Smart ប្រកាសឲ្យលុយ ៤ពាន់ដុល្លារ រកនិស្សិតមានគំនិតបង្កើតកម្មវិធីថ្មីៗ
- 2018-03-14 08:47:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Smart ប្រកាសឲ្យលុយ ៤ពាន់ដុល្លារ រកនិស្សិតមានគំនិតបង្កើតកម្មវិធីថ្មីៗ
ចន្លោះមិនឃើញ
Smart Axiata កំពុងតែប្រកាសស្វែងរកបេក្ខភាពថ្មីៗ សម្រាប់រដូវកាលទី២ នៃកម្មវិធី SmartStart: Young Innovator Program ដោយសារភាពជោគជ័យកាលពីឆ្នាំមុន ដែលនិស្សិត ១២០នាក់ មកពី ៣០ក្រុម បានបង្កើតគំនិតបច្ចេកវិទ្យាថ្មី ជាមួយការគាំទ្រពីអ្នកជំនាញ និងប្រាក់ឧបត្ថម្ភ។
លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិ Smart Axiata បាននិយាយថា៖ “ឆ្នាំដំបូងរបស់យើង យើងបានឃើញគំនិតអស្ចារ្យជាច្រើន ដែលចេញពីនិស្សិតមកពីសាកលវិទ្យាល័យ ៨ ហើយឆ្នាំនេះ យើងកំពុងបើកឱកាសទៅកាន់សកលវិទ្យាល័យទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដាក់ពាក្យទាំងអស់គ្នា"។
SmartStartជាកម្មវិធីផ្ដល់ប្រាក់ ៤ ០០០ដុល្លារ និងវគ្គបណ្ដុះបណ្ដាល ៦ខែ ជាមួយអ្នកប្រឹក្សាជំនាញនៅ Impact Hub ដល់និស្សិតសាកលវិទ្យាល័យនានាដែលមានគំនិតឆ្នៃប្រឌិត ឲ្យក្លាយជាផលិតផលឌីជីថលពិតប្រាកដ ហើយក្រុមឈ្នះនឹងបានដំណើរទស្សនកិច្ចទៅសិង្ហបុរី ដើម្បីជួបជាមួយក្រុមហ៊ុន Google, Microsof, Facebook។
នាយកប្រតិបត្តិខាងលើ បានបន្ថែមថា៖ “ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា Impact Hub ដៃគូអភិវឌ្ឍន៍របស់យើង ក៏ដូចជាអ្នកបង្ហាត់បង្ហាញនៅ Smart ខ្ញុំមានជំនឿចិត្តថា ការប្រកួតប្រជែង SmartStart រដូវកាលទី២ នឹងបង្កើនស្តង់ដារនូវអ្វី ដែលសហគ្រិនបច្ចេកវិទ្យានាពេលអនាគតអាចសម្រេចបាន"។
លោក សុវណ្ណ លីហួរ មកពីក្រុម GoSoccer ដែលឈ្នះកាលពីឆ្នាំមុន ដោយបង្កើតកម្មវិធីសម្រាប់កក់ និងគ្រប់គ្រងតារាងបាល់ទាត់នៅភ្នំពេញ បានពន្យល់ថា៖ “ដោយមានការគាំទ្រពីកម្មវិធី SmartStart និងប្រាក់ឧបត្ថម្ភ ៤ ០០០ដុល្លារ ក្រុមរបស់យើងដែលមានសមាជិកចំនួន ៥នាក់ អាចយល់ដឹងពីចក្ខុវិស័យរបស់យើងកាន់តែច្បាស់ ហើយអាចបង្កើតអ្វីដែលយើងគិតថា នឹងអាចធ្វើឲ្យជីវិតរបស់មនុស្សយើងងាយស្រួលជាងមុន"។
សម្រាប់អ្នកចង់ស្វែងយល់បន្ថែមពី SmartStart អាចសាកសួរបានក្នុងសប្ដាហ៍នេះ នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហើយសម្រាប់អ្នកចង់ចុះឈ្មោះ ចូលតាមវិបសាយ www.smartstart.com.kh ៕