ប្រយ័ត្នកុំបរិភោគ "ត្រីក្រពត" ៣ប្រភេទនេះ មានជាតិពុលខ្ពស់បំផុតនៅរដូវពងកូន
- 2018-01-25 09:15:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នកុំបរិភោគ "ត្រីក្រពត" ៣ប្រភេទនេះ មានជាតិពុលខ្ពស់បំផុតនៅរដូវពងកូន
ចន្លោះមិនឃើញ
នៅក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន ១០ប្រភេទ ក្នុងនោះមាន ៣ប្រភេទ មានជាតិពុល រួមមាន Tetraodon Cochinchinensis, Monotrete leiurus និង Tetraodom fluviatillis ដែលមានភិនភាគដូចរូបខាងក្រោម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមករានេះ ក្រោយមានករណីមនុស្សពុល ១០នាក់ (១នាក់ស្លាប់) ដោយសារបរិភោគត្រីក្រពត នៅខេត្តកោះកុង កាលពីពេលថ្មីៗនេះ។
ក្រសួងបញ្ជាក់ថា នៅពេលដែលបរិភោគត្រីក្រពតទាំងនេះ ជាតិពុលនឹងជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្តាល បង្កទៅជាជំងឺធ្ងន់ធ្ងរ និងអាចបណ្តាលឲ្យស្លាប់បាន។
ត្រីក្រពតទាំង៣ប្រភេទខាងលើនេះ មានជាតិពុលខ្ពស់បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតាកើតឡើងនៅក្នុងខែកុម្ភៈ មីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺពង និងស្ពែមរបស់វា មានជាតិពុលខ្ពស់ជាងគេ បន្ទាប់មកគឺ ថ្លើម ពោះវៀន ស្បែក និងសាច់។
ក្រសួងសុខាភិបាល បន្តថា រោគសញ្ញា នឹងចាប់ផ្តើមកើតមានក្នុងរយៈពេល ២០នាទី ទៅ ២ម៉ោងបន្ទាប់ពីបានបរិភោគត្រីបែបនេះ។ រោគសញ្ញារួមមាន រមាស់ចាក់ៗនៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈ ឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅចុងអវយវៈ មានការពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្ពឹកចុងដៃចុងជើង ក្អួត រាគ ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្តាលឲ្យស្លាប់តែម្តង។
ក្រសួងក៏បានណែនាំឲ្យបញ្ជូនអ្នកពុលត្រីនោះភ្លាមៗ ទៅកាន់មណ្ឌលសុខភាព និងឬមន្ទីរពេទ្យដែលនៅជិតបំផុត។ លោកអ្នកក៏អាចទាក់ទងតាមលេខទូរសព្ទទាន់ហេតុការណ៍ ១១៥ ដោយឥតគិតថ្លៃផងដែរ ក្នុងពេលជួបករណីនេះ៕