ព្រះ​ចន្ទ​ពណ៌​ខៀវ​ ពិត​ជា​មាន​មែន​ឬ?

  • 2018-01-25 04:02:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​ចេញ​ផ្សាយ​ថា​ ព្រះចន្ទ​ពណ៌​ខៀវ​ នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​ចុង​ខែ​មករា​នេះ​ ពោល​ចំ​ថ្ងៃ​ទី​ ៣១ តែ​ម្ដង។ ទាក់​ទង​នឹង​ដំណឹង​នេះ​ កើត​មាន​មតិ​ងឿង​ឆ្ងល់​ថា​ តើ​ព្រះចន្ទ​ពណ៌​ខៀវ​ពិត​ជា​មាន​មែន​ឬ​យ៉ាងណា?

តាម​ពិត​ទៅ​ ព្រះចន្ទ​ពណ៌​ខៀវ​ គ្រាន់​តែ​ជា​ឈ្មោះ​​ដែល​លោក​ខាង​លិច​បង្កើត​ឡើង ដើម្បី​តំណាង​ឲ្យ​ព្រះ​ចន្ទ​រះ​ពេញ​វង់​ដែល​ជា​ចំនួន​លើស។ ជា​ទូទៅ​ក្នុង​មួយ​ឆ្នាំ​មាន​ព្រះចន្ទ​រះ​ពេញ​វង់​ត្រឹម​តែ​ ១២ ដង​ប៉ុណ្ណោះ និង​មួយ​ខែ​មាន​ចំនួន​ ១។

ដោយ​ឡែក​​ដោយ​សារ​តែ​លក្ខណៈ​ចម្លែក​នៃ​ប្រតិទិន​ ហេតុ​នេះ​​ក្នុង​ខែ​ខ្លះ​​​អាច​មាន​ព្រះ​ចន្ទ​រះ​ពេញ​វង់​ដល់​ទៅ​ ២ ដង​ឯណោះ ហើយ​ព្រះ​ចន្ទ​ដែល​រះ​លើស​នេះ​ហើយ​ដែល​គេ​ហៅ​វា​ថា​ ព្រះចន្ទ​ពណ៌​ខៀវ (Blue Moon)។ ជាក់​ស្ដែង​ក្នុង​ខែ​មករា​នេះ​ មាន​ព្រះ​ចន្ទ​រះ​ពេញ​វង់​ចំនួន​ពីរ​ដង​ លើក​ទី​មួយ​នៅ​​ចន្លោះ​ថ្ងៃ​ទី​ ១ ខែ​មករា​ និង​លើក​ទី​ពីរ​នៅ​ថ្ងៃ​ទី​ ៣១ ខែ​មករា​នេះ​ឯង។

នៅ​ឆ្នាំ​ ២០១៨ នេះ​ព្រះចន្ទ​ពណ៌​ខៀវ​មាន​ចំនួន​ពីរ​ ដោយ​​លើក​ទីពីរ​នឹង​កើត​មាន​នៅ​​ថ្ងៃ​ទី​ ៣១ ខែ​មីនា ដែល​ជា​ព្រះចន្ទ​លើស​ប្រចាំ​ខែ​មីនា។ ព្រះចន្ទ​ពណ៌​ខៀវ​​បន្ទាប់​ទៀត​នឹង​កើត​មាន​នៅ​​ថ្ងៃ​ទី​ ៣១ ខែ​តុលា​ ឆ្នាំ​ ២០២០៕​

​​​

ប្រភព៖ Space | EarthSky   ប្រែ​សម្រួល៖ សុខហេង