Microsoft ​និង​ Facebook ​បញ្ចេញ​កណ្តាប់​ដៃ​ក្តៅ​ប្រឆាំង​ក្រុមនៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​របស់មេរោគ​ WannaCry

  • 2017-12-20 12:36:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Facebook ​និង​ Microsoft ​បាន​ចាប់ដៃ​គ្នា​ដើម្បី​បង្រា្កប​លើ​ក្រុម​ហេកឃើរ​ដែល​នៅ​ពី​ក្រោយ​ការ​បញ្ចេញ​មេរោគ​កុំព្យូទ័រ​ WannaCry ​វាយ​ប្រហារ​ពិភព​លោក​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ ។

ក្រុមហ៊ុន​ និង​មន្រ្តី​សេតវិមាន​អាមេរិក​មួយ​រូប​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា​ កាល​ពី​សប្តាហ៍​មុន​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មាន​មូលដ្ឋាន​នៅ​អាមេរិក​ទាំងពីរ​បាន​សហការ​ជាមួយ​សមាជិក​ផ្សេងទៀត​ដែល​មិន​បង្ហាញ​ឈ្មោះ​ក្នុង​គម្រោង​នៃ​សហគមន៍​សន្តិសុខ​ដើម្បី​ចាត់​វិធាន​ការ​ក្តៅ​ប្រឆាំង​នឹង​ក្រុម​ហេកឃើរ​ ។ ដោយឡែក​ក្រុម​ហេកឃើរ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ ZINC ​ឬ​ Lazarus ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គំរាម​កំហែង​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ឥត​ឈប់ឈរ​រួម​មាន​ការ​វាយ​ប្រហារ​មេរោគ​ WannaCry ​ដែល​បំផ្លាញ​ទិន្នន័យ​មន្ទីពេទ្យ​ ស្ថាប័ន​អាជីវកម្ម​និង​ធនាគារ​កាល​ពី​រដូវ​រំហើយ​កន្លង​ទៅ​ ។

ការ​ប្រកាស​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ដូច​គ្នា​ដែល​រដ្ឋាភិបាល​អាមេរិក​បាន​ចោទ​ប្រកាន់​ជា​ផ្លូវការ​ថា​ កូរ៉េ​ខាងជើង​ជា​បង​ធំ​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​មេរោគ​ WannaCry ​នេះ​ ។ លោក​ Tom Bossert ​ទីប្រឹក្សា​របស់​ខុទ្ធការល័យ​ Homeland Security និយាយ​ថា បន្ទាប់​ពី​បើក​ការ​ស៊ើប​អង្កេត​ប្រុងប្រយ័ត្ន​សហរដ្ឋអាមេរិក​បាន​បន្ទោស​លើ​ប្រទេស​កូរ៉េ​ខាងជើង​សម្រាប់​ការ​វាយប្រហារ​ដោយ​ផ្អែក​លើ​ភស្តុតាង​ដែល​មិន​ត្រូវ​បាន​គេ​លម្អិត​បន្ថែម​ឡើយ​ ។ ទន្ទឹមគ្នានេះ​ដែរ​រដ្ឋាភិបាល​ប្រទេស​អង់គ្លេស​ អូស្រ្តាលី កាណាដា នូវែលសេឡង់​និង​រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​ប្រកាស​ដែរ​ថា​ពួកគេ​ជឿជាក់​ថា​ កូរ៉េ​ខាងជើង​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះ​ ។

គួរ​បញ្ជាក់​ថា​ ការ​វាយ​ប្រហារ​មេរោគ​ WannaCry ​តាម​ប្រព័ន្ធ​អ៊ីនធើណិត​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​ ១២ ​ឧសភា​ ២០១៧ ដែល​ក្នុង​រយៈ​ពេល​ត្រឹម​តែ​មួយ​ថ្ងៃ​វា​អាច​លុកលុយ​កុំព្យូទ័រ​ច្រើន​ជាង​ ២៣០ ០០០ ​គ្រឿង​ និង​រីករាល​ដាល​ជាង​ ១៥០ ប្រទេស​លើ​សកល​លោក​ ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ សិរីបុទ្រ