Apple ឲ្យ​ម្ចាស់ iPhone ធ្វើ​រឿង​នេះ​ភ្លាម ក្រោយ​បែក​ធ្លាយ​កូដ​ iOS ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​​

  • 2018-02-09 02:43:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​​ថ្ងៃ​ម្សិលមិញ​នេះ​វិបសាយ​ Motherboard បាន​រាយការណ៍​ថា​​កូដ​ iBoot របស់​ iPhone ដែល​ប្រើ​សម្រាប់​ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិការ​ បាន​លេច​ធ្លាយ​នៅ​លើ​វិបសាយ​អនឡាញ ដោយ​គេ​បាន​ចាត់​ទុក​ថា​វា​ជា​ការ​លេច​ធ្លាយ​ Source Code ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ Apple។

ក្រោយ​ពី​ការ​ចេញ​ផ្សាយ​នេះ​ Apple ក៏​បាន​បញ្ចេញ​សកម្មភាព​លុប​កូដ​ចេញ​ពី​លើ​វិបសាយ​អនឡាញ​​​ភ្លាមៗ។ ចំពោះ​ការ​លេច​ធ្លាយ​នេះ​ដែរ​ Apple បាន​​ធ្វើ​ការ​ឆ្លើយ​តប​ និង​បាន​ណែនាំ​ដល់​អ្នក​ប្រើ​ប្រាស់​ថា ៖

“Source Code ចាស់​​កាល​ពី​បី​ឆ្នាំ​មុន​ ទំនង​ជា​បាន​លេច​ធ្លាយ ប៉ុន្តែ​​​សុវត្ថិភាព​នៃ​​ផលិតផល​របស់​ពួក​យើង​​មិន​​ពឹង​ផ្អែក​លើ​​ព័ត៌មាន​​សម្ងាត់​នៃ​ Source Code នោះ​ទេ។ ​មាន​ស្រទាប់​ការពារ​​ទាំង​​ Hardware និង Software ជា​ច្រើន​ស្រទាប់​​ត្រូវ​បាន​បំពាក់​លើ​ផលិតផល​របស់​យើង ហើយ​យើង​តែង​លើក​ទឹក​ចិត្ត​​ដល់​អតិថិជន​​ឲ្យ​អាប់ដេត​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ទៅ​កាន់​ជំនាន់​ចុង​ក្រោយ​ ដើម្បី​បាន​ផល​ប្រយោជន៍​​ពី​ការ​ការពារ​ថ្មី​បំផុត​​​​”។

គេ​សម្គាល់​ថា​ Source Code ដែល​បែក​ខ្ចាយ​​ម្សិលមិញ​​ប្រហែល​ជា​ Source Code តាំង​ពី​ជំនាន់​ iOS 9 ហេតុ​នេះ​ផល​ប៉ះពាល់​នៃ​ការ​លេច​ធ្លាយ​នេះ​អាច​មិន​មាន​ខ្លួន​នោះ​ទេ ហើយ​ Apple ក៏​បាន​និយាយ​ដែរ​ថា​​ការ​លេច​ធ្លាយ​នេះ​មិន​ប៉ះពាល់​ដល់​​ប្រព័ន្ធ​សុវត្ថិភាព​ iPhone ឡើយ។ យ៉ាងណាក្ដី​ Apple នៅ​តែ​ណែនាំ​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាប់ដេត​​ប្រព័ន្ធ​ប្រតិបត្តិការ​ទៅ​កាន់​ជំនាន់​ចុង​ក្រោយ​ ដើម្បី​ប្រាកដ​ថា​នឹង​មិន​រងគ្រោះ​ពី​ការ​វាយ​ប្រហារ​ណា​មួយ។

តាម​ការ​ចេញ​ផ្សាយ​ចុង​ក្រោយ​បំផុត​របស់​ Apple បង្ហាញ​ថា​​​អ្នក​ប្រើ​ប្រាស់​ឧបករណ៍​ iDevice តិច​ជាង​ ១០% កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ដែល​ចាស់​ជាង​ iOS 10 និង​មាន​ ៦៥% ប្រើ​ iOS 11៕​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង