រឿង​៣​យ៉ាង ដែល​មេ​របស់​អ្នក​មិន​និយាយ​​តែ​ចង់​ឲ្យ​អ្នក​ដឹង​

  • 2017-12-02 03:38:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រាស្រ័យ​​ទាក់ទង​​នៅ​កន្លែង​ធ្វើការ​ គឺ​ជា​ប្រធានបទ​ពិបាក​​ស្វែង​យល់​បំផុត។ កូន​ចៅ​មិនមែន​សុទ្ធ​តែ​ងាយ​ស្វែង​យល់​ពី​មេ ដែល​មេ​មិន​បាន​និយាយ​ចេញ​មក​ទេ។ ថ្ងៃ​នេះ​យើង​ខ្ញុំ​សូម​លើក​យក​​រឿងរ៉ាវ​សំខាន់​ៗ​៣​ ដែល​មាន​លក្ខណៈ​ជា​សកល ដែល​​​ចៅហ្វាយនាយ​​ចង់​ឲ្យ​អ្នក​ដឹង ប៉ុន្តែ​មិន​ដែល​បាន​និយាយ​ប្រាប់​អ្នក​នោះ​ឡើយ៖

ទី១ មក​ទាំង​បញ្ហានិងដំណោះ​ស្រាយ​ព្រមគ្នា

ចៅហ្វាយ​​ទូទៅ​ចង់​ឃើញ​បុគ្គលិក​របស់​ខ្លួន មក​ជួប​គាត់​ដោយ​លើក​ទាំង​បញ្ហា និង ដំណោះ​ស្រាយ មិន​ថា​ដំណោះស្រាយ​នោះ​ប្រើ​កើត ឬ មិន​កើត​ក៏​ដោយ ព្រោះ​គ្មាន​អ្វី​មាន​តម្លៃ​ជាង​បុគ្គលិក​ដែល​ព្យាយាម​ដោះស្រាយ​បញ្ហា​ ដើម្បី​លើក​កម្ពស់​ក្រុមហ៊ុន​ ឬ ស្ថាប័ន​នោះ​ទេ។

អ្នក​ប្រហែល​ជា​កត់​សំគាល់​ឃើញ​ថា ពេល​អ្នក​តែង​​លើក​​ពី​បញ្ហា ​ចៅហ្វាយ​របស់​អ្នក​អាច​​សួរ​បក​មក​វិញ "ចុះ​អ្នក​​មាន​​យោបល់​អី​អត់​" ប្រសិន​បើ​គាត់​ជា​មេ​ល្អ ហើយ​នឹង​អាច​​ស្តី​បន្ទោស​ថា "អត់​ចេះ​ដោះស្រាយ​​រឿង​ប៉ុណ្ណឹង​ទេ​អី?” ប្រសិន​បើ​គាត់​ជា​មេ​មិន​ល្អ។

ទី២ ចៅហ្វាយ​ចង់​ឲ្យ​អ្នក​រៀន​នូវ​អ្វី​ដែល​មិនមែន​ជា​ការងារ​របស់​អ្នក

មេ​របស់​អ្នក​ចង់​ឃើញ​​លទ្ធផល​របស់​អ្នក​ ប៉ុន្តែ​គេ​ក៏​យកចិត្ត​ទុកដាក់​ដែរ​ ថាតើ​អ្នក​រីកចំរើន​ និង រៀនសូត្រ​អ្វី​ខ្លះ​ពី​តួនាទី​ការងារ​របស់អ្នក ពិសេស​​សមត្ថភាព​រៀនសូត្រ​អ្វី​ដែល​ថ្មី​ៗ​របស់​អ្នក ​ព្រោះ​​មេ​ល្អ​តែង​មើល​ឱកាស​តម្លើង​តួនាទី​ឲ្យ​អ្នក។

ហើយ​ម្យ៉ាង​ ការបំពេញ​​ការងារ​ក្នុង​តួនាទី​បច្ចុប្បន្ន​បាន​ល្អ​មិនមែន​មានន័យ​ថា​អ្នក​នឹង​ បំពេញ​ការងារ​​ដែល​មេ​នឹង​តម្លើង​ឋានៈ​បាន​ល្អ​ទេ។ ម្ល៉ោះហើយ​ អ្នក​ត្រូវ​មាន​ភាពសកម្ម និង បង្ហាញ​សមត្ថភាព​ក្នុងការ​រៀនសូត្រ និង ការអភិវឌ្ឍន៍​ខ្លួន ដើម្បី​ធ្វើ​​ឲ្យ​ល្អ​ទាំង​ការងារ​ដែល​ជា​តួនាទី​របស់​ខ្លួន និង ការងារ​មិនមែន​ជា​តួនាទី​របស់​ខ្លួន។ ចៅហ្វាយ​របស់អ្នក​នឹង​​មាន​ទំនុកចិត្ត​ក្នុង​ការ​តម្លើង​ឋានៈតួនាទី​ឲ្យ​អ្នក។ ​​​ ទី៣ អ្នក​អាច​ជំនួស​​កិច្ចការ​ចៅហ្វាយ​បាន

ក្នុង​កាលៈទេសៈ​ចាំបាច់​ណា​មួយ​ដែល​មេ​របស់​អ្នក​មាន​ធុរៈ អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​បំពេញ​ការងារ​ជំនួស​គាត់។ ថ្ងៃនេះ​អ្នក​ស្ថិត​នៅ​ក្នុង​តួនាទី​របស់​អ្នក​ ប៉ុន្តែ ថ្ងៃស្អែក​អ្នក​អាច​​នឹង​ទៅ​កាន់​តួនាទី​ជំនួស​ចៅហ្វាយនាយ​របស់​អ្នក៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម