លែងហ៊ានមើលរឿងអាសអាភាសលើទូរសព្ទ បើដឹងល្បិចធ្វើស៊ីនេះ
- 2018-02-06 03:37:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លែងហ៊ានមើលរឿងអាសអាភាសលើទូរសព្ទ បើដឹងល្បិចធ្វើស៊ីនេះ
ចន្លោះមិនឃើញ
ក្រុមហ៊ុនសុវត្ថិភាព Kaspersky បានព្រមានថាការទស្សនារឿងអាសអាភាសលើឧបករណ៍ Android អាចបង្កផលប៉ះពាល់ខ្លាំងដល់ថ្នាក់ត្រូវឆ្លងមេរោគ ឬ ត្រូវគេបោកបញ្ឆោតបានទៀតផង។
ផ្អែកតាមក្រុមហ៊ុនសុវត្ថិភាពរបស់រុស្សី អ្នកទស្សនារឿងអាសអាភាសលើឧបករណ៍ Android ជាមុខសញ្ញាសំខាន់ជាងគេរបស់ជនបោកប្រាស់។ ជាក់ស្ដែងជនបោកប្រាស់តាមអ៊ីនធឺណិតប្រើប្រាស់រឿងអាសអាភាសជាអន្ទាក់ ដើម្បីល្បួងអ្នកប្រើប្រាស់ចុចលើ Link ណាមួយ រួចបញ្ចូលមេរោគភ្លាមៗ។
បច្ចុប្បន្ននេះមានមនុស្ស ១,២ លាននាក់ត្រូវរងគ្រោះដោយមេរោគកាចសាហាវពេលទស្សនារឿងអាសអាភាសលើស្មាតហ្វូនរបស់ពួកគេ។ បន្ថែមពីនេះមានកូដមេរោគចំនួន ២៣ ប្រភេទត្រូវបានគេបង្កើតឡើងសម្រាប់ទម្លាយប្រព័ន្ធសុវត្ថិភាពរបស់ Android។
វីដេអូអាសអាភាសកាន់តែទទួលបានការពេញនិយម ចំនួនអ្នករងគ្រោះអំពីអំពើចោរកម្មលើអ៊ីនធឺណិតក៏កាន់តែកើនឡើង។ អំពើចោរកម្មមួយដែលនិយមកើតមានបំផុតគឺការអូសទាញអ្នកប្រើប្រាស់តាមរយៈវីដេអូ ឬ រូបភាពស្រើបស្រាល។ ពេលដែលអ្នកប្រើជ្រុលដៃចុចលើរូបភាព ឬ វីដេអូ វានឹងបង្ហាញផ្ទាំងក្លែងក្លាយមួយ និយាយថាស្មាតហ្វូនរបស់អ្នកបានឆ្លងមេរោគ។
ផ្ទាំងក្លែងក្លាយនេះទៀតសោតបានណែនាំឲ្យអ្នកប្រើទំនាក់ទំនងទៅកាន់លេខទូរសព្ទដែលបង្ហាញនៅលើផ្ទាំង ដោយបោកប្រាស់ថាជាភ្នាក់ងារបម្រើសេវាអតិថិជនរបស់ Microsoft។ ប៉ុន្តែតាមពិតទៅលេខទូរសព្ទដែលបង្ហាញនោះមានភ្ជាប់នឹងប្រព័ន្ធមួយរបស់ជនបោកប្រាស់ ដែលអាចចូលយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើបានយ៉ាងងាយ និងអាចលួចទិន្នន័យគណនីធនាគារទៀតផង។
មានការបោកប្រាស់មួយទៀត គឺការបង្ហាញវិបសាយរកគូស្រករក្លែងក្លាយដោយវាប្រហារលើបុរសៗដែលគ្មានគូ។ វិបសាយទាំងនេះតម្រូវឲ្យបញ្ចូលព័ត៌មានពី Credit Card នៅពេលចុះឈ្មោះ។ ហេតុនេះប្រសិនបើជនរងគ្រោះជាប់ជុច ព័ត៌មានអំពី Credit Card របស់ពួកគេនឹងត្រូវគេលួចបាន ហើយអាចត្រូវបាត់បង់ថវិកាទៀតផង។
ជាចុងក្រោយ Kaspersky ណែនាំថាដើម្បីជៀសផុតពីការបោកប្រាស់របស់ជនខិលខូចលើអ៊ីនធឺណិតគួរណាកុំដំឡើងកម្មវិធីអាសអាភាសផ្ដេសផ្ដាសដែលមិនមាននៅលើ Play Store និងមិនត្រូវបើកវិបសាយដែលអ្នកមិនដឹងប្រភពច្បាស់លាស់នោះទេ៕