បើ​មិន​ចង់​ឲ្យ​កូន​ៗខ្សោយទំនាក់ទំនង ឬមិនងាយ​ចេះនិយាយ​ ត្រូវ​បញ្ឈប់់រឿងនេះជា​បន្ទាន់​

  • 2018-03-14 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ធ្វើការ​លើ​កុមារ​តូច​ និង​អ្នកជំនាញ​បរទេស​មួយ​ចំនួន​លើក​ឡើង​ថា​កុមារតូច​ដែល​ប្រើប្រាស់​ទូរស័ព្ទ​Smartphone ឬ Tablet ជាប្រ​ចាំ​នោះ​អាចប្រ​ឈម​បញ្ហា​ខ្សោយ​ទំនាក់ទំនង ពោល​គឺចូលចិត្ត​នៅ​តែ​ឯង​និង​មិន​ងាយ​ចេះនិយាយ​ជា​ដើម​។

(អ្នកជំនាញ​ថា​អាយុ​ដែល​សម​រម្យ​សម្រាប់​កុមារ​ក្នុងការ​ប្រើ​Smartphone គឺអាយុ១២ឬ១៤​ឆ្នាំ)

អ្នកស្រី ទ្រី ​សម្ផស្ស ជា​អ្នក​ផលិត​សៀវភៅ​សម្រាប់​កុមារ​តូចលើកឡើងថា​ការ​សិក្សា​​រកឃើញ​ថា​កុមារ​ដែល​ចាប់​ផ្តើម​លេង​ទូរស័ព្ទ Smartphone ឬ Tablet ​តាំងពី​អាយុ​សូន្យ​ឆ្នាំ​ ​កុមារទាំងនោះនឹងមិន​សូវ​​រវៀស​រវ៉ៃ ដូច​​ក្មេង​ដែល​ចូលចិត្ត​លេង​ជាមួយឪពុកម្តាយ ឬ​សម្ភារៈ​កុមារ​នោះ​ទេ​។

អ្នកស្រី​លើកឡើងថាៈ «ក្មេង​ដែល​លេង​គ្រឿងអេឡិចត្រូចនិច​ហ្នឹង​ គាត់​ចង់តែនៅម្នាក់​ឯង ចង់​តែ​នៅ​ជា​មួយ​គ្រឿងអេឡិចត្រូនិច​ហ្នឹង​ទេ...​មិន​សូវ​រវៀស អត់ Active វានៅតែមួយ​កន្លែង ដូច​យើង​ឃើញ ហើ​យ​ពេល​ឪពុក​ម្តាយ​ខ្លះចង់​ឲ្យ​កូន​នៅ​ស្ងៀម​ គាត់​ហុយ​តែ​Ipad ឬទូរស័ព្ទ​មួយទៅ​កូន​...ក្រ​ចេះនិយាយ​»។

អ្នកស្រី​លើក​ទឹក​ចិត្ត​ឲ្យ​ឪពុក​ម្តាយ​ទម្លាប់​លេង​ជាមួយ​កូន និង​បង្ហាត់​កូន​ឲ្យ​មើល​សៀវភៅ​មាន​រូប​ផ្សេង​សម​នឹង​កុមារ បើទោះ​បី​ជាកូន​នៅ​តូច​មិន​ទាន់​ចេះ​និយាយ​ក៏ដោយ​។

(អ្នកស្រី ទ្រី សម្ផស្ស បង្ហាញពី​សម្ផារៈ​ដែល​ឪពុក​ម្តាយ​គួរ​ឲ្យកូនតូច​របស់​ខ្លួន​លេង ជាជាង​Smartphone ឬ​Tablet)

អ្នកស្រី​បន្ថែមថាៈ «យក​សៀវភៅ​ឲ្យ​កូន​លេង ដើម្បី​បង្កើន​ចំណេះដឹង ភាព​ស្និទ្ធ​ស្នាលជាមួយឪពុក​ម្តាយនិងកូន អ៊ីចឹងវាចំណេញ​ច្រើនថ្វីត្បិត​តែ​ថាគាត់ត្រូវចំណាយ​ពេល​វេលាខ្លះ តែ​វា​ប្រ​សើរជាង​គាត់​ចំណាយ​ពេល​វេលា​នៅ​ពេលដែល​គាត់(កូន)ធំហើយ​ក្រ​និយាយក្រអី​ដោយសារ​តែ​ជំងឺហ្នឹង គឺ​ពិបាកណាស់ ចំណាយ​ពេលទៅព្យាបាលអាហ្នឹង​វិញ​អស់ច្រើន​ជាង​គាត់ចំណាយ​ពេល​លេងជាមួយ​កូន​កាល​នៅ​ពីតូច»។

ចំណេះដឹងទាំងនេះ​អ្នកស្រីថា អ្នកស្រីបាន​​ទទួលពីការ​បណ្តុះ​បណ្តាល​នៅតាម​អង្គការ​មួយចំនួន​ដែល​ធ្វើ​ការ​លើ​វិស័យ​អប់រំ​កុមារ​តូច​នៅ​កម្ពុជា​។

ប្រហាក់​ប្រហែល​នឹងការ​លើក​ឡើង​របស់​អ្នកស្រី ទ្រី សម្ផស្ស នេះ ​អ្នកជំនាញបរទេស​​ខាង​ចិត្តសាស្រ្ត​ក៏​ព្រមាន​ដែរថា​កុមារ​ដែលប្រើ​Smartphone ឬ Tablet ​តាំងពី​នៅ​តូចនេះ​ធ្វើឲ្យកុមារពិបាក​បង្កើត​ទំនាក់​ទំនងជាមួយ​អ្នក​ដទៃ​ជា​ង​កុមារ​ធម្មតា​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Telegram របស់​ចក្រ​ភព អង់គ្លេស​កាលពី​ឆ្នាំ​២០១៥។

ចំណែក​​កាសែត The Guardian កាលពី​ឆ្នាំ​២០១៥ ក៏បាន​ដកស្រង់​របាយការណ៍​មួយ​មក​ផ្សាយ​ដែរថា​ការ​ប្រើ​Smartphone ឬ Tablet ដើម្បី​ធ្វើឲ្យ​កូន​នៅ​ស្ងៀម​អាចបង្អាក់​សមត្ថភាព​កូន​តូច​ក្នុង​ការ​រៀន​ដោយ​​​ខ្លួន​ឯង។ ក្រៅពី​នេះ​ អ្នកជំនាញ​ក៏ព្រមានដែរថា​ការណ៍ធ្វើ​ដូចនេះ​ក៏ធ្វើ​​ឲ្យកុមារ​តូច​ខ្សោយ​ផ្នែក​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ។ នេះ​បើតាម​ការ​ផ្សាយ​ដដែល។

ស​ម្រាប់​​អាយុ​កុមារ​ដែល​គួរប្រើ Smartphone ឬ Tablet អ្នកជំនាញ​ខ្លះថា​គួរឲ្យ​ប្រើ​​នៅអាយុ​១២​ឆ្នាំ និង​ខ្លះ​ថា​នៅ​១៤​ឆ្នាំ បន្ទាប់ពី​កុមារទាំងនោះ​ចេះ​មាន​ទំនាក់ទំនង​ល្អជាមួយ​អ្នកនៅជុំវិញ​ខ្លួន​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់កាសែត​ The New York Times កាលពី​ឆ្នាំ​២០១៦​៕

អត្ថបទ៖ ទូច សុខា