​ចេះតែមានហើយ! ជនឆ្លៀតឱកាសបន្លំជួយសង្រ្គោះ ពេលភ្លើងឆេះច្បារអំពៅព្រឹកមិញ

  • 2018-03-16 04:10:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ពី អាជីវករ​ផ្សារ ច្បារអំពៅ​ប្រាប់ Sabay ឲ្យដឹង​ថា សមត្ថកិច្ច​ផ្សារច្បារអំពៅ​បានចាប់​ជនឆ្លៀតឱកាស​ដែលធ្វើសកម្មភាព​លួច​បន្លំយកអីវ៉ាន់​របស់​ពួកគេ​ក្រោម​រូបភាព​ជួយសង្រ្គោះ​ពេល​មាន​អាសន្ន​។

​លោក ទី​ អាជីវករលក់​គ្រឿងក្រអូប​បាន​និយាយថា តាំងពី​ភ្លើងឆេះ​យប់មិញមក​លោកបាន​បាត់​ផលិតផល​ទ្បេ​ម៉ាក​វាសាលីន​គិតជាប្រាក់​ប្រមាណ1000$។ ​<<យំ​មិន​ចេញ!ស្ដាយ​ចង់​បោកខ្លួន​ ខ្ញុំស្មាន​តែគ្នាឯង...ភ័យ​ផង ឆេះផង​ ចេះ​តែ​ហុច​អីវ៉ាន់ចេញ​ៗ​ដឹង អី​ចោរសោះ...អស់រលីង ហើយ​>> លោក ទី​ ​ប្រាប់។

លោក​ សុខ​ ប៉ូទ្បូ ​អ្នកលក់​ចាប់ហួយ​៥តូប​ជាប់ៗដែល​ត្រូវ​ភ្លើងឆេះខ្ទេច បាន​ឲ្យដឹង​​ថា៖<<អស់ហើយក្មួយអើយ! ​ឯ​អីវ៉ាន់​ដែល​យក​បានខ្លះ​មិនដឹង​ទៅ​ណា​ទៅ​ណីទេ​ព្រោះ​ស្លន់ពេក! ដូចយកចេញ​ឲ្យចោរលួច​បន្ត>>។

ចំណែក​អ្នកស្រី ​សុខហ៊ាង ​អាជីវករ​លក់​គ្រឿង​ជ័រ ស្នោ​បាន​ប្រាប់ថា អ្នកស្រី​មិនបាន​បាត់​អីវ៉ែអីវ៉ាន់​ច្រើនទេ​ដោយសារ​នាំ គ្នីគ្នា​កូនចៅ​មកច្រើន​ជួយ​ជញ្ជូនផង​ និង​មើល​អីវ៉ាន់ផង។​ ​

ដោយឡែក​ម្ចាស់​តូបលក់​ខោអាវ​សុំមិន​បញ្ចេញឈ្មោះ​និយាយថា៖<<ខ្ញុំបាន​មកដល់តូប​តាំងពីយប់​គឺពេល​ភ្លើង​នៅ​ឆេះ​តិចៗ​ឃើញមាន​អ្នក​ទម្លុះទម្លាយ​ទ្វារ​តូបគាត់​ជញ្ជូនអីវ៉ាន់​ចេញ​យ៉ាងលឿន​ដោយ​បក្សពួក​គេ​ស្រែក​ថា​ជួយ​គ្នា​ពួក​យើង​មួយ​ដៃ​មួយ​ជើង​ម្នាក់>>។

ប្រភព​ពីសមត្ថកិច្ច​ឈរជើង​នៅកន្លែង​មាន​ភ្លើងឆេះ​ផ្សារច្បារអំពៅ​បាន ប្រាប់​ក្រុមការងារ​ព័ត៌មាន​Sabay ថា សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​តាម​ពាក្យបណ្ដឹង​របស់​ក្រុមអាជីវករ​ដែល​មាន​បញ្ហា​បាត់ អីវ៉ាន់។

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម