Bill Gates មិន​ទុក​កេរ្តិ៍​មរតក​ឲ្យ​កូនៗ​ពេល​ស្លាប់​ទៅ ដោយ​សារ​មូលហេតុ​នេះ

  • 2018-02-22 01:26:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Bill Gates អ្នក​បង្កើត​ក្រុមហ៊ុន​ Microsoft បាន​ក្លាយ​ជា​បុគ្គល​មាន​ជាង​គេ​នៅ​លើ​លោក​យូរ​ឆ្នាំ​មក​ហើយ​ ដោយ​ទើប​បាន​ធ្លាក់​ទៅ​​កាន់​តំណែង​មហាសេដ្ឋី​លេខ​ ២ កាល​ពី​ថ្មីៗ​នេះ​ប៉ុណ្ណោះ។ គិត​ត្រឹម​បច្ចុប្បន្ន​​មហាសេដ្ឋី​រូប​នេះ​មាន​ទ្រព្យ​សម្បត្តិ​សរុប​ ៩១,៧ ពាន់​លាន​ដុល្លារ​ ហើយ​គេ​ដឹង​ថា​លោក​ជា​បុគ្គល​មាន​ចិត្ត​សប្បុរស​បំផុត។

លោក​ Bill Gates និង​ភិរយា​ Melinda Gates មាន​កូនៗ​ចំនួន​ ៣ រូប​រួម​មាន​ Jennifer អាយុ​ ២២ ឆ្នាំ, Phobe អាយុ ១៦ ឆ្នាំ និង​កូន​ប្រុស​ Rory អាយុ​ ១៩ ឆ្នាំ។ ​បុរស​​វ័យ​ ៦២ ឆ្នាំ​រូប​នេះ​​ជា​មហាសេដ្ឋី​មួយ​រូប​​​ស្ថិត​ក្នុង​ចំណោម​មហាសេដ្ឋី​ជា​ច្រើន​ទៀត​ ដែល​ចង់​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​របស់​​ខ្លួន​ទៅ​លើ​អំពើ​សប្បុរសធម៌។ ដូច​នេះ​លោក​ មិន​មែន​ផែនការ​ថា​នឹង​​បន្សល់​ទុក​មរតក​ឲ្យ​កូនៗ​នោះ​ទេ។

នៅ​ក្នុង​បទ​សម្ភាសន៍​​ជា​មួយ​ទូរទស្សន៍​អង់គ្លេស​ នៅ​ឆ្នាំ​ ២០១៦ លោក​ Bill Gates បាន​បក​ស្រាយ​អំពី​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​។ លោក​បាន​និយាយ​ថា​​ ៖ "កូនៗ​របស់​ពួក​យើង នឹង​ទទួល​បាន​ការ​សិក្សា​ល្អ និង​លុយ​មួយ​ចំនួន​ ដូច​នេះ​ពួក​គេ​នឹង​មិន​ក្រ​នោះ​ទេ ប៉ុន្តែ​ពួក​គេ​​ត្រូវ​តែ​​ចេញ​រក​ស៊ី​​ចាប់​ផ្ដើម​មុខ​របរ​ដោយ​ខ្លួន​ឯង”។

លោក​បន្ថែម​ថា ៖ "វា​ជា​រឿង​មិន​ល្អ​​ទេ​ដែល​ក្មេងៗ​​អាច​បាន​លុយ​កាក់​ច្រើន​ដោយ​មិន​ធ្វើ​អ្វី​នោះ។ វា​រាំង​ស្ទះ​ដល់​​សមត្ថភាព​របស់​ពួក​គេ ក្នុង​ការ​បង្កើត​ផ្លូវ​ដើរ​ដោយ​ខ្លួន​ឯង។មហាសេដ្ឋី​រូប​នេះ​​ក៏​បាន​និយាយ​ដែរ​ថា​ កូនៗ​របស់​គាត់​ទាំង​បី​សុទ្ធ​តែ​យល់​ពី​ការ​សម្រេច​ចិត្ត​របស់​ឪពុក​ និង​មាន​មោទនភាព​ដែល​ឪពុក​យក​​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ទៅ​ជួយ​ដល់​ពិភពលោក។

ចន្លោះ​ឆ្នាំ​ ១៩៩៤ ដល់​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៧ មហាសេដ្ឋី​ Bill Gates រួម​នឹង​ភរិយា​បាន​ចំណាយ​ទឹក​ប្រាក់​ ៣៥ ពាន់​លាន​ដុល្លារ​ទៅ​លើ​អំពើ​សប្បុរសធម៌ ដែល​ជួយ​ដល់​​ផ្នែក​​សិក្សា​ និង​សុខភាព​​ក្នុង​ប្រទេស​ក្រីក្រ៕​​​​​​​​​​​​​​​​​

ប្រភព៖ Dailymail | VNReview   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី