Van Gaal ប្រាប់​មូលហេតុ​ ដែល​ដាក់​ Ashley Young ​ឲ្យ​លេង​ប្រយុទ្ធ​យប់​មិញ

  • 2016-04-11 18:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Louis van Gaal ​អ្នកចាត់ការ​ក្រុម​ Manchester United បាន​ពន្យល់​ប្រាប់​ពី​មូលហេតុ ដែល​លោក​ដាក់​ Ashley Young ​​ឲ្យ​លេង​ក្នុង​តំណែង​ប្រយុទ្ធ ​អំឡុង​ពេល​ក្រុម​បិសាច​ក្រហម ចាញ់​ក្រុម​ Tottenham Hotspur ៣-០ នៅ​ Premier League យប់​មិញ។

 

 

​ក្រោយ​បញ្ចប់​លទ្ធផល​ ០-០ នៅ​តង់​ទី​១ នា​កីឡដ្ឋាន​ White Hart Lane ​អ្នកចាត់ការ​សញ្ជាតិ​ហូឡង់​ Van Gaal បាន​សម្រេច​ចិត្ត​ប្ដូរ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Marcus Rashford ចេញ​ ជំនួស​វិញ​ដោយ​ Ashley Young ​ឲ្យ​លេង​ចាប់​ដៃ​គូ​ជាមួយ​ Anthony Martial ​នៅ​តង់​ទី​២​វិញ ហើយ​មិន​បាន​ប៉ុន្មាន​ Spurs ក៏​រក​បាន​៣​គ្រាប់ ​ចន្លោះ​ពេល​តែ​៦​នាទី​ប៉ុណ្ណោះ។

 

Van Gaal បាន​ពន្យល់​មូលហេតុ​ដែល​ដាក់​ Young ឲ្យ​លេង​ប្រយុទ្ធ​ថា៖ "ខ្ញុំ​ចង់​ឲ្យ​កីឡាករ​របស់​យើង​រត់​ច្រើន​ជាង​មុន តាំង​ពី​តំបន់​ខាង​ក្រោម ព្រោះ​នៅ​តង់​ទី​១ យើង​ពុំ​សូវ​មាន​ឱកាស​​វាយ​សម្រុក​គេ​ទេ។ មុន​ពេល​ពួកគេ​ស៊ុត​ចូល​យើង ​ខ្ញុំ​បាន​ប្រាប់​កីឡាករ​របស់​យើង​ថា ​យើង​លេង​ក្រៅ​ផ្ទះ​ប៉ុណ្ណឹង​​បាន​ល្អ​ហើយ អាច​​នឹង​រក​គ្រាប់​បាន​ទៀត​ផង ប៉ុន្តែ​ពេល​ពួកគេ​រក​បាន​គ្រាប់​ទី​២ និង​គ្រាប់​ទី​៣ គ្រប់​យ៉ាង​ហាក់​បញ្ចប់​សម្រាប់​យើង”។

 

 

​Man Utd ​ស្ថិត​នៅ​លេខ​៥ មាន​គម្លាត​៤​ពិន្ទុ​ពី​ក្រុម​លេខ​៤ Manchester City ខណៈ​ដែល​សល់​​៦​ប្រកួត​ទៀត នឹង​បញ្ចប់​រដូវ​កាល។ យ៉ាង​ណា អ្នកចាត់ការ​វ័យ​​៦៤​ឆ្នាំ (Van Gaal) ​ថា​លោក​មិន​ទាន់​បោះបង់​ឱកាស​ដណ្ដើម​ Top 4  ឡើយ ដោយ​លោក​​បាន​បន្ថែម​ថា៖ "គ្រប់​ក្រុម​ទាំង​អស់ អាច​ចាញ់​ក្រុម​ផ្សេងៗ​ដូច​គ្នា ដូច្នេះ​យើង​នៅ​តែ​អាច​ប្រជែង។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា វា​នឹង​ពិបាក​ជាង​ពេល​មុន”៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ mirror

អត្ថបទថ្មី