បច្ចេកវិទ្យា​​​ថ្មី​ៗ​កំពូល​​​ទាំង​ ៣ នៃ​ស្មាតហ្វូន​ ប្រចាំ​ឆ្នាំ​ ២០១៧

  • 2017-12-25 04:31:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​ ២០១៧ នេះ​ ​​ហាក់​មិន​មាន​ការ​បញ្ចេញ​បច្ចេកវិទ្យា​ថ្មីៗ​ទាក់​ទង​នឹង​ស្មាតហ្វូន​ច្រើន​ប៉ុន្មាន​នោះ​ទេ។ យ៉ាងណាក្ដី​មាន​ទំនោរ​នៃ​បច្ចេកវិទ្យា​ថ្មីៗ​​ ៣ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត ក្នុង​នោះ​រួម​មាន​ ៖

ផ្ទៃ​អេក្រង់​មាត្រដ្ឋាន​ 18:9

ពី​ដើម​រៀង​មក​ ស្មាតហ្វូន​ភាគ​ច្រើន​មាន​មាត្រដ្ឋាន​អេក្រង់​ 16:9។ វា​ជា​មាត្រដ្ឋាន​ពេញ​និយម​មួយ​សម្រាប់​​ទូរទស្សន៍​ និង​ខ្សែ​ភាពយន្ត​នានា​ ហេតុ​នេះ​វា​សម​ហេតុផល​ដែល​ស្មាតហ្វូន​ប្រើ​មាត្រដ្ឋាន​ដូច​គ្នា​នេះ។ យ៉ាងណាក្ដី​នៅ​ឆ្នាំ​ ២០១៧ នេះ​​ក្រុមហ៊ុន​ទូរសព្ទ​ធំៗ​ជា​ច្រើន​​បាន​ប្ដូរ​មក​ប្រើ​មាត្រដ្ឋាន​ 18:9។

ចាប់​ផ្ដើម​ដំបូង​គេ​គឺ​ LG G6 ដែល​ប្រើ​មាត្រដ្ឋាន​ 18:9 លើ​ផ្ទៃ​អេក្រង់​ទំហំ​ ៥,៧ អ៊ីញ​ បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 2880 x 1440 ភីកសែល ដោយ​បាន​ប្រើ​ឈ្មោះ​ថា​ FullVision។

ក្រោយ​មក​ទៀត​ Samsung ក៏​បាន​ប្រកាស​ចេញ​ Galaxy S8/S8+ ដែល​មាន​មាត្រដ្ឋាន​ដល់​ទៅ​ 18.5:9។ អេក្រង់​​នេះ​មាន​ឈ្មោះ​ថា​ "Infinity Display” ដែល​អនុញ្ញាត​ឲ្យ​ Galaxy S8/S8+ មាន​ស៊ុម​អេក្រង់​ស្ដើង​ និង​អាច​​បង្កើន​ទំហំ​ផ្ទៃ​​អេក្រង់​បាន។ ចាប់​តាំង​ពី​ LG និង Samsung បាន​ចាប់​ផ្ដើម​បញ្ចេញ​ស្មាតហ្វូន​ប្រភេទ​នេះ គេ​ឃើញ​មាន​ស្មាតហ្វូន​ប្រភេទ​នេះ​លេច​ចេញ​ជា​បន្ត​បន្ទាប់​ ដូច​ជា​ Galaxy Note 8, LG V30 និង​ OnePlus 5T ជា​ដើម។

សូម្បី​តែ​ Google ក៏​ប្រើ​មាត្រដ្ឋាន​នេះ​​នៅ​លើ​ Google Pixel 2 XL ដែល​មាន​អេក្រង់​ទំហំ​ ៦ អ៊ីញ។ ចំណែក​ Apple វិញ​ ​ធ្វើ​បាន​រឹត​តែ​ល្អ​ជា​មួយ​នឹង​ iPhone X ដែល​ស្ទើរ​តែ​គ្មាន​គែម​អេក្រង់ ធ្វើ​ឲ្យ​អេក្រង់​ទំហំ​ ៥,៨ អ៊ីញ​លើ​ iPhone X មាន​មាត្រដ្ឋាន​ដល់​ទៅ​ 19.5:9។

អេក្រង់​ស្មាតហ្វូន​មាន​ Refresh Rate 120 Hz

បច្ចេកវិទ្យា​ថ្មី​មួយ​ទៀត​លើ​ស្មាតហ្វូន​ប្រចាំ​ឆ្នាំ​ ២០១៧ ក៏​មាន​ទាក់​ទង​នឹង​អេក្រង់​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​ក្រុមហ៊ុន​ទូរសព្ទ​ច្រើន​បាន​ប្រើ​វា​នោះ​ទេ។ Razer Phone ដែល​ចេញ​កាល​ពី​ខែ​វិច្ឆិកា​ ជា​ស្មាតហ្វូន​ដែល​អេក្រង់​​មាន​ Refresh Rate ល្បឿន​ 120 Hz ខុស​ពី​ស្មាតហ្វូន​ដទៃ​មាន​ត្រឹម​ 60 Hz។ ស្មាតហ្វូន​ ​ម៉ាក​ Aqous របស់​ Sharp ដែល​ចេញ​លក់​តែ​នៅ​អាស៊ី​ក៏​មាន​ប្រើ​អេក្រង់​ប្រភេទ​នេះ​ដែរ។

Refresh Rate ជា​ល្បឿន​ដែល​អេក្រង់​ស្មាតហ្វូន​អាច​​អាប់ដេត​រូបភាព​បាន​រៀងរាល់​មួយ​វិនាទី។ នេះ​មាន​ន័យ​ថា​ប្រសិន​បើ​ល្បឿន​ Refrest Rate លឿន​ ស្មាតហ្វូន​​នោះ​​នឹង​បង្ហាញ​​រូបភាព​បាន​ច្បាស់​ និង​រលូន។

ឆ្នាំ​ ២០១៨ ស្មាតហ្វូន​ជា​ច្រើន​នឹង​ចាប់​ផ្ដើម​ងាក​មក​រក​បច្ចេកវិទ្យា​ VR និង AR ហេតុ​នេះ​ ការ​ដែល​មាន​ Refresh Rate នឹង​ធ្វើ​ឲ្យ​​កម្មវិធី​ VR និង AR ដំណើរ​ការ​កាន់​តែ​​រលូន​ មាន​កម្រិត​ទាក់​ទាប។

ស៊ីម​អេឡិចត្រូនិក​ (eSIM)

មិន​ថា​ស្មាតហ្វូន​ទំនើប​យ៉ាងណា​ក៏​ត្រូវ​ការ​ស៊ីម​កាត​ដើម្បី​​ប្រើ​សម្រាប់​ការ​​ហៅ​ចេញ/ចូល​ ឬ លេង​អ៊ីនធឺណិត។ យ៉ាងណាក្ដី​ក្នុង​ឆ្នាំ​ ២០១៧ ឃើញ​មាន​វិធី​មួយ​ដែល​នឹង​អាច​ជម្រុះ​ចោល​ បច្ចេកវិទ្យា​ស៊េរី​ចាស់​នេះ​បាន។

Google Pixel 2 និង Pixel 2 XL ជា​ស្មាតហ្វូន​ដំបូង​​ដែល​មាន​ប្រើ​បច្ចេកវិទ្យា​ eSIM។ ស្មាតហ្វូន​ទាំង​ពីរ​​មាន​បង្កប់​ស៊ីម​កាត​នៅ​ពី​ក្នុង​ស្រាប់​ ដូច​នេះ​មិន​អាច​ដក​ចេញ​បាន​នោះ​ទេ។ គុណសម្បត្តិ​នៃ​បច្ចេកវិទ្យា​នេះ​គឺ​អ្នក​អាច​ប្ដូរ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរសព្ទ​​​ជា​មួយ​នឹង​កម្មវិធី​បាន។ មិន​តែ​ប៉ុណ្ណោះ​អ្នក​ដែល​ធ្វើ​ដំណើរ​ក្រៅ​ប្រទេស​ នឹង​មិន​ត្រូវ​ការ​ទិញ​​ស៊ីម​កាត​ដើម្បី​ហៅ​ចេញ និង​ភ្ជាប់​សេវា​អ៊ីនធឺណិត​នៅ​ប្រទេស​ដទៃ​នោះ​ទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង