សេដ្ឋី​បច្ចេកវិទ្យា​ល្បីៗ​ ដែល​មាន​គូ​កំណាន់​តែ​ម្នាក់គត់​ក្នុង​ជីវិត​​

  • 2018-02-05 02:05:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​មាន​មតិ​​ខ្លះ​បាន​លើក​ឡើង​​ថា​អ្នក​ IT ជា​មនុស្ស​ដែល​​ស្មោះ​នឹង​ស្នេហា​ជា​ទីបំផុត។ វា​អាច​ជា​ការ​លើក​ឡើង​ដ៏​ត្រឹម​ត្រូវ​មួយ​ ព្រោះ​ថា​​បុគ្គល​បច្ចេកវិទ្យា​ល្បីៗ​ភាគ​​ច្រើន​​នា​ពេល​បច្ចុប្បន្ន​មាន​គូ​កំណាន់​តែ​ម្នាក់​ប៉ុណ្ណោះ ត្បិត​ថា​ពួក​គេ​មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ​ក្ដី។

១. លោក​ Bill Gates

លោក​ Bill Gates អ្នក​បង្កើត​ក្រុមហ៊ុន​ Microsoft បាន​រៀប​ការ​ជា​មួយ​​​លោក​ស្រី​ Melinda French នា​ឆ្នាំ​ ១៩៩៤ ពេល​​ដែល​ខាង​ប្រុស​មាន​វ័យ​ ៣៨ ឆ្នាំ និង​ខាង​ស្រី​មាន​វ័យ​ ២៩ ឆ្នាំ។ ចំណង​អាពាហ៍ពិពាហ៍​​​រយៈពេល​ជាង​ ២០ ឆ្នាំ​របស់​គូស្នេហ៍​មួយ​គូ​នេះ​​​បាន​បន្សល់​ទុក​នូវ​កូន​​ប្រុស​ស្រី​ចំនួន​ ៣ នាក់។

​​​​​២. លោក​ Mark Zuckerberg

លោក​ Mark Zuckerberg បាន​ជួប​នឹង​លោក​ស្រី Priscilla Chan ​​ដែល​ជា​​ភរិយា​របស់​ខ្លួន​​ជា​លើក​ដំបូង​នៅ​ក្នុង​ពិធី​ជប់លៀង​មួយ​​ អំឡុង​ពេល​រៀន​នៅ​សាកល​វិទ្យាល័យ​ Harvard។ អ្នក​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​នៅ​ឆ្នាំ​ ២០០៣ និង​បាន​រៀប​ការ​នៅ​​ខែ​​ឧសភា​ ឆ្នាំ​ ២០១២ ដោយ​បច្ចុប្បន្ន​នេះ​មាន​កូន​ចំនួន​ ២។

៣. លោក Jack Ma

ត្បិត​ថា​មិន​បាន​សិក្សា​ជំនាញ​បច្ចេកវិទ្យា​អ្វី​មែន​ពិត​ ប៉ុន្តែ​លោក​ Jack Ma ជា​បុគ្គល​ម្នាក់​ដែល​​ស្រឡាញ់​ និង​ចូល​ចិត្ត​ការ​សរសេរ​កូដ។ ​ម្ចាស់​ក្រុមហ៊ុន​ Alibaba ​រូប​នេះ​បាន​រៀប​ការ​ជា​មួយ​នឹង​​លោក​ស្រី​​ Zhang Ying ដែល​ជា​សិស្ស​រួម​សាលា​ ក្រោម​បញ្ចប់​ការ​សិក្សា​នៅ​ចុង​​សតវត្ស​ឆ្នាំ​ ១៩៨០។ ​បច្ចុប្បន្ន​នេះ​មាន​កូន​ប្រុស​ ស្រី​ចំនួន​ពីរ​នាក់។

៤. លោក​ Larry Page

​សហ​ស្ថាបនិក​ក្រុមហ៊ុន​ Google នេះ​​បាន​​ចង​ភ្ជាប់​ចំណង​​អាពាហ៍ពិពាហ៍​ជា​មួយ​នឹង​ Lucinda Southworth នៅ​ឆ្នាំ​ ២០០៧ ដោយ​មាន​​កូន​ៗ​ចំនួន​ពីរ​រូប​កើត​នៅ​ឆ្នាំ​ ២០០៩ និង ឆ្នាំ​ ២០១១។

៥. លោក​ Satya Nadella

នៅ​ឆ្នាំ​ ១៩៩២ នាយក​ប្រតិបត្តិ​បច្ចុប្បន្ន​របស់​ក្រុមហ៊ុន​ Microsoft រូប​នេះ​ បាន​រៀប​មង្គលការ​ជា​មួយ​នឹង​​លោក​ស្រី​ Anupama ដែល​កូនស្រី​មិត្តភ័ក្ដិ​ឪពុក​របស់​​ខ្លួន។ បច្ចុប្បន្ន​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​មាន​​កូនៗ​ចំនួន​ ៣ នាក់​ ប្រុស​ ១ ស្រី ២។

៦. លោក​ Sundar Pichai

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Google ​​រូប​នេះ​​មាន​ភរិយា​ឈ្មោះ​ Anjali Pichai។ មិន​មាន​ព័ត៌មាន​អំពី​កាល​បរិច្ឆេទ​រៀប​ការ​របស់​គូ​ស្នេហ៍​មួយ​គូ​នេះ​ឡើយ ប៉ុន្តែ​គេ​ដឹង​ថា​ពួក​គេ​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​តាំង​ពី​ពេល​ដែល​លោក​ Sundar នៅ​ជា​និស្សិត​នៃ​​វិទ្យាស្ថាន​បច្ចេកវិទ្យា​​​របស់​ឥណ្ឌា​ ហើយ​ពួក​គេ​មាន​កូន​ចំនួន​ពីរ​រូប៕

អត្ថបទ៖ សុខហេង