គូស្នេហ៍​តារា​សិង្ហបុរី​ទាំង​នេះ​ រៀប​គម្រោង​ហ៊ឹកហ៊ាក់​ណាស់​សម្រាប់​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់

  • 2018-02-13 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ ១៤ កុម្ភៈ​គឺ​ជា​ថ្ងៃ​ដ៏​មាន​អត្ថន័យ​សម្រាប់​មនុស្ស​គ្រប់​រូប​ ដែល​មាន​ឱកាស​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ ក៏​ដូចជា​ការ​ដឹង​គុណ​ចំពោះ​មនុស្ស​សំខាន់។ ដូច​តារា​ប្រុស​ស្រី​សិង្ហបុរី​ខាង​ក្រោម​ ពួកគេ​បាន​រៀប​ចំ​ផែនការ​រួច​ជា​ស្រេច​ ដោយ​ចំណាយ​ពេល​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។

១. តារាសម្ដែង​ Jeremy Chan

ដោយ​សារ​ខួបកំណើត​ប្រពន្ធ​របស់​លោក​ គឺ​តារា​សម្ដែង​ Jesseca Liu ចំ ថ្ងៃ​១៣ ខែ​កុម្ភៈ​ ហើយ​កៀក​ខ្លាំង​នឹង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់។ ដូចនេះ​លោក​គ្រោង​រៀប​ចំ​ពិធី​ពិសេស​ក្នុង​ថ្ងៃ​តែ​១​ ប៉ុន្តែ​លោក​មិន​អាច​បង្ហើប​បាន​ទេ​ ថា​គម្រោង​អ្វី​ដែល​លោក​ត្រៀមសម្រាប់ប្រពន្ធ​​ ព្រោះ​កុំ​ឲ្យ​បែកការ។

២. តារាសម្ដែង​ Pierre Png

កន្លង​ទៅ​ជា​ច្រើន​ឆ្នាំ​ លោក និង​ប្រពន្ធ​តែង​គិត​ថា​រាល់​ថ្ងៃ​ គឺ​ជា​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ ប៉ុន្តែ​ដើម្បី​ធ្វើ​វា​ឲ្យ​កាន់​តែ​ពិសេស​ ឆ្នាំ​នេះពួកគេ​ប្រហែល​ជា​អាច​អញ្ជើញ​គូស្នេហ៍​ផ្សេងទៀត​ ដើម្បី​មក​អបអរ​ថ្ងៃ​ល្អ​នោះ​ជាមួយ​ខ្លួន​ដែរ។ មួយ​វិញ​ទៀត​ សម្រាប់​លោក​ ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​មិន​មែន​តែ​សម្រាប់​គូស្នេហ៍​ទេ មនុស្ស​ម្នាក់ៗ​អាច​ចែក​ក្ដី​ស្រឡាញ់​ទៅ កាន់​អ្នក​ផ្សេង​ទៀត​ ដើម្បី​ជីវិត​កាន់​តែ​ស្រស់​បំព្រង។

៣. តារាសម្ដែង​ Jeffrey Xu

សម្រាប់​តារា​ប្រុស​រូប​នេះ​ បាន​និយាយ​ថា​ ប្រសិន​មាន​ពេល​ លោក​នឹង​រៀប​ចំ​ផ្ទះ​ និង​អាហារ​មួយ​ពេល​យ៉ាង​ពិសេស​សម្រាប់​ Felicia Chin​ នៅ​ផ្ទះ​របស់​នាង។ អាហារ​ដែល​លោក​នឹង​ត្រៀម​ គឺ​ជា​ម្ហូប​ដែល​ Felicia ចូល​ចិត្ត​ គ្រាន់​តែ​ថា​លោក​មិន​ដែល​ចម្អិន​ពីមុន​មក​ ដូចនេះ​ Jeffrey ប្រហែល​ជា​ត្រូវ​ហាត់​ធ្វើ​ឲ្យ​បាន​ច្រើន​ដង​មុន​សិន​ មុន​យក​ជា​ការ។

៤. តារាសម្ដែង​ Kate Pang

Kate នឹង​ធ្វើ​ដំណើរ​ទៅ​កោះ​តៃវ៉ាន់​ ដើម្បី​ទៅ​ផ្នូរ​​យាយ​របស់​នាង​ រីឯ​ Andie ដែល​ជា​ស្វាមី​ និង​កូនៗ​ក៏​ទៅ​ជាមួយ​នាង​ដែរ។

៥. តារាសម្ដែង​ Shaun Chen

លោក​ និង​ភរិយា​បាន​គិត​រួច​ជា​ស្រេច​ថា​ នឹង​ប្រារព្ធ​ថ្ងៃ​ពិសេស​នេះ​ ជាមួយ​គ្រួសារ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ កាន់​តែ​ពិសេស​ គូស្នេហ៍​ទាំង​ ២​ប្រហែល​ជា​ត្រូវ​ទុក​កូន​ឲ្យ​អ្នក​ផ្សេង​មើល​១ពេលសិន ហើយ​ពួកគេ​នឹង​ទៅ​ញ៉ាំ​អាហារ​ក្រោម​ពន្លឺ​ភ្លើង​ទៀន​ដ៏​សែន​រ៉ូមែនទិក តែ២នាក់នៅ​ក្រៅ។

៦. តារាសម្ដែង​ Xiang Yun និង​ Edmund Chen

តារា​ជើង​ចាស់​ទាំង​ ២​បាន​និយាយ​ថា​ ពួកគេមិន​ធ្វើ​អ្វី​ពិសេស​ចំ​ថ្ងៃ​ ១៤​ កុម្ភៈ​ទេ ប៉ុន្តែ​កូនៗ​ទៅវិញ​ទេ​ ដែល​ជា​អ្នក​ធ្វើ​អ្វី​ពិសេស​ឲ្យ​អ្នក​ទាំង​ ២ ដូចជា​ទិញ​កាដូ​ ឬអំណោយ​​ផ្សេង​ៗ​ជា​ដើម។ មួយ​វិញ​ទៀត​ថ្ងៃ​នោះ​ដែរ​ ជាទូទៅ​មិន​សូវ​ជា​ពិសេស​ប៉ុន្មាន​ទេ​សម្រាប់​គូស្នេហ៍​វ័យ​ចំណាស់​ដូច Xiang និង​ Edmund ប៉ុន្តែ​ថ្ងៃ​ខួប​កំណើត​ និង​ខួប​អាពាហ៍ពិពាហ៍​ទៅ​វិញ​ទេ​ ដែល​សំខាន់​សម្រាប់​ពួកគេ៕

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី