Apple អាចនឹងប្រកាសចេញស្មាតហ្វូនអេក្រង់បត់ដំបូង “iPhone Ultra” នៅពេលឆាប់ៗនេះ

  • 2026-09-01 03:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខណៈដែលព្រឹត្តិការណ៍បង្ហាញផលិតផលថ្មីប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple កាន់តែខិតជិតមកដល់ ប្រភពព័ត៌មានបច្ចេកវិទ្យាធំៗ និងគួរឱ្យទុកចិត្តជាច្រើនដូចជា Bloomberg, MacRumors និង CNET បានបង្កើនការទម្លាយព័ត៌មានអំពីស្មាតហ្វូនអេក្រង់បត់ដំបូងបង្អស់របស់ក្រុមហ៊ុនយក្សអាមេរិកមួយនេះ។

តាមប្រភពជឿជាក់បាន ស្មាតហ្វូនអេក្រង់បត់នេះអាចនឹងមិនប្រើឈ្មោះ "iPhone Fold" ដូចការរំពឹងទុកពីមុននោះទេ ប៉ុន្តែអាចនឹងត្រូវប្រសិទ្ធនាមថា iPhone Ultra ដែលជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃត្រកូល iPhone គិតចាប់តាំងពីឆ្នាំ ២០០៧ មក។

រូបរាង និងបច្ចេកវិទ្យាអេក្រង់បត់

តាមទិន្នន័យលេចធ្លាយ៖

  • ទម្រង់បត់៖ មានស្ថាបត្យកម្មបត់ដូចសៀវភៅ (Book-style) ដោយអេក្រង់ខាងក្រៅមានទំហំប្រមាណ ៥,៥ អ៊ីញ និងអេក្រង់ខាងក្នុងពេលលាតសន្ធឹងពេញមានទំហំ ៧,៨ អ៊ីញ ក្នុងសមាមាត្រ 4:3 ដូចទៅនឹងទំហំរបស់ iPad mini។
  • ភាពស្តើង៖ នៅពេលលាតសន្ធឹង វាអាចមានកម្រាស់ត្រឹមតែ ៤,៥ មីលីម៉ែត្រប៉ុណ្ណោះ ដែលធ្វើឱ្យវាក្លាយជាឧបករណ៍ស្តើងបំផុតមួយរបស់ Apple។
  • ស្នាមបត់អេក្រង់៖ Apple ត្រូវគេរាយការណ៍ថាបានប្រើប្រាស់បច្ចេកវិទ្យាកញ្ចក់ស្តើងពិសេស (Ultra-Thin Glass) និងគ្រោងឆ្អឹងខាងក្នុងដែលជួយកាត់បន្ថយស្នាមបត់ (Crease) ឱ្យនៅសល់តិចតួចបំផុតរហូតស្ទើរតែមើលមិនឃើញ។

កម្លាំងម៉ាស៊ីន និងមុខងារផ្លាស់ប្តូរ

ដើម្បីរក្សាកម្រាស់ឱ្យនៅស្តើងបំផុត Apple ត្រូវគេជឿថានឹងធ្វើការផ្លាស់ប្តូរមុខងារសំខាន់ៗមួយចំនួន៖

  1. ជំនួស Face ID ដោយ Touch ID៖ ដោយសារតែប្រព័ន្ធកាមេរ៉ា TrueDepth របស់ Face ID មានកម្រាស់ក្រាស់ពេក Apple បានសម្រេចចិត្តប្តូរមកប្រើប្រាស់ប្រព័ន្ធស្កែនក្រយៅដៃ (Touch ID) នៅលើប៊ូតុងបិទបើក (Power Button) ជំនួសវិញ។
  2. បន្ទះឈីប A20 Pro៖ វា នឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី A20 Pro ទំហំ 2nm និង RAM ទំហំ 12GB ដើម្បីទ្រទ្រង់ការប្រើប្រាស់កម្មវិធីច្រើនក្នុងពេលតែមួយ (Multitasking)។
  3. កាមេរ៉ា៖ អាចនឹងមានកាមេរ៉ាក្រោយចំនួន ២ គ្រាប់ទំហំ 48MP។

តម្លៃ និងការដាក់លក់លើទីផ្សារ

ក្រុមអ្នកវិភាគ និងអ្នកតាមដានព័ត៌មានបច្ចេកវិទ្យាបានព្យាករណ៍ថា iPhone Ultra នឹងក្លាយជាស្មាតហ្វូនដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Apple ដោយតម្លៃចាប់ផ្តើមអាចចន្លោះពី ១,៩៩៩ ដុល្លារ ទៅ ២,០០០ ដុល្លារឡើងទៅ សម្រាប់ទំហំផ្ទុក 256GB។

ទោះបីជាមានការរំពឹងថានឹងត្រូវប្រកាសបង្ហាញរួមគ្នាជាមួយ iPhone 18 Pro និង 18 Pro Max ក៏ដោយ ក៏ប្រភពផ្គត់ផ្គង់បានលើកឡើងថា ចំនួនផលិតផលដែលត្រូវដាក់លក់ដំបូងអាចនឹងមានចំនួនកំណត់ ដោយសារបច្ចេកវិទ្យាផលិតអេក្រង់បត់នេះមានភាពស្មុគស្មាញខ្លាំង។

ចំណាំ៖ ក្រុមហ៊ុន Apple មិនទាន់ចេញមុខបញ្ជាក់ ឬបដិសេធជាផ្លូវការចំពោះព័ត៌មានលេចធ្លាយទាំងនេះនៅឡើយទេ។

អត្ថបទ៖ Men Sothearith

អត្ថបទថ្មី