មិនចង់មានបញ្ហា គួរឲ្យកុមារ​ចំណាយ​ពេល​ប៉ុន្មាន​ម៉ោង​មុខ​កញ្ចក់​ទូរទស្សន៍ ឬទូរស័ព្ទ?

  • 2018-03-04 10:10:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​ណែនាំ​​ដែល​បាន​ចេញ​​ផ្សាយ​ដោយ​សមាគម​វិជ្ជាជីវៈ​កុមារ American Academy of Pediatrics (AAP) របស់​សហរដ្ឋ​អាមេរិក​បាន​ដឹង​ថា​ក្មេង​ៗ​ដែល​មាន​អាយុ​ពី ២ឆ្នាំ ​ទៅ ៥ ឆ្នាំ មិន​គួរ​ចំណាយ​ពេល​លើស​ពី​១​ម៉ោង​ក្នុង​១​ថ្ងៃ​មើល​ទូរទស្សន៍ Smartphone ឬ ឧបករណ៍​អេឡិចត្រូនិច​ផ្សេង​ឡើយ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន Time ដ៏​មាន​ប្រជាប្រិយភាព។

ចំពោះ​ក្មេង​ចាប់​ពី​អាយុ​៦​ឆ្នាំ​ឡើង​ទៅ ឪពុកម្តាយ​ត្រូវ​ប្រាកដ​ថា​ពេលវេលា​ដែល​កុមារ​នៅ​ជាមួយ​​ទូរស័ព្ទ​ស្មាតហ្វូន ហើយ​និង មាតិកា​ដែល​កុមារ​មើល​ វា​នឹង​មិន​ប៉ះពាល់​ដល់​ម៉ោង​គេង ហើយ​និង សតិ​អារម្មណ៍​កុមារ។ ប្រភព​ខាង​លើ​បាន​បន្ត​ថា វ័យ​ដែល​ល្អ​បំផុត​សម្រាប់​កុមារ​គួរ​ប្រើ Smartphone គឺ​ចាប់​ពី​អាយុ​១៣​ឆ្នាំ​ឡើង​ទៅ។

​ប្រាកដ​ណាស់​ឪពុកម្តាយ​ជា​ច្រើន​ពឹង​ផ្អែក​លើ​ទូរស័ព្ទ ឬ ឧបករណ៍​ឌីជីថល​ ដើម្បី​រក្សា​កូន​របស់​ពួកគេ​ឲ្យ​នៅ​មួយ​កន្លែង នៅ​ពេល​ពួកគេ​គ្មាន​ពេល​វេលាគ្រប់គ្រាន់​ឲ្យ​កូន។ ប៉ុន្តែ M.C Mott ជា​អ្នក​ជំនាញ​មក​ពី​សាកល​វិទ្យាល័យ Michigan បាន​និយាយ​ថា​យក​ Smartphone ឬ ឧបករណ៍​ឌីជីថល​ដើម្បី​លួង​កូន​បាន​ផ្ដល់​នូវ​ហានិភ័យ​២​យ៉ាង៖ ទី១ គឺ​ការ​បណ្ដុះ​ឥរិយាបថ​អវិជ្ជមាន​ដល់​កុមារ ពួកគេ​គិត​ថា​នឹង​ធ្វើ​អីចឹង​ទៀត​ដើម្បី​បាន​ទូរស័ព្ទ។ ទី២ នាំ​ឲ្យ​កុមារ​យល់​ថា​រាល់​បញ្ហា​របស់​គេ មនុស្ស​ធំ​ជុំវិញ​ខ្លួន​អាច​ជួយ​ដោះស្រាយ​​ជំនួស​ពួកគេ​បាន។

ការ​ស្រាវជ្រាវ​របស់​វេជ្ជបណ្ឌិត Radesky នៃ​សមាគម AAP ខាង​លើ​បាន​បង្ហាញ​ថា​ការ​ញៀន​នឹង​ទូរស័ព្ទ​ស្មាតហ្វូន​ ឬ ឧបករណ៍ឌីជីថល​របស់​កុមារ​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​កម្រិត​ស្រ្តេស (stress) ខ្ពស់​ ហើយ កម្រិត​ទំនាក់ទំនង ជាមួយ​ឪពុកម្តាយ​កាន់​តែ​ទាប​។

​ប្រភព​ខាងលើ​បាន​បន្ថែម​ថា កំណត់​ម៉ោង​ឲ្យ​កុមារ​ប្រើប្រាស់ Smartphone ឬ ឧបករណ៍​ឌីជីថល​ នោះ​នឹង​ធ្វើ​ឲ្យ​កុមារ​មាន​ពេលវេលា​មក​ផ្តោត​​ពី​​ពិភព​ពិត​របស់​សង្គម​ច្រើន​ជាង ព្រោះ​កុមារ​គឺ​ជា​វ័យ​កំពុង​លូតលាស់​ខួរក្បាល ត្រូវ​ការ​ពេល​លេង ពេល​គេង ពេល​វេលា​រៀនសូត្រ​ពី​របៀប​គ្របគ្រង​អារម្មណ៍ និង ការ​កសាង​ទំនាក់ទំនង។ ផ្ទុយ​ទៅ​វិញ ឧបករណ៍​អេឡិចត្រូនិច​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​របប​គេង ហើយ​និង​ សុខភាព​រាងកាយ​កុមារ​ធ្លាក់​ចុះ។

បើ​កុមារ​ដាច់​ខាត​ត្រូវ​ការ Smartphone ឲ្យ​ខាង​តែ​បាន អ្នក​ស្រាវជ្រាវ​ខាង​លើ​បង្ហាញ​ថា Sesame Street គឺ​ជា​វេបសាយ​​អប់រំ​ដ៏​ល្អ​មួយ សម្រាប់​ក្មេង​ចាប់​ពី​អាយុ​៣​ឆ្នាំ​ឡើង​ទៅ វា​មាន​ទាំង​វីដេអូ និង ហ្គេម​កំសាន្ត។ ជាង​នេះ​ទៅ​ទៀត ប្រភព​ខាងលើ​បាន​ណែនាំ​ឲ្យ​ឪពុកម្តាយ​ ស្វែង​យល់​បន្ថែម​ពី​ការ​អប់រំ ថែទាំ​កុមារ​ប្រកប​ដោយ​ប្រសិទ្ធិភាព​តាម​រយៈ​វេបសាយ  HealthyChildren.org

ប្រភព៖ Time   ប្រែ​សម្រួល៖ សុខ លាងហ៊ត