ញៀន​នឹង​ថត​ Selfie ជា​ជំងឺ​ផ្លូវ​ចិត្ត​ មាន​ឈ្មោះ​ថា​ Selfitis

  • 2017-12-28 03:13:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កាល​ពី​ឆ្នាំ​ ២០១៤ ​មាន​រឿង​មួយ​បាន​ល្បី​ពេញ​អ៊ីនធឺណិត​ ដែល​​និយាយ​ថា​សមាគម​ចិត្តសាស្ត្រ​អាមេរិក​បាន​ប្រើ​ពាក្យ​ "Selfitis” ជា​ឈ្មោះ​មួយ​នៃ​ជំងឺ​ផ្លូវ​ចិត្ត​​សម្រាប់​អ្នក​​ញៀន​នឹង​ការ​ថត​រូប​ Selfie និង​ចែក​រំលែក​លើ​អ៊ីនធឺណិត។ ក្រោយ​មក​គេ​បាន​ដឹង​ថា​វា​ជា​រឿង​បោក​ប្រាស់​ ប៉ុន្តែ​វា​ក៏​បាន​ញាំង​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ផង​ដែរ។ ពេល​នេះ​ជំងឺ​ "Selfitis” បាន​ក្លាយ​ជា​ការ​ពិត​ហើយ។

អ្នក​ស្រាវជ្រាវ​ឈ្មោះ​ Janarthanan Balakrishnan ​មក​ពី​សាលា​​ Thiagarajar School of Management ​ក្នុង​​ប្រទេស​ឥណ្ឌា​ និង​ Mark D. Griffiths ​​មក​ពី​មហាវិទ្យាល័យ​ Nottingham Trent University ចក្រភព​អង់គ្លេស​ បាន​​ចុះ​​ផ្សាយ​​​ការ​សិក្សា​ថ្មី​មួយ​ក្នុង​សៀវភៅ​សុខភាព​ផ្លូវ​ចិត្ត​ និង​ការ​ញៀន​ មាន​ចំណង​ជើង​ថា​ “An Exploratory Study of ‘Selfitis’ and the Development of the Selfitis Behavior Scale”។

​​​​ការ​សិក្សា​បាន​កំណត់​​កម្រិត​នៃ​ជំងឺ​ Selfitis ដែល​មាន​បែក​ចែក​​កម្រិត​ញៀន​នឹង​ការ​ថត​ Selfie ជា​បី​កម្រិត។ គេ​បាន​សិក្សា​លើ​សិស្ស​និស្សិត​​ ២២៥ នាក់​​មក​ពី​សកលវិទ្យាល័យ​ពីរ​នៃ​ប្រទេស​ឥណ្ឌា​ និង​បាន​ចាត់​ថ្នាក់​ជា​ កម្រិត​ធ្ងន់ធ្ងរ, មធ្យម​ និង​ធម្មតា។ ក្នុង​ចំណោម​អ្នក​ចូល​រួម​​ មាន​ ៣៤% មាន​ជំងឺ​ Selfitis កម្រិត​ធ្ងន់, ៤០,៥% កម្រិត​មធ្យម​​ និង​ ២៥,៥% ​កម្រិត​ធម្មតា។

ការសិក្សា​បង្ហាញ​ទៀត​ថា​បុរស​​កើត​មាន​ជំងឺ​នេះ​​ក្នុង​ភាគរយ​ខ្ពស់​ជាង​នារី​ដែល​មាន​ដល់​ ៥៧,៥% ធៀប​នឹង​ ៤២,៥%។ ៩% នៃ​អ្នក​ចូល​រួម​ថត​រូប​ Selfie លើស​ពី​ ៨ សន្លឹក​ជា​រៀង​រាល់​ថ្ងៃ​ និង​ ២៥% ចែក​រំលែក​រូបភាព​យ៉ាង​ហោច​ណាស់​​ ៣ សន្លឹក​នៃ​រូបភាព Selfie ​ទាំង​នោះ​នៅ​លើ​អ៊ីនធឺណិត។

លោក​ Balakrishnan បាន​និយាយ​ថា​ ៖ "អ្នក​ដែល​មាន​ជំងឺ​នេះ​​ ជួប​បញ្ហា​ដូច​ជា​​​ខ្វះ​ភាព​ជឿជាក់​លើ​ខ្លួន​ឯង និង​ព្យាយាម​ចង់​ចូល​ចំណោម​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន ហើយ​អាច​នឹង​មាន​អាកប្បកិរិយា​ស្រដៀង​នឹង​​ការ​ញៀន​ដទៃ​ទៀត​ដែរ”។

​ក្រោយ​ពី​មាន​ការ​បញ្ជាក់​ពី​វត្តមាន​ជំងឺ​នេះ​នៅ​ពេល​នេះ គេ​សង្ឃឹម​ថា​​នឹង​មាន​ការ​សិក្សា​ស៊ី​ជម្រៅ​បន្ថែម​អំពី​​មូលហេតុ​ដែល​មនុស្ស​​កើត​មាន​ជំងឺ​នេះ​ និង​ស្វែង​រក​វិធី​ព្យាបាល​ចំពោះ​អ្នក​ដែល​​មាន​ជំងឺ​នេះ​ធ្ងន់ធ្ងរ​៕​​​​​

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង