បើបន្លែមានសារធាតុគីមីពុលប្រភេទនេះ ទោះលាងយ៉ាងណាក៏មិនជ្រះដែរ
- 2018-01-31 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើបន្លែមានសារធាតុគីមីពុលប្រភេទនេះ ទោះលាងយ៉ាងណាក៏មិនជ្រះដែរ
ចន្លោះមិនឃើញ
បញ្ហាបន្លែមានសារធាតុគីមីពុល បង្កគ្រោះថ្នាក់ដល់សុខភាពកំពុងក្លាយជាកង្វល់មួយសម្រាប់អ្នកបរិភោគបច្ចុប្បន្ន។ ទោះបីជាលាងសម្អាតច្រើនដងយ៉ាងណាក៏ដោយក៏សាធាតុគីមីពុលដែលជ្រាបចូលក្នុងសរីរាង្គបន្លែគឺមិនអាចជម្រះបាននោះទេ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញកសិកម្ម។
ប្រធានអង្គការសេដាក ដែលជំនាញផ្នែកកសិកម្ម លោក សំ វិទូ លើកឡើងថាការលាងសម្អាតដោយទឹកស្អាត ឬដោយទឹកលាងបន្លែក្តី គឺសម្អាតបានតែបាត់តេរី ឬជាតិពុលដែលជាប់នៅនឹងស្លឹក ឬសំបកបន្លែតែប៉ុណ្ណោះ។ យ៉ាងណាមិញ លោកថាចំពោះសារធាតុគីមីពុលដែលចូលទៅក្នុងសរីរាង្គបន្លែហើយគឺមិនអាចសម្អាតបានទេ។
លោកពន្យល់ថាសារធាតុគីមីពុលខ្លះប្រើសម្រាប់កម្ចាត់សត្វល្អិតដែលបំផ្លាញផ្នែកខាងក្រៅនៃបន្លែ ឬផ្លែឈើ និងថ្នាំពុលមួយប្រភេទទៀតប្រើសម្រាប់ការពារសត្វល្អិតដែលបំផ្លាញសាច់ឬដើមរបស់បន្លែ ផ្លែឈើ។
លោកបញ្ជាក់ថាៈ «ចង់និយាយថាអ៊ីចេះ ប្រភេទពួកថ្នាំពុលហ្នឹងវាមានពីរប្រភេទ ពួកដែលអត់ជ្រាប ចូលតាមសំបក ឬតាមស្រទាប់ខាងក្រៅ អាហ្នឹងនៅតែខាងក្រៅទេ វាជាប់នៅនឹងបន្លែឬផ្លែឈើនៅតែខាងក្រៅ យើងអាចលាងបាន ប៉ុន្តែមួយប្រភេទទៀតបាញ់ទៅគឺជ្រាបចូលក្នុងកោសិការរបស់បន្លែ ឬផ្លែឈើហ្នឹងតែម្តង មានន័យថាវាចូលដល់ក្នុងហើយ អ៊ីចឹងការលាងសម្អាតខាងក្រៅហ្នឹងវាអត់បានទេ»។
ប្រហាក់ប្រហែលគ្នានេះ កាសិក្សាមួយចំនួនបានបង្ហាញតែការលាងសម្អាតបន្លែផ្នែកខាងក្រៅប៉ុណ្ណោះ ដែលការលាងសម្អាតនេះប្រើទឹកស្អាតធម្មតា ឬទឹកលាយជាមួយអំបិល ជាដើម។ ការលាងសម្អាតបែបនេះ ដើម្បីសម្អាតសត្វល្អិននិងសារធាតុគីមីពុលមួយចំនួននៅជាប់នឹងស្លឹកបន្លែ ឬសំបកបន្លែ ផ្លែឈើ។
ការសិក្សាខ្លះបង្ហាញថាសារធាតុគីមីពុលនៅលើបន្លែអាចធ្វើឲ្យអ្នកបរិភោគមានអការៈវិលមុខ រាករូស ស្រវាំងភ្នែក ជាដើម។ សម្រាប់រយៈពេលវែងវិញ សារធាតុគីមីពុលទាំងនេះអាចបំផ្លាញប្រព័ន្ធប្រសាទ ការចងចាំមិនល្អ ជំងឺស្បែក និងជំងឺមហារីកជាដើម។
ចំពោះការពិនិត្យដោយភ្នែកថាបន្លែប្រភេទណាមានឬគ្មានជាតិគីមីពុលនោះ លោក សំ វិទូ ថាមិនអាចធ្វើទៅរួចនោះទេ តែលោកថាបើប្រភេទបន្លែព្រៃគឺអាចសន្និដ្ឋានបានថាគ្មានជាតិពីមីពុល។ បច្ចុប្បន្នក៏មានដែរទំនោរបស់អ្នកបរិភោគទៅរកបន្លែសរីរាង្គ តែលោកថាបន្លែប្រភេទនេះផលិតបានប្រហែល១ភាគរយនៃតម្រូវការក្នុងស្រុកប៉ុណ្ណោះ។
បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម កម្ពុជានាំចូលបន្លែពីបរទេសចន្លោះពី២០០ទៅ៤០០តោនក្នុងមួយថ្ងៃ៕