Apple សារភាព​ថា​បាន​​ធ្វើ​ឲ្យ​ iPhone ចាស់ៗ​ដើរ​យឺត

  • 2017-12-21 02:23:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​នេះ​ មាន​ការ​សង្ស័យ​ថា​ Apple ​បាន​កាត់​បន្ថយ​ល្បឿន​លើ iPhone ដែល​មាន​​ថ្ម​អាយុ​កាល​ចាស់​។ ទាក់​ទង​នឹង​ចំណុច​នេះ​ Apple បាន​ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​បាន​ធ្វើ​បែប​នេះ​មែន។

ក្នុង​សេចក្ដី​ប្រកាស​ Apple បាន​និយាយ​ថា ៖ "គោល​ដៅ​របស់​យើង​គឺ​នាំ​យក​បទ​ពិសោធន៍​ល្អៗ​ឲ្យ​អ្នក​ប្រើ​ប្រាស់ រួម​មាន​ដំណើរ​ការ​គ្រប់​សព្វ​បែប​យ៉ាង​ និង​ជួយ​ពន្យារ​អាយុកាល​ឧបករណ៍​របស់​ពួក​គេ។ ​​ពពួក​ថ្ម​លីចូម​​​នឹង​ចាប់​ផ្ដើម​ថយ​ចុះ​សមត្ថភាព ពេល​ស្ថិត​​​​ក្នុង​ស្ថានភាព​ត្រជាក់, ពេល​ថាមពល​ថ្ម​ធ្លាក់​​ចុះ ឬ ពេល​វា​មាន​អាយុ​កាល​ចាស់ ដែល​នាំ​ឲ្យ​ពេល​ខ្លះ​ឧបករណ៍​ត្រូវ​រលត់​ដោយ​ខ្លួន​ឯង ដើម្បី​ការពារ​គ្រឿង​បន្លាស់​អេឡិចត្រូនិក”។

Apple បន្ត​ថា ៖ "កាល​ពី​ឆ្នាំ​មុន​ យើង​បាន​បញ្ចេញ​មុខងារ​មួយ​សម្រាប់​ iPhone 6, iPhone 6s និង iPhone SE ដើម្បី​​ឲ្យ​ទូរសព្ទ​ដំណើរ​ការ​លឿន​តែ​នៅ​ពេល​​ដែល​ចាំ​បាច់​ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​​​មាន​ការ​រលត់​ដោយ​ស្វ័យប្រវត្តិ។ ពេល​នេះ​យើង​បន្ត​នាំ​មក​មុខងារ​នេះ​ទៅ​ដាក់​លើ iPhone 7 ជា​មួយ​ iOS 11.2 ​ហើយ​គ្រោង​នឹង​បន្ថែម​លើ​ឧបករណ៍​ដទៃ​ទៀត​នា​ពេល​អនាគត”។

ការ​លើក​ឡើង​របស់​ Apple មាន​ន័យ​ថា​ iPhone ដែល​មាន​ថ្ម​អាយុ​កាល​យូរ​នឹង​ចាប់​ផ្ដើម​ថយ​ចុះ​ល្បឿន​​សម្រាប់​ការ​ប្រើ​ប្រាស់​ធម្មតា​ ហើយ​វា​នឹង​ដំណើរ​ការ​លឿន​តែ​នៅ​ពេល​ចាំ​បាច់ (ដូច​ជា​ការ​ប្រើ​កម្មវិធី​ដែល​​ប្រើ​កម្លាំង​ម៉ាស៊ីន​ច្រើន) ដើម្បី​​ឲ្យ​ iPhone ប្រើ​បាន​យូរ និង​ទប់​ស្កាត់​កុំ​ឲ្យ​រលត់​ដោយ​ខ្លួន​ឯង​ ពេល​ដែល​​ថាមពល​ថ្ម​នៅ​សេសសល់​នៅ​ឡើយ។

​​​Apple បាន​បញ្ជាក់​ថា​ ថ្ម​​របស់​ iPhone ផលិត​ឡើង​ដោយ​វា​​​អាច​រក្សា​ជីវិត​បាន​ ៨០% នៃ​ថាមពល​ថ្ម​ដើម​ ក្រោយ​ពី​សាក​មួយ​ពេញ​អស់​ ៥០០ លើក៕ នេះ​មាន​ន័យ​ថា​ប្រសិន​បើ​អ្នក​សាក​បំពេញ​ថ្ម​ iPhone មួយ​ថ្ងៃ​ម្ដង​ នោះ​ជីវិត​​ថ្ម​ iPhone ​នឹង​​នៅ​សល់​ ៨០% ​ក្រោយ​ពី​ប្រើ​បាន​ជាង​មួយ​ឆ្នាំ៕​​​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង