អបអរ! ម្ចាស់បទ "Shape Of You" ភ្ជាប់ពាក្យជាមួយមិត្តពីកុមារហើយ
- 2018-01-21 03:21:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរ! ម្ចាស់បទ "Shape Of You" ភ្ជាប់ពាក្យជាមួយមិត្តពីកុមារហើយ
ចន្លោះមិនឃើញ
ក្ដីស្រឡាញ់កើតមានចំពោះគ្នា ពីមួយថ្ងៃទៅមួយថ្ងៃមិនអាចកាត់ថ្លៃបានរវាងគូស្នេហ៍ Ed Sheeran និងមិត្តស្រីរាប់ឆ្នាំ ពិតជាធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តណាស់ ហើយកាន់តែភ្ញាក់ផ្អើលគឺនៅពេលលោកប្រកាសថា ខ្លួនភ្ជាប់ពាក្យរួចហើយ។
កាលពីថ្ងៃទី ២០ ខែមករា ម្ចាស់បទ "Shape Of You” Ed Sheeran បានបង្ហោះរូបថើបមិត្តស្រីវ័យ ២៤ឆ្នាំ អមសេចក្ដីប្រកាសថា ខ្លួនបានភ្ជាប់ពាក្យមុនឆ្នាំ ២០១៨ទៅទៀត។ គ្រាន់តែដឹងភ្លាម អ្នកគាំទ្រមិនតិចទេ ភ្ញាក់ផ្អើល និងសាទរគ្រប់ៗគ្នា ហើយចំណែកបណ្ដាញផ្សព្វផ្សាយមិនបង្អង់យូរនាំគ្នា ចុះផ្សាយព្រាត។
ក្រឡេកទៅកាលពិឆ្នាំមុនតារាចម្រៀងវ័យ ២៦ឆ្នាំរូបនេះ បានបង្ហាញថាខ្លួន និងមិត្តស្រីទាក់ទងស្រឡាញ់គ្នាតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ ស្នេហា Ed កើតឡើងនៅពេល Cherry Seaborn ដែលជាមិត្តស្រីមើលថែរក្សាលោក ក្រោយពេលលោករងរបួសពីគ្រោះថ្នាក់ដួលកង់។
តារាចម្រៀងរូបនេះបានបង្ហើបប្រាប់វិបសាយ Capital Breakfast ថា នាង (Cherry) ធ្លាប់ទាំងបានជួយដុសធ្មេញឲ្យ និងមើលថែលោកសព្វបែបយ៉ាង ហើយសម្រាប់លោក នារីម្នាក់ ពិតជាដ៏ល្អណាស់។
អ្វីដែលអស្ចារ្យ គូស្នេហ៍នេះ គឺជាមិត្តនឹងគ្នាតាំងពីអាយុ ១១ឆ្នាំ និងរៀនសាលានៅសាលាតែមួយជាមួយគ្នាទៀត ប៉ុន្តែក្ដីស្រឡាញ់គ្នា ទើបតែកើតមាន នៅពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ យ៉ាងណាមិញ មហាជនក៏កំពុងរង់ចាំដំណឹងរៀបការរបស់ពួកគេជាបន្តផងដែរ៕