បើដឹងរឿងនេះ ប្រាកដជាលែងហ៊ានឲ្យកូនមើលទូរទស្សន៍យូរម៉ោងហើយ
- 2018-01-21 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើដឹងរឿងនេះ ប្រាកដជាលែងហ៊ានឲ្យកូនមើលទូរទស្សន៍យូរម៉ោងហើយ
ចន្លោះមិនឃើញ
សារព័ត៌មាន The Daily Telegraph បានចុះផ្សាយការសិក្សាមួយដែលបង្ហាញថា ការមើលទូរទស្សន៍លើសពីពីរម៉ោងក្នុងមួយថ្ងៃអាចធ្វើឲ្យក្មេងៗលើសសម្ពាធឈាមបាន។
ការសិក្សាដ៏ធំមួយនេះមានការចូលរួមដោយក្មេងៗច្រើនជាង ៥០០០នាក់ ដែលត្រូវបានគេតាមដានរយៈពេល ២ឆ្នាំ ហើយរកឃើញទំនាក់ទំនងមួយរវាងការអង្គុយនៅមុខកញ្ចក់ទូរទស្សន៍ និងការលើសសម្ពាធឈាមរបស់ពួកគេ។
គេបានរកឃើញថា ក្មេងលើសពីម្នាក់ក្នុងចំណោម ១០នាក់ បានលើសសម្ពាធឈាម ដែលវាជាកត្តាដ៏សំខាន់មួយនាំឲ្យកើតជំងឺបេះដូងនៅថ្ងៃក្រោយ។ ជំងឺនេះអាចបំផ្លាញដល់បេះដូង និងសរសៃឈាមដូចជាជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។ ក្មេងដែលចំណាយពេលច្រើនជាង ២ម៉ោងក្នុងមួយថ្ងៃ ក្នុងការមើលទូរទស្សន៍ រយៈពេលពីរឆ្នាំគឺមានការប្រឈមកាន់តែខ្ពស់ ដោយសារតែពួកគេមិនសូវមានសកម្មភាពរាងកាយ។
ការសិក្សានេះបានគាំទ្រទៅលើអំណះអំណាងពីមុនដែលថា ការអង្គុយច្រើនជាងឈរ និងសកម្មភាពរាងកាយតិចទៀតនោះមានជាប់ទាក់ទងនឹងការលើសសម្ពាធឈាមទោះបីជាវាមិនបានផ្តល់នូវអំណះអំណាងទៅលើមូលហេតុពីមុនៗក៏ដោយ។
មានកត្តាច្រើនណាស់ដែលអាចប៉ះពាល់ដល់សម្ពាធឈាមដូចជា ហ្សែន ការលូតលាស់ក្នុងស្បូន ស្ថានភាពសង្គមសេដ្ឋកិច្ច និងទម្ងន់។
គេនិយាយថា កាលណាក្មេងចំណាយពេលមើលទូរទស្សន៍ ឬលេងហ្គេមកុំព្យូទ័រកាន់តែច្រើន ពួកគេនឹងមិនសូវមានសកម្មភាពរាងកាយឡើយ។ នៅប្រទេសអង់គ្លេស ក្មេងអាយុចាប់ពី៥ ទៅ១៨ឆ្នាំត្រូវបានគេណែនាំ និងអប់រំឲ្យធ្វើសកម្មភាពរាងកាយយ៉ាងហោចណាស់ ៦០នាទីក្នុងមួយថ្ងៃ៕