ហេតុផល៣យ៉ាង ដែលអ្នកមិនគួរបារម្ភខ្លាំងពេក ថាតើអ្វីជាការងារក្នុងក្តីសុបិន្តពិតប្រាកដរបស់អ្នក
- 2018-01-06 08:30:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល៣យ៉ាង ដែលអ្នកមិនគួរបារម្ភខ្លាំងពេក ថាតើអ្វីជាការងារក្នុងក្តីសុបិន្តពិតប្រាកដរបស់អ្នក
ចន្លោះមិនឃើញ
វាជាការដាក់សម្ពាធខ្លាំងទៅលើខ្លួនឯង ដើម្បីស្វែងរកការងារក្នុងក្តីសុបិន្ត ពិសេសនៅពេលអ្នកទើបបញ្ចប់ពីសាលា។ អ្នកខ្លះមានសំណាង ដោយសារតែបានធ្វើការត្រូវកន្លែងដែលខ្លួនចង់ និង ចំពេលវេលា ខណៈដែលអ្នកខ្លះត្រូវប្រើពេល និង បទពិសោធន៍ដើម្បីដុះខាត់ទម្រាំទៅដល់កន្លែង ដែលខ្លួនចង់បាន។
Business Insider ជាសារព័ត៌មានដ៏មានប្រជាប្រិយភាពមួយរបស់សហរដ្ឋអាមេរិក បានលើកហេតុផល៣យ៉ាង ដែលអ្នកមិនគួរបារម្ភខ្លាំងពេក ថាតើអ្វីជាការងារក្នុងក្តីសុបិន្តពិតប្រាកដរបស់អ្នក៖
១ វាត្រូវការពេលវេលាដើម្បីរកឱ្យឃើញនូវសក្តានុពលរបស់អ្នក
Business Insider បានសរសេរថា អ្នកគ្រប់គ្រងមួយចំនួន ចូលចិត្តសួរសំនួរមួយទៅបេក្ខជន ពិសេស និស្សិតទើបបញ្ចប់ការសិក្សាថ្មីៗនូវសំនួរមួយគឺ "តើអ្នកដឹងថាខ្លួនឯងពូកែអីជាងគេ" ព្រោះជាសំនួរដែលគេចង់បានចម្លើយ ដែលឲ្យបេក្ខជនរៀបរាប់ថាគេពូកែអី ជាជាងរៀបរាប់ពីបទពិសោធន៍ផ្សេងៗដែលគេសរសេរក្នុងប្រវត្តិរូប។
តាមពិតទៅ មនុស្សភាគច្រើន មិនអាចមើលឃើញពីចំណុចខ្លាំងរបស់ខ្លួន មុនពេលដែលគេចូលទៅធ្វើការនៅអង្គភាពណាមួយទេ។ ទៅកាន់ការងារជាក់ស្តែង ទើបដឹងថាខ្លួនពូកែអី ឬ ធ្វើទៅរីកចម្រើនឬអត់។
ប្រភពខាងលើបន្ថែមទៀតថា វាសំខាន់ក្នុងការដែលអ្នករកឲ្យឃើញនូវសក្តានុពលពិតប្រាកដរបស់អ្នក ជាជាងផ្តោតទៅលើការងារក្នុងក្តីសុបិន្ត ដែលគ្រាន់តែអ្នកចូលចិត្ត។
២ ស្វែងរកកន្លែងដែលសាកសមនឹងអ្នក មិនមែនមានន័យថាសំលឹងពីតួនាទីការងារ ឬ ឱកាសនោះទេ
ម្តងហើយម្តងទៀត គេសង្កេតឃើញថាការផ្តោតទៅលើអ្វីដែលអ្នកអាចរៀនសូត្រពីការងារ វាសំខាន់ជាងតួនាទី និង ឱកាសការងារ ព្រោះអាជីពដែលធ្វើឲ្យអ្នករីកចម្រើន និង ការអភិវឌ្ឍន៍ខ្លួនឯង ទើបធ្វើឲ្យអ្នកឈានទៅដល់ចំណុចមួយជោគជ័យពិតប្រាកដនៅទីបញ្ចប់។ Business Insider បន្ថែម។
៣ អាជីពការងារជារបស់អ្នក មិនមែនអ្វីដែលមនុស្សដទៃគិតអំពីអ្នកនោះឡើយ
អ្នកខ្លះនិយាយថា គេចូលចិត្តធ្វើការច្រើនមុខ ដើម្បីឲ្យបទពិសោធន៍របស់គេកាន់តែចម្រុះ ប៉ុន្តែចង់មិនចង់ នៅទីបំផុតមានតែអាជីព ឬ ការងារដែលគេមានជំនាញ ទើបធ្វើឲ្យគេស្រលាញ់ពេញចិត្តដល់ទីបំផុត។ ហេតុដូច្នេះ ការសម្រេចចិត្តផ្លាស់ប្តូរអាជីពបន្ទាប់របស់អ្នកសំខាន់ណាស់ ព្រោះវាផ្អែកលើអ្វីដែលមានអត្ថន័យបំផុតសម្រាប់អ្នក មិនមែនអ្វីដែលអ្នកដទៃគិតថាអ្នកគួរតែធ្វើនោះឡើយ៕