Technovation ឆ្នាំ ២០១៨ ឃើញ​មាន ៣ ចំណុច​ប្លែក​ជាង​រាល់​ឆ្នាំ​

  • 2017-12-24 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Technovation Cambodia ឆ្នាំ ២០១៨ ជា​កម្មវិធី​ប្រកួត​ប្រជែង​សរសេរ​កូដ​បង្កើត​កម្មវិធី​​សម្រាប់​ការ​ប្រកួត​ប្រជែង​អន្តរជាតិ ក្នុង​គោលបំណង​បង្កើន​ចំនួន​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​សហគ្រិនភាព។ ក្នុង​កម្មវិធី​បើក​ឃើញ​ថា មាន​ការ​ចូល​រួម​ច្រើន និង​ប្លែក​ជាង​ឆ្នាំ​មុនៗ។

ក្រុម​​ Cambodia Identity Product តំណាង​កម្ពុជាជាប់​វគ្គ​Final ឆ្នាំ​មុន​

**- ១** មាន​ការ​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ផ្លូវការ​ក្រសួង​អប់រំ យុវជន និង​កីឡា រួម​ទាំង​ទំព័រ Technovation Cambodia តាំង​ពី​ចាប់​ផ្ដើម​ដល់​បញ្ចប់​កម្មវិធី។

- ២ មាន​ការ​ចូល​រួម​ចែក​រំលែក​បទ​ពិសោធន៍​ពី​ក្រុម​យុវតី​វ័យ​ក្មេង Cambodia Identity Product ដែល​​ជា​ក្រុម​ខ្លាំង​តំណាង​កម្ពុជា បាន​ជាប់​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ទីក្រុង​សាន់ហ្វ្រាន់​ស៊ីស្កូ សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ​មុន និង​ក្រុម​ជាប់​ថ្នាក់​ជាតិ​ឈ្មោះ Girl Team For Tomorrow រួម​ទាំង​ការ​ណែនាំ​ឲ្យ​ស្គាល់​គ្រូ​បង្វឹក​ (Mentor) ជា​ច្រើន​រូប​ដែល​បាន​ស្ម័គ្រ​ចិត្ត​រួម​ចំណែក​ជួយ​បង្រៀន​កូដ ដល់​ក្មេងៗ​ស្រី​ដោយ​មិន​គិត​ថ្លៃ ​ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​​ប្រកួត​ថ្នាក់​អន្តរជាតិ​នេះ។

- ៣ មាន​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ពី​ថ្នាក់​ដឹកនាំ​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ដោយ​អនុរដ្ឋ​លេខាធិការ​ក្រសួង​អប់រំ ឯកឧត្ដម សិរី ជំនះ និង​នាយករង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ឯកឧត្ដម ផល ណារិទ្ធ រួម​ទាំង​តំណាង​ដៃ​គូ​ក្រុមហ៊ុន​ឯកជន​ដូចជា Smart Axiata និង DMI(Digital Mobile Innovation Limited) និង​អាណាព្យាបាល​​សិស្ស​យ៉ាង​ច្រើន​កុះ​ករ​

#ជួប​ជាមួយ​ក្រុមយុវតី​វ័យ​ក្មេង Cambodia Identity Product

Technovation Cambodia ឆ្នាំ​នេះ​បាន​​ធ្វើ​ពិធី​បើក​នៅ​ក្នុង​សាលា​តិចណូ ដោយ​អ្នក​ចូលរួម​រហូត​ជាង ៣០០ នាក់ ដែល​ភាគ​ច្រើន​ជា​សិស្ស​កំពុង​សិក្សា​នៅ​ថ្នាក់​អនុ​វិទ្យាល័យ និង​វិទ្យាល័យ​ស្ថិត​នៅ​វ័យ​អាយុ​ចន្លោះ​ពី ១០ ទៅ ១៨ ឆ្នាំ មាន​ទាំង​សិស្ស​ខេត្ត​បាត់​ដំបង និង​សៀម​រាប​ផង​ដែរ។

ចំពោះ​លក្ខខណ្ឌ​កម្មវិធី​មិន​សូវ​ខុស​គ្នា​ពី​ឆ្នាំ​មុនៗ​នោះ​ទេ សិស្ស​ដែល​ដាក់​ពាក្យ​ចូល​រួម​នឹង​បែង​ចែក​ជា​ក្រុម​តូចៗ​ជា​ច្រើន ក្នុង​មួយ​ក្រុម​អាច​មាន​សមាជិក​បី ឬ​ប្រាំ​នាក់ រិះ​រក​បញ្ហា​ណា​មួយ​ក្នុង​សហគមន៍​មក​ដោះ​ស្រាយ ដោយ​បង្កើត​ជា​កម្មវិធី​ដាក់​លើ​ទូរសព្ទ ដែល​មាន​ការ​ណែនាំ​ពី​គ្រូ​បង្វឹក​ស្ម័គ្រ​ចិត្ត។

ក្រុម​ទាំង​អស់​នឹង​ត្រូវ​ប្រកួត​គ្នា​ថ្នាក់​ជាតិ Technovation National Pitch ដើម្បី​ស្វែង​រក​ជយលាភី​ថ្នាក់​ជាតិ និង​បន្ត​ប្រកួត​គ្នា​ដើម្បី​ឡើង​ទៅ​ថ្នាក់​អន្តរជាតិ។

ក្រុម​ដែល​ឈ្នះ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ១០ ក្រុម​ពី​ជុំវិញ​ពិភពលោក​នឹង​ត្រូវ​អញ្ជើញ​ទៅ​ធ្វើ​បទ​បង្ហាញ​នៅ​ទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូល សហរដ្ឋ​អាមេរិក​ ក្នុង​នោះ ២ ក្រុម​ចុងក្រោយ​ដែល​ឈ្នះ នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ១០ ០០០ ដុល្លារ​អាមេរិក៕

ទស្សនា​កម្មវិធី​បើក Technovation ២០១៨

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អត្ថបទ៖ រក្សា