សិស្ស​វិទ្យាសាស្ត្រ​​វត្ត​ស្វាយ​ យក​​ទ្រឹស្តី​ពី​សៀវភៅ​តេស្ត​ស្តែងៗ​​​ឲ្យ​មើល​តែ​ម្តង​

  • 2018-02-12 03:18:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវ​សិស្ស​ជំនាន់​ទី​ពីរ​ផ្នែក​វិទ្យាសាស្ត្រ​នៅ​វិទ្យាល័យ​ហ៊ុន សែន​វត្ត​ស្វាយ​ខេត្ត​សៀមរាប នឹង​មាន​រៀបចំ​កម្មវិធី​ពិព័រណ៍ Steam Fair ដើម្បី​បង្ហាញ​ពី​ស្នាដៃ​របស់​ក្រុម​សិស្ស​ផ្នែក​វិទ្យាសាស្ត្រ​និង​វិស្វកម្ម។

កាន់​តែ​ប្លែក មាន​ការ​លើក​យក​មេរៀន​ទ្រឹស្ដី​សិក្សា​ក្នុង​សៀវភៅ​ យក​មក​ពិសោធន៍​ស្ដែង​ៗ​ឲ្យ​អ្នក​ទស្សនា​បាន​ឃើញ​ផ្ទាល់​ភ្នែក។

ប៉ិត សិលា ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ហ៊ុនសែន វត្តស្វាយ និង​ជា​ប្រធាន​ក្រុម​រៀបចំ​កម្មវិធី​ឲ្យ​ដឹង​ថា ពិព័រណ៍ Steam Fair រៀបចំ​ដោយ​ក្រុម​សិស្ស​ផ្នែក​វិទ្យាសាស្ត្រ​ជំនាន់​ទី​ពីរ​នៅ​វិទ្យាល័យ​ហ៊ុន សែន វត្ត​ស្វាយ។ កម្មវិធី​នេះ​ធ្វើ​ឡើង​ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ឆ្នាំ២០១៨ ខាង​មុខ​នេះ។

ក្នុង​កម្មវិធី នឹង​មាន​បង្ហាញ​សម្ភារៈ​ធ្វើ​ដោយ​ដៃ ការ​លើក​យក​ទ្រឹស្ដី​មេរៀន​ក្នុង​សៀវភៅ យក​មក​អនុវត្ត​ស្តែង​ៗ​ដូចជា​មេរៀន​ផ្នែក​​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ​​និង​គណិតវិទ្យា។ ក្រៅ​ពី​នេះ ក៏​មាន​ការ​ដាក់​បង្ហាញ​សម្ភារៈ​បែប​ច្នៃ​ប្រឌិត​របស់​ក្រុម​វិទ្យាសាស្ត្រ និង​របស់​សិស្សានុសិស្ស​ដែល​រៀន​ក្នុង​កម្រិត​ពី​ថ្នាក់​ទី ៧ ដល់​ថ្នាក់​ទី ១២។

យុវជន​រូប​នេះ​បន្ត​ថា ក្នុង​កម្មវិធី​នេះ​ក៏​នឹង​មាន​ការ​​លេងល្បែង​កម្សាន្ត ព្រម​ទាំង​ការ​ប្រគំតន្ត្រី​ផង​ដែរ។

ដោយ​បាន​ផ្ញើ​សារ​ឲ្យ Sabay ជួយ​ផ្សព្វផ្សាយ​ផង​នោះ យុវជន​រូប​នេះ​ប្រាប់​ថា ពិព័រណ៍ Steam Fair​ នឹង​មាន​ការ​ចូលរួម​ពី​មន្ទីរ​អប់រំ​ខេត្ត មាតា​បិតា​សិស្ស គ្រូ​គ្រប់​ជាន់​ថ្នាក់​នៃ​វិទ្យាល័យ​ហ៊ុន​សែន វត្ត​ស្វាយ និង​បណ្ដា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត។

ក្រុម​វិទ្យាសាស្ត្រ និង​វិស្វកម្ម នៅ​វិទ្យាល័យ​ ហ៊ុន សែន​វត្ត​ស្វាយ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា "ក្រុម​អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេង"។ ពួកគេ​បាន​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ម្ដង​រួច​ទៅ​ហើយ បន្ទាប់​ពី​បង្ហាញ​សមត្ថភាព​ផលិតផល​ឧបករណ៍​ដូចជា​វិទ្យុ ទូរសព្ទ​ប្រើ​ខ្សែ មីក្រូទស្សន៍ កែវ​យឺត​មើល​តារា អំពូលភ្លើង ឧបករណ៍​បំពង​សំឡេង (Speakers) និង​ឧបករណ៍​ជា​ច្រើន​ទៀត ដោយ​ប្រើ​ធនធាន​ក្រ​ខ្សត់​របស់​ខ្លួន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ

អានអត្ថបទ

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី