ឆ្មក់ចូលទីតាំងធ្វើសាច់ឆ្កែ បែកធ្លាយរឿងលួចឆ្កែដ៏កក្រើកនៅវៀតណាម
- 2018-02-05 03:07:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្មក់ចូលទីតាំងធ្វើសាច់ឆ្កែ បែកធ្លាយរឿងលួចឆ្កែដ៏កក្រើកនៅវៀតណាម
ចន្លោះមិនឃើញ
ការស៊ើបអង្កេតដោយកាសែត Tuoi Tre របស់ប្រទេសវៀតណាម បានបង្ហាញថា សត្វឆ្កែជាច្រើនក្បាលត្រូវបានលួច នៅភាគខាងត្បូងខេត្ត Binh Duong ហើយដឹកជញ្ជូនទៅកន្លែងសម្ងាត់មួយ ដើម្បីធ្វើជាអាហារ (សាច់ពិសេស)។
អ្នកយកព័ត៌មានរបស់កាសែតខាងលើ បានឆ្មក់ចូលទីកន្លែងដែលធ្វើសាច់ឆ្កែមួយនៅខេត្ត Binh Duong ។
នៅល្ងាចមួយ បុរសម្នាក់ឈ្មោះ Phu មានអាយុប្រហែលជា ២៥ ឆ្នាំ បានជិះម៉ូតូតាមដងផ្លូវជាច្រើនក្នុងខេត្តខាងលើ រួចក៏ប្រទះឃើញសត្វឆ្កែមួយក្បាល ដែលមានទម្ងន់ប្រហែល ១០ គីឡូក្រាមនៅមុខផ្ទះមួយខ្នង។
Phu បានបោះចំណីពុលមួយដុំទៅឲ្យសត្វឆ្កែនោះស៊ី បណ្ដាលឲ្យវាដេកដួលលើដីភ្លាមៗមួយរំពេច។ ជាសំណាងអាក្រក់ ខណៈពេល Phu បម្រុងយកឆ្កែ ស្រាប់តែម្ចាស់វាចេញមកទាន់ រួចស្រែកហៅគេឲ្យជួយ។ Phu គ្មានជម្រើស មានតែទុកឆ្កែចោល រត់យករួចខ្លួនសិន។
អ្នកយកព័ត៌មានខាងលើ ក្រោយមកបានដឹងថា Phu គឺជាចោរលួចឆ្កែម្នាក់ក្នុងចំណោមចោរជាច្រើននាក់ផ្សេងទៀត ដែលធ្វើការឲ្យបុរសអាយុជាង ៤០ ឆ្នាំម្នាក់ឈ្មោះថា Binh ជាម្ចាស់ទីកន្លែងធ្វើសាច់ឆ្កែសម្ងាត់មួយ នៅភូមិ My Phuoc ស្កាត់ Ben Cat។
នៅទីនោះ Phu បានអះអាងថា មនុស្សមិនប្រឈមគ្រោះថ្នាក់អ្វីទាំងអស់ នៅពេលទទួលទានសាច់ឆ្កែ ដែលងាប់ដោយសារថ្នាំពុល។ បុរសរូបនេះបានពន្យល់ឲ្យដឹងថា «សត្វឆ្កែងាប់ភ្លាមៗនៅពេលភ្លក់រសជាតិពុល។ ពួកវាគ្មានឱកាសលេបវាទេ»។
ជាមួយគ្នានេះ Huy អាយុ ២៦ ឆ្នាំ ដែលជាចោរលួចឆ្កែ ធ្វើការឲ្យ Binh ដែរ បានប្រាប់ថា «ការបំពុលសត្វឆ្កែ មិនមែនចេះតែបានជោគជ័យទេ ដោយសារតែមូលហេតុផ្សេងៗគ្នា» ហើយបានអះអាងថា ការប្រើឧបករណ៍ឆក់មានប្រសិទ្ធភាពជាង។
Huy តែងប្រើឧបករណ៍អគ្គិសនីនេះជាញឹកញាប់ក្នុងអំឡុងពេលបរបាញ់ចម្ងាយឆ្ងាយ នៅស្រុក Dau Tieng ឬ ទីក្រុង Ho Chi Minh ខណៈជិះរថយន្តជួល (តម្លៃ ៥ សែនដុង ឬ ២២ ដុល្លារក្នុងមួយយប់) ដើម្បីប្រមាញ់សត្វឆ្កែជាមួយសមាជិកដទៃទៀត។
ពួកគេអាចឆក់សត្វឆ្កែចម្ងាយ ៥ ម៉ែត្រ ដោយគ្រាន់តែអង្គុយបាញ់ចេញពីរថយន្ត។ ក្នុងមួយយប់ ដៃគូទាំង ២ នេះអាចលួចឆ្កែបានពី ៣០ ទៅ ៤០ ក្បាលឯណោះ។ ក្រោយពេលដឹកបញ្ជូនទៅឲ្យ Binh និងកន្លែងធ្វើសាច់ឆ្កែផ្សេងទៀតនៅស្រុក Thuan An ពួកគេអាចរកបានប្រហែល ១០ លានដុង ឬ ៤៤០ ដុល្លារ។
គួរបញ្ជាក់ឲ្យដឹងថា សត្វឆ្កែដែលត្រូវគេសម្លាប់ដោយថ្នាំពុល ឬ ឧបករណ៍ឆក់ ត្រូវបានកែច្នៃនៅកន្លែងរបស់ Binh មុនពេលលក់ទៅឲ្យអ្នកទទួលទាន លើផ្លូវ Quyen Street ក្នុងខេត្ត Binh Duong។
Huy បានប្រាប់ថា Binh ទិញសត្វឆ្កែដែលលួចបានក្នុងតម្លៃ ៤០ ០០០ ដុង ឬ ១,៧៥ ដុល្លារក្នុងមួយគីឡូក្រាម ហើយលក់ចេញឲ្យអតិថិជនវិញក្នុងតម្លៃ ៧០ ០០០ ដុង ឬ ៣ ដុល្លារក្នុងមួយគីឡូក្រាម។ មិនតែប៉ុណ្ណោះ Binh ក៏មានកន្លែងលក់សាច់ឆ្កែឆៅផងដែរ ដោយក្នុងមួយគីឡូក្រាម គេលក់បាន ១០០ ០០០ ដុង ឬ ៤,៥ ដុល្លារ៕
ចុចអាន៖