទុកស៊ុតញីបានកាន់តែច្រើនពិតមែន ប៉ុន្តែយើងក៏បានបញ្ឈប់រាងកាយមិនឱ្យបង្កើតអ័រម៉ូនអ៊ឹស្ត្រូសែន (Estrogen) ផងដែរ ហើយម៉ូលេគុលអ័រម៉ូនមួយនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព»។
អ័រម៉ូនអ៊ឹស្ត្រូសែន ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពឆ្អឹង បេះដូង និងផ្នែកជាច្រើនទៀតនៃរាងកាយ។ ហេតុនេះហើយ ទើបអ្នកស្រាវជ្រាវត្រូវតែស្វែងរកវិធីសាស្ត្រមួយដែលមានសុវត្ថិភាពខ្ពស់ ដើម្បីការពារសមត្ថភាពបន្តពូជ ដើរទន្ទឹមគ្នាដោយមិនបង្កផលប៉ះពាល់ដល់សុខភាពទូទៅរបស់ស្ត្រី។
គួរបញ្ជាក់ផងដែរថា ការស្រាវជ្រាវរបស់លោកស្រីវេជ្ជបណ្ឌិត វ៉ាង កើតឡើងចំពេលដែលប្រទេសចិនកំពុងប្រឈមមុខនឹងបញ្ហាធ្លាក់ចុះនៃអត្រាកំណើត និងការកើនឡើងយ៉ាងរហ័សនៃចំនួនប្រជាជនវ័យចំណាស់។ ជាលទ្ធផល ក្រុមអ្នកវិទ្យាសាស្ត្រកំពុងខិតខំស្វែងរកវិធីសាស្ត្រថ្មីៗ ដើម្បីជួយឱ្យមនុស្សអាចមានលទ្ធភាពយកកូននៅវ័យជ្រេបាន ព្រមទាំងការពារសុខភាពរាងកាយវែងឆ្ងាយរបស់ពួកគេ។
ទោះជាយ៉ាងណា បច្ចុប្បន្នការស្រាវជ្រាវនេះគឺស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ ហើយគេត្រូវការការពិសោធន៍ និងវិភាគបន្ថែមទៀត មុននឹងអាចទាញសន្និដ្ឋានជាផ្លូវការណាមួយបាន៕
ប្រភព៖ El País